អន្តរជាតិ
អាហ្វ្រិកខាងត្បូងសន្យាគាំទ្រមហាសន្និបាតUN ដើម្បីថ្កោលទោសមីយ៉ាន់ម៉ាពេលប្រជុំលើកក្រោយ
× រដ្ឋាភិបាលក្រុងប្រេតូរីយ៉ា បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីជំហរថ្មីរបស់ខ្លួនលើបញ្ហាសិទ្ធិមនុស្សនៅក្នុងរដ្ឋរ៉ាក់ខានរបស់មីយ៉ាន់ម៉ា។ ក្រុងប្រេតូរីយ៉ា បានប្តេជ្ញានឹងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដើម្បីថ្កោលទោសរដ្ឋាភិបាលក្រុងណៃពិដោរ នៅក្នុងកិច្ចប្រជុំនាខែក្រោយនេះ។
ទំនងជាមានការរិះគន់ខ្លាំង ក៏ដូចជាមានការសោកស្តាយចំពោះការសម្រេចចិត្តលើសេចក្តីសម្រេចរបស់គណៈកម្មាធិការទី៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិហើយ ទើបបានជានៅថ្ងៃទី២៣ វិច្ឆិកាកន្លងទៅ រដ្ឋាភិបាលរបស់អាហ្វ្រិកខាងត្បូង បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីជំហររបស់ខ្លួនជុំវិញបញ្ហាសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា ដែលមានចរិកលក្ខណៈខុសគ្នាយ៉ាងដាច់ស្រឡះ។
« អាហ្វ្រិកខាងត្បូង នឹងបោះឆ្នោតគាំទ្រលើសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិនៅខែក្រោយ ដោយថ្កោលទោសយ៉ាងខ្លាំងលើការបំពានសិទ្ធិមនុស្ស ដែលរាប់បញ្ចូលទាំងអំពើប្រល័យពូជសាសន៍ ដែលប្រព្រឹត្តដោយយោធាមីយ៉ាន់ម៉ាប្រឆាំងនឹងជនជាតិភាគតិចឥស្លាមរ៉ូហ៊ីងយ៉ា»។ នេះគឺជាជំហរថ្មីរបស់អាហ្វ្រិកខាងត្បូង ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Daily Maverick។
តាមប្រភពព័ត៌មានដដែល រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការអាហ្វ្រិកខាងត្បូង Lindiwe Sisulu បានបញ្ជាក់ថា នេះ គឺជាការផ្លាស់ប្តូរទ្រង់ទ្រាយធំមួយ នៃគោលនយោបាយការបរទេសអាហ្វ្រិកខាងត្បូងក្នុងអង្គការអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ។ រដ្ឋមន្ត្រី ក៏បានអះអាងផងដែរថា នេះ ក៏ជាបង្ហាញពីការទទួលខុសត្រូវរបស់អាហ្វ្រិកខាងត្បូងលើបញ្ហាសិទ្ធិមនុស្ស ខណៈចាប់ពីថ្ងៃទី១ មករា ឆ្នាំក្រោយតទៅ អាហ្វ្រិកខាងត្បូង ក៏នឹងចូលរួមការងារក្នុងក្រុមប្រឹក្សាសន្តិសុខជាលើកទី៣ផងនោះ។
តាមការបញ្ជាក់របស់រដ្ឋមន្ត្រីដដែលនោះ ការណ៍ ដែលកន្លងមក អាហ្វ្រិកខាងត្បូង មិនបានបោះឆ្នោតគាំទ្រការចេញសេចក្តីសម្រេចថ្កោលទោសមីយ៉ាន់ម៉ានោះ ក៏ព្រោះតែដើម្បីធានាពីប្រសិទ្ធភាពនៃគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលខ្លួន ដែលមិនចង់បង្ហាញជំហរតឹងរឹងពេកទៅលើរដ្ឋណាមួយពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស។
គួររម្លឹកថា នៅថ្ងៃ១៦ វិច្ឆិកា គណៈកម្មាធិការទី៣ទទួលបន្ទុកផ្នែកសង្គម មនុស្សធម៌ និងវប្បធម៌មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចថ្មីមួយដោយបានថ្កោលទោសមីយ៉ាន់ម៉ាយ៉ាងខ្លាំងលើបញ្ហាសិទ្ធិមនុស្ស។ សេចក្តីសម្រេចនោះ មានសំឡេងគាំទ្រពីរដ្ឋសមាជិក ១៤២, អនុបវាទ ២៦ និងជំទាស់១០សំឡេង។ ពេលនោះដែរ អាហ្វ្រិកខាងត្បូង បានបោះឆ្នោតអនុបវាទ ដែលមានន័យថា អាហ្វ្រិកខាងត្បូង មិនជំទាស់ ហើយក៏មិនគាំទ្រ៕
Tag:
UNGA
មីយ៉ាន់ម៉ា
អាហ្វ្រិកខាងត្បូង
រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com