ជាតិ
សង្គមជាតិ
​អាជ្ញា​រធរ​ខេត្ត​ព្រះសីហនុ រុះរើ​យីហោ​របស់​ចិន​ដែល​សរសេរ​ខ្មែរ​មិន​ត្រឹមត្រូវ​
26, Nov 2018 , 10:19 pm        
រូបភាព
រូបភាពពី​លោក ឱ​ សារឿន​
រូបភាពពី​លោក ឱ​ សារឿន​
ដោយ:
«​យីហោ​ប្រទេស​ចិន​! កំពូល​ឆ្នេរ​៖ ហាង​លក់​នាយកដ្ឋាន​! លោក​បណ្ឌិត​។​ផ្នែក​រឹង​!...»​។ សំណេរ​ទាំងនេះ ដែល​ទំនងជា​បកប្រែ​តាម Google Translate បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ហួសចិត្ត​យ៉ាងខ្លាំង ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ពួកគេ​បាន​រិះគន់​អាជ្ញាធរខេត្ត​ព្រះសីហនុ ដែល​ខ្វះ​ការត្រួតពិនិត្យ និង​បណ្តោយ​ឲ្យ​អាជីវករ​ចិន​ធ្វើ​ស្រេច​តែ​នឹង​ចិត្ត​ខ្លួន​។​

 
​ក្រោយ​រង​នូវ​ការរិះគន់ និង​ការ​បង្ហោះ​ព្រោងព្រាត​ពេញ​បណ្តាញ​សង្គម អាជ្ញាធរខេត្ត បាន​ចុះ​ណែនាំ និង​រុះរើ​យីហោ​ដែល​សរសេរ​មិន​ត្រឹមត្រូវ និង​ខុស​អក្ខរាវិរុទ្ធ ទាំងនោះ​។ បើតាម​លោក ឱ សារឿន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ស្លាក​យីហោ​ខុស​អក្ខរាវិរុទ្ធ​ច្រើន​ដូច្នេះ ដោយសារតែ​ម្ចាស់​អាជីវកម្ម មិនបាន​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ ដើម្បី​ឲ្យ​មានការ​ចូលរួម​ត្រួតពិនិត្យ​ខ្លឹមសារ អក្ខរាវិរុទ្ធ ទំហំ​អក្សរ​ជាមុន​។ 


 
​លោក ឱ សារឿន បានបញ្ជាក់​ប្រាប់​សារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ​ថា​៖«​និយាយ​ទៅ ឲ្យ​តែមាន​ការលើកដាក់​ស្លាក​យីហោ​ជា​ភាសា​ចិន ឬ​ភាសា​ខ្មែរ ឬ​ខុស​អក្ខរាវិរុទ្ធ ឬ​ការដាក់​អក្សរ​ចិន ធំ​ជាង​អក្សរ​ខ្មែរ​នោះ ខាង​អាជ្ញាធរ និង​មន្ត្រី​ជំនាញ បាន​ចុះ​រុះរើ និង​ដកចេញ​ស្លាក​យីហោ ដែល​មិន​ត្រឹមត្រូវ និង​ណែនាំ​ឲ្យ​ម្ចាស់​យីហោ​ដាក់​វិញ​ឲ្យ​ត្រឹមត្រូវ​»​។ 
​ប្រធាន​មន្ទីរ​ព័ត៌មាន​ដដែល បន្តថា​ដើម្បី​ឲ្យ​ខេត្ត​ព្រះសីហនុ​រីកចម្រើន គឺ​ត្រូវការ​វិនិយោគ​ពី​ចិន ដូច្នេះហើយ​បានជា រាល់​បញ្ហា​ដែល​កើតឡើង​កន្លងមក អាជ្ញាធរ​ចេះតែ​អនុគ្រោះ ដោយ​គ្រាន់តែ​ណែនាំ និង​កែតម្រូវ​ទៅតាម​ច្បាប់ទម្លាប់​។ 


 
​ទោះយ៉ាងណា​ក៏ដោយ លោក ឱ សារឿន បានស្នើ​ដល់​ប្រជាពលរដ្ឋ​ជូនដំណឹង​ក៏ដូចជា​ផ្តល់​ជាទី​តាំង​ជាក់លាក់​មកកាន់​អាជ្ញាធរ ករណី​ឃើញ​មាន​ស្លាក​យីហោ ឬ​ប៉ាណូ​ណា​ដែលមាន​កំហុសឆ្គង ដើម្បី​ឲ្យ​អាជ្ញាធរ​ចុះទៅ​ដោះស្រាយ​ឲ្យ​ទាន់ពេលវេលា​៕
 

Tag:
 ភាសា​ខ្មែរ​
 ​អក្ខរាវិរុទ្ធ​
 ​ស្លាក​យីហោ​
 ​ព្រះសីហនុ​
 ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com