អន្តរជាតិ
ក្រោយ​អឺរ៉ុប​ព្រម​គាំទ្រ​គម្រោង Brexit លោកស្រី ម៉េ​យ៍ ត្រូវ​ប្រឹង​បញ្ចុះបញ្ចូល​សភា​អង់គ្លេស​ម្តង​
26, Nov 2018 , 4:27 pm        
រូបភាព
​មេដឹកនាំ​អឺរ៉ុប នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា បាន​យល់ព្រម​លើ​សំណើរ​កិច្ចព្រមព្រៀង​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ហើយ​។ កិច្ចព្រមព្រៀង​នេះ​កំណត់​ពី​លក្ខខណ្ឌ​នានា​សម្រាប់​ការដកខ្លួន​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ។ អឺរ៉ុប​ចាត់ទុក​ការចាកចេញ​នេះ ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​បន្ទាប់ពី​ការរួមរស់​ជាមួយគ្នា​៤៦​ឆ្នាំ​។ យ៉ាងណាមិញ កិច្ចព្រមព្រៀង​នេះ​ត្រូវ​ឆ្លងកាត់​ការបោះឆ្នោត​ក្នុង​សភា​អង់គ្លេស​សិន​ទើប​អាច​ចូល​ជាធរ​មានបាន ប៉ុន្តែ​សមាជិកសភា​ជាច្រើន​មិន​ពេញចិត្ត​ឡើយ ដ្បិតថា​អង់គ្លេស​មិនអាច​លែងលះ​ដាច់ស្រេច​ជាមួយ​អឺរ៉ុប​ឡើយ​ក្រោម​កិច្ចព្រមព្រៀង​នេះ​។​

 
​ក្រោយ​ការចរចា​គ្នា​អស់ ២០​ខែ មេដឹកនាំ​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៧​ប្រទេស បាន​ឯកភាព​លើ​កិច្ចព្រមព្រៀង​លែងលះ​ជាមួយ​ចក្រភព​អង់គ្លេស និង​កំណត់​ទំនាក់ទំនង​នៅពេល​អនាគត​ហើយ​។ មេដឹកនាំ​អឺរ៉ុប​ចាត់ទុក​កិច្ចព្រមព្រៀង​ដែលជា កិច្ចព្រមព្រៀង​ល្អ​បំផុត​តែមួយគត់​។ ប៉ុន្តែ​នៅ​ក្រុង​ឡុង​ដ៏​វិញ សំឡេង​ប្រឆាំងនឹង​កិច្ចព្រមព្រៀង​នេះ​បាន​កើនឡើង​ខ្លាំង មិន​ថា​អ្នកនយោបាយ​បក្ស​កាន់អំណាច ឬ​បក្សប្រឆាំង​ឡើយ គឺ​មិនសូវ​ពេញចិត្ត​កិច្ចព្រមព្រៀង​ដែល​នាំ​ឲ្យ​អង់គ្លេស​បន្ត​មាន​ទំនាក់ទំនង​មិន​ដាច់​ស្រលះ​ជាមួយ​អឺរ៉ុប​។​
 
​ខឹ្ល​ម​សារសំខាន់ៗ​ដែល​បាន​ព្រមព្រៀង​
 
​សហភាព​អឺរ៉ុប​បានសម្រេច​ជា​ឯកច្ឆន្ទ​លើ​កិច្ចព្រមព្រៀង​លែងលះ​ជាមួយ​អង់គ្លេស​ក្នុង​កិច្ចប្រជុំ​ខ្លី​មួយ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​។ មេដឹកនាំ​អឺរ៉ុប​មួយចំនួន​ប្រទេស​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ ហើយ​ភាគច្រើន​បង្ហាញ​ពី​ការសោកស្ដាយ និង​បំណង​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អង់គ្លេស​ក្រោយ​ការ​លែងលះគ្នា​នេះ​។ ករណី «​ប្រសិនបើ​» មិនត្រូវ​បាន​គេ​ឮ​ឡើយ​ក្នុងជំនួប​មេដឹកនាំ​អឺរ៉ុប​ទាំង​២៧ លើក​នេះ​។  
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប​ជាមួយ​មេដឹកនាំ​អឺរ៉ុប នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ ដែល​ប្រឹង​ជម្នះ​ការលំបាក​ទាំងឡាយ​ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង​នេះ និយាយថា កិច្ចព្រមព្រៀង​ដែល​អឺរ៉ុប​ទើប​យល់ព្រម​នេះ ជា​កិច្ចព្រមព្រៀង​ល្អ​មួយ​ដែល​នាំ​អនាគត​ភ្លឺស្វាង​ឲ្យ​អង់គ្លេស​។ គ្មាន​ទៀតឡើយ​សេរីភាព​ដើរហើរ​រវាង​អង់គ្លេស និង​អឺរ៉ុប​។ ក្រោយ​លែងលះ អង់គ្លេស​នឹង​អនុវត្ត​ច្បាប់​ក្នុងស្រុក​របស់ខ្លួន​ឡើងវិញ​ដែរ​។​
 
