រថយន្ត
អន្តរជាតិ
២​សប្តាហ៍​ប៉ុណ្ណោះ ក្រុង​តូច​មួយ​នៅ​អ៊ីតាលី ថត​បាន​រថយន្ត​ល្មើស​ល្បឿន​ជាង​៥៨០០០​គ្រឿង​
26, Nov 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
​អាជ្ញាធរ​ក្រុង Acquetico ភាគ​ខាងជើង​អ៊ីតាលី ដែល​នៅជាប់​ព្រំដែន​បារាំង បាន​បង្កប់​កា​ម៉េ​រា​ចាប់​ល្បឿន​យានយន្ត ហើយ​ត្រឹមតែ​រយៈពេល​២​សប្តាហ៍​ប៉ុណ្ណោះ កា​ម៉េ​រា​ថត​បាន​រថយន្ត​ចំនួន​៥៨ ០០០​គ្រឿង​ដែល​បាន​បើក​ហួស​ល្បឿន​កំណត់ ពោលគឺ​លើសពី​៥០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។

 
​លោក Alessandro Alessandri អភិបាលក្រុង Acquetico បាន​បញ្ជាក់ថា មន្ត្រី​របស់លោក​ទទួល​បាន​បណ្តឹង​ជាច្រើន​ទាក់ទង​នឹង​ការបើក​លើស​ល្បឿន​។ ក្រោយ​ការបំពាក់​កា​ម៉េ​រា តាម​ដងផ្លូវ អាជ្ញាធរ​រកឃើញ​រថ​យន្ត ៥៨ ៥៦៨​គ្រឿង បាន​បើកបរ​លើស​ល្បឿន​កំណត់ ចន្លោះ​ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​២៧ ខែកញ្ញា​។​
 
​អ្នកបើកបរ​បង្អង់​មក​ល្បឿន​៥០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​តែ​ប៉ុន្មាន​នាទី​ក្នុង​ទីប្រជុំ​ប៉ុណ្ណោះ បន្ទាប់មក ពួកគេ​បាន​បង្កើនល្បឿន ដោយ​អ្នកខ្លះ​បើក​រហូតដល់​ទៅ​១៣៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ លោក​អភិបាលក្រុង​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន Corriere Della Sera ថា ករណី​ល្មើស​ល្បឿន​ភាគច្រើន កើតឡើង​នៅ​កណ្តាលថ្ងៃត្រង់​។​
 
​លោក Alessandri មានការ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុវត្ថិភាព​ថ្មើរជើង ដោយ​លោក​បាន​អះអាងថា អាជ្ញាធរ​នឹង​បន្ថែ​មកា​ម៉េ​រា​ចាប់​ល្បឿន​នៅតាម​តំបន់​ដែលមាន​ថ្មើរជើង​ឆ្លងកាត់ ព្រោះ​បើ​ផ្អែក​តាម​ទិន្នន័យ​នេះ អ្នកបើកបរ​ម្នាក់​ក្នុងចំណោម​៣​នាក់ បាន​ល្មើស​ល្បឿន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com