ជាតិ
សុខភាព
កម្ពុជា​ប្រារព្ធ​«​សប្ដាហ៍​ប្រឆាំងនឹង​ភាពស៊ាំ​របស់​ឱសថ​» ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​ថ្នាំ​ផ្សះ​
27, Nov 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​នៅ​សប្ដាហ៍​នេះ កំពុង​ប្រារព្ធ​«​សប្ដាហ៍​ប្រឆាំងនឹង​ភាពស៊ាំ​របស់​ឱសថ​ទៅនឹង​មេរោគ​» ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​ប្រើ​«​ថ្នាំ​ផ្សះ​» ឬ​«​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទីក​» (Antibiotics) ក្នុងការ​ព្យាបាល​ជំងឺ​ស្រាល​ធម្មតា​។​

 
​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពស៊ាំ​នឹង​ថ្នាំ ហៅ​កាត់​ថា AMR ប្រាប់ VOA នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា ក្រសួងសុខាភិបាល​កម្ពុ​ជា និង​ប្រទេស​មួយចំនួន​លើ​ពិភពលោក តែង​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រារព្ធ​សប្ដាហ៍​ប្រឆាំងនឹង​ភាពស៊ាំ​របស់​ឱសថ​ទៅនឹង​មេរោគ ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ពេញ​ជា​រៀងរាល់ឆ្នាំ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ដោយសារ​ការប្រើប្រាស់​ថ្នាំ​ផ្សះ​ដោយ​មិន​ត្រឹមត្រូវ​។​
 
​លោក​បន្តថា បច្ចុប្បន្ន​ពិភពលោក​កំពុង​ប្រឈម​ទៅនឹង​ការដែល​គ្មាន​ឱសថ​សម្លាប់​មេរោគ ដោយសារ​វា​មាន​ភាពស៊ាំ​បណ្ដាល​ឲ្យ​ការព្យាបាល​មិន​ងាយ​ជា ស្រប​ពេលដែល​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​តែង​ប្រើ​ថ្នាំ​ផ្សះ ឬ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទីក នេះ ដើម្បី​ព្យាបាល​ជំងឺ​ស្រាល​ធម្មតា​ដូចជា ក្ដៅខ្លួន ផ្ដាសាយ ឈឺក្បាល រាក ឬ​របួស​តិចតួច​ជាដើម ដែល​លោក​ថា ការប្រើប្រាស់​ថ្នាំ​នេះ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​។​
 
​លោក​បញ្ជាក់ថា​៖
 
«​គាត់​ប្រើ​ដោយ​មិនត្រូវ​ទិស ប៉ះពាល់​សុខភាព​។ មានន័យថា​ធម្មតា​ថ្នាំ​វា​តែង​ប៉ះពាល់​ទៅលើ​បញ្ហា​សុខភាព​របស់​យើង ដូចជា​មុខងារ​របស់​ថ្លើម មុខងារ​របស់​តម្រង​នោម​ជាដើម បើសិនជា​យើង​ប្រើ​មិនបាន​ត្រឹមត្រូវ​។ ទី​២ គាត់​ប្រើ​ញឹកញាប់​ពេក​ថ្ងៃក្រោយ​គាត់​ឈឺ​មែនទែន ឱសថ​ហ្នឹង​គាត់​លែង​ត្រូវ​ជាមួយ​តែម្តង​។ គាត់​ប្រើ​ទៅ មេរោគ​ហ្នឹង​ពិតជា​មាន​មែន ប៉ុន្តែ​គាត់​ប្រើ​មិន​សមស្រប មិន​គ្រប់​ចំនួន មិន​គ្រប់​ថ្ងៃ ថ្ងៃក្រោយ​គាត់​បង្កដោយ​មេរោគ​ហ្នឹង គាត់​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​»​។​
 
​ថ្នាំ​ផ្សះ ឬ អង់​ទី​ប៊ី​យ៉ូ​ទីក គឺជា​ឱសថ​ប្រើប្រាស់​សម្រាប់​សម្លាប់​បាក់តេរី និង​បាន​សង្គ្រោះ​ជីវិត​មនុស្ស​រាប់លាន​នាក់ ចាប់តាំងពី​ថ្នាំ​ប្រភេទ​នេះ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៤០​។ 
 