​កិច្ចព្រមព្រៀង​នេះ ក៏​ក្ដោប​លើ​វិស័យ​ផ្សេងទៀត​ដែល​អង់គ្លេស​មាន​សិទ្ធិ​គ្រប់គ្រង​ឡើងវិញ​ដូចជា​បញ្ហា​ហិរញ្ញវត្ថុ សិទ្ធិ​របស់​ប្រជាជន​អង់គ្លេស​នៅ​អឺរ៉ុប និង​ប្រជាជន​អឺរ៉ុប​រស់នៅ​អង់គ្លេស ការយល់ព្រម​លើ​ការបើកចំហ​ព្រំដែន​អង់គ្លេស និង​អៀរ​ឡង់ ក៏ដូចជា​ការកំណត់​ពេល​២១​ខែ​សម្រាប់​រយៈពេល​អន្តរកាល​ក្រោយ​អង់គ្លេស​ដកខ្លួន​។ លើសពីនោះ កិច្ចព្រមព្រៀង​នេះ​ក៏​បន្ត​ឲ្យ​ដែន​កោះ Gibraltar ស្ថិតក្នុង​ចក្រភព​អង់គ្លេស​ដដែល ទោះជា​អេ​ស្ប៉ា​ញ​មិន​ពេញចិត្ត​ក្ដី​។​
 
​ជំហាន​បន្ទាប់ បាល់​ដល់​ជើង​សភា​អង់គ្លេស​
 
​ក្រោយ​ទទួលបាន​ការយល់ព្រម​ពី​មេដឹកនាំ​អឺរ៉ុប លោកស្រី ម៉េ​យ៍ ត្រូវ​ស្ពាយ​កិច្ចព្រមព្រៀង​នេះ​ដើម្បី​បញ្ចុះបញ្ចូល​សមាជិកសភា​អង់គ្លេស​វិញ​ម្ដង​។ នេះ​ជាការ​ងារ​លំបាក​សម្រាប់​នាយករដ្ឋមន្ត្រី​រូបនេះ ព្រោះ​សមាជិកសភា​គ្រប់​បក្ស​បានប្រកាស​រួចហើយ​ថា ពួកគេ​ប្រឆាំង​កិច្ចព្រមព្រៀង​នេះ​។ បើតាម​សារព័ត៌មាន BBC សភា​អង់គ្លេស​នឹង​បោះឆ្នោត​លើ​កិច្ចព្រមព្រៀង​នេះ​នៅ​ថ្ងៃទី​១២ ខែធ្នូ ខាងមុខ ខណៈ​បក្ស​ពលករ បក្ស​ប្រជាធិបតេយ្យ​សេរី បក្ស​ជាតិ​ស្កុ​តឡែ​ន បក្ស​សហភាព​ប្រជាធិបតេយ្យ និង​សមាជិក​ខ្លះ​នៃ​បក្ស​អភិរក្ស​របស់លោក​ស្រី ម៉េ​យ៍ នឹង​បោះឆ្នោត​ប្រឆាំង​។​
 
​យ៉ាងណាមិញ បើតាម​ការ​ស្រង់​សុន្ទរកថា​របស់លោក​ស្រី ម៉េ​យ៍ ដែល​ត្រូវ​ថ្លែង​ក្នុង​សភា​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា (​ម៉ោង​ក្រុង​ឡុង​ដ៏​) លោកស្រី​នឹង​ប្រាប់​ឲ្យ​សមាជិកសភា​គាំទ្រ​កិច្ចព្រមព្រៀង​នេះ ធ្វើតាម​លទ្ធផល​ប្រជាមតិ​ឆ្នាំ​២០១៦ និង​បន្ត​ទៅមុខ​ដើម្បី​អនាគត​ល្អប្រសើរ​របស់​អង់គ្លេស​។ នាយករដ្ឋមន្ត្រី​ក៏​ព្រមាន​ទុក​ដែរ​ថា បើ​សភា​ជំទាស់​កិច្ចព្រមព្រៀង​នេះ ស្ថាន​ភាពមិនច្បាស់លាស់​នឹង​កើតឡើង ហើយ​គ្រោះថ្នាក់​នឹង​កើត​តាម​នឹង​ដែរ​។​
 
​ក្នុងករណី​កិច្ចព្រមព្រៀង​ឆ្លង​មិន​ផុត​សភា​អង់គ្លេស សេណារីយោ​ខ្លះ​អាច​កើតមាន​ដូចជា​ការវិល​ត្រឡប់​ទៅរក​ការចរចា​ម្ដងទៀត​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​ថ្មី​ផ្សេង​។ ប៉ុន្តែ​អឺរ៉ុប​បាន​និយាយ​មុន​ហើយ​ថា ខ្លួន​មិន​ចូល​តុ​ចរចា​ម្ដង​ទៀតឡើយ​។ កាន់តែ​ធ្ងន់ធ្ងរ លោកស្រី ម៉េ​យ៍ អាច​អស់តំណែង​នាយករដ្ឋមន្ត្រី ហើយ​ការបោះឆ្នោត​មួយ​អាច​កើតឡើង​នៅ​អង់គ្លេស រួច​ទុក​ឲ្យ​រដ្ឋាភិបាល​ថ្មី​ជា​ចាត់ចែង​កិច្ចការ​លែងលះ​បន្តទៀត​។ ចំណុច​បន្ទាប់ គេ​អាច​នឹង​ឃើញ​ប្រជាមតិ​លើក​ទី​ពីរ​ដើម្បី​ស្តាប់​យោបល់​ប្រជាជន​អង់គ្លេស​ជាថ្មី​ជុំវិញ​ជោគវាសនា​របស់​អង់គ្លេស​។ សេណារីយោ​ចុងក្រោយ​នោះ​គឺ អង់គ្លេស​អាច​ដើរ​ចេញពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​សោះ​ក៏​ថា​បាន​។ វា​ជា​ចំណុច​ចម្រូងចម្រាស​និង​ស្មុគស្មាញ​បំផុត​ដែរ​៕
 

Tag:
 Brexit
  សហភាព​អឺរ៉ុប​
  អង់គ្លេស​
 ​ថេ​រ៉េ​សា ម៉េ​យ៍
© រក្សាសិទ្ធិដោយ thmeythmey.com