​ប៉ុន្តែ​នៅពេល​ប្រើប្រាស់​មិនត្រូវ ថ្នាំ​ប្រភេទ​នេះ​អាច​បង្ក​ផលប៉ះពាល់​ទៅវិញ​។ បាក់តេរី​ដែល​ធ្លាប់​ប៉ះ​ជាមួយនឹង​ថ្នាំ​ផ្សះ​នៅក្នុង​បរិមាណ​តិចតួច ឬ​កម្រិត​ទាប តែងតែ​វិ​វត្ត​ទៅជា​បាក់តេរី​ដែល​ស៊ាំ​នឹង​ថ្នាំ​នេះ​ទៅវិញ ហើយ​ភាពស៊ាំ​បន្តិច​ម្តងៗ ធ្វើ​ឲ្យ​បាក់តេរី​ទាំងនោះ​ខ្លាំង​ឡើងៗ​។​
 
​ការវិវត្ត​នេះ​បង្កឡើង​ដោយ​ការប្រើប្រាស់​ថ្នាំ​ផ្សះ ឬ​អង់​ទី​ប៊ី​យ៉ូ​ទីក ខុស ការខកខាន​ក្នុងការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ ដោយ​លេប​មិន​គ្រប់​ចំនួន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា ឬ​ការប្រើប្រាស់​ថ្នាំ​ផ្សះ ឬ​អង់​ទី​ប៊ី​យ៉ូ​ទីក នៅពេល​មិនចាំបាច់​។​⁠
 
​លោក លី សូ​វ៉ាន់ បន្ថែមថា រាល់ពេល​ដែលមាន​ជំងឺ​ស្រាល​ធម្មតា ប្រជាពលរដ្ឋ​គួរ​ជ្រើស​យក​ការហាត់​ប្រាណ ការបរិភោគ​អាហារ​ឲ្យ​ត្រឹមត្រូវ និង​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ បើ​ចាំបាច់ ដោយ​មិនត្រូវ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ឡើយ​។​
 
​លោក​មានប្រសាសន៍ថា​៖
 
«​ដោយសារ​គាត់​ចេះតែ​គ្រុនក្ដៅ ក៏​គាត់​ប្រើ​ថ្នាំ​ផ្សះ​ហ្នឹង ក្អក​ក៏​គាត់​ប្រើ គាត់​ផ្ដាសាយ​ក៏​គាត់​ប្រើ តាមពិត​សុទ្ធតែជា​ការមិន​ចាំបាច់​ទេ ព្រោះ​ជំងឺ​ភាគច្រើន​ឈឺ​តិចតួច​ល្មមៗ​គឺជា​ដោយ​ឯកឯង​ទេ គ្រាន់តែ​យើង​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ ឬមួយ​យើង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន យើង​ហូប​អាហារ​បំប៉ន​អី​ទៅ វា​នឹង​អាចជា​វិញ​ហើយ​។ បើសិន​ក្នុងករណី​ចាំបាច់ ជួប​ជាមួយ​គ្រូពេទ្យ​។ គ្រូពេទ្យ​នឹង​វិនិច្ឆ័យ​ថា​យើង​ឈឺ​អី​»​។​
 
​បើតាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) មនុស្ស​ប្រមាណ ៧០​ម៉ឺន​នាក់​ទូទាំង​ពិភពលោក ស្លាប់​ជា​រៀងរាល់ឆ្នាំ ដោយសារតែ​ការឆ្លង​ជំងឺ​ដែលមាន​មេរោគ​ស៊ាំ​ទៅនឹង​ថ្នាំ​ផ្សះ​។ អង្គការ​នេះ​ព្យាករណ៍​ថា នៅ​ឆ្នាំ​២០៥០ ចំនួន​អ្នកស្លាប់​ដោយសារ​បញ្ហា​នេះ​នឹង​កើន​ឡើងដល់​១០​លាន​នាក់​ក្នុង​មួយឆ្នាំ​។ ក្នុងនោះ ការប្រើប្រាស់​ថ្នាំ​ផ្សះ​ដោយ​មិនមាន​ការគ្រប់គ្រង​ត្រឹមត្រូវ នឹង​រួមចំណែក​បង្ក​ឲ្យ​ភាពស៊ាំ​ថ្នាំ​ផ្សះ ដែល​ក្លាយជា​វិបត្តិ​សុខភាព​សាកល​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com