ជាតិ
ហាម​បង្ហោះ Drone ក្នុងភូមិ​សាស្ត្រ​រាជធានី ជាពិសេស​ផ្លូវ​ហោះហើរ​របស់​យន្តហោះ​
27, Nov 2018 , 11:50 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជាថ្មី​ម្ដងទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ហាមឃាត់​ការប្រើប្រាស់​ម៉ាស៊ីនថតរូប​ភាព និង​វី​ឌី​អូ​បំពាក់​លើ​កូន​យន្តហោះ​បញ្ជា (Drone) ក្នុងភូមិ​សាស្ត្រ​ភ្នំពេញ ជាពិសេស​ផ្លូវ​ហោះហើរ​របស់​យន្តហោះ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦​ខែវិច្ឆិកា​។​


 
​កាលពី​ឆ្នាំ​២០១៥ សាលា​រាជធានី​បានចេញ​សេចក្ដីជូនដំណឹង​រួចមកហើយ ដោយ​ហាម​ការប្រើប្រាស់​ម៉ាស៊ីនថតរូប និង​វី​ឌី​អូ​បំពាក់​ដ្រូ​ន ក្នុងភូមិ​សាស្ត្រ​ភ្នំពេញ​។ អាជ្ញាធរ អះអាងថា បុគ្គល​មួយចំនួន​តូច មិនបាន​គោរព​តាម​សេចក្ដី​ដំណឹង​នោះ ដោយបាន​ធ្វើ​សកម្មភាព​បែបនេះ​ក្នុង​រូបភាព​ជាការ​កម្សាន្ត ដោយ​ពុំ​មានការ​អនុ​វ​ញ្ញាត​ត្រឹមត្រូវ​ឡើយ​។ 
 
​អាជ្ញាធរ​បន្ថែមថា ការ​បង្ហោះ​ដ្រូ​ន​បែបនេះ អាច​បង្ក​ផលប៉ះពាល់​ផ្នែក​សន្តិសុខ និង​សុវត្ថិភាព ពិសេស​ការ​បង្ហោះ​នៅក្នុង​តំបន់ហាមឃាត់​ជុំវិញ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ និង​ចំ​ផ្លូវ​ហោះហើរ​របស់​យន្តហោះ ដែល​អាចធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​។​
 
​ដើម្បី​រក្សា​សន្តិភាព សុវត្ថិភាព ក្នុង​ក្រុងភ្នំពេញ ពិសេស​បញ្ចៀស​ឧបទ្ទវហេតុ​ចំពោះ​ការហោះហើរ​របស់​យន្តហោះ សាលាក្រុង​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចូលរួម​អនុត្ត​តាម​សេចក្ដីជូនដំណឹង​នេះ​។ ក្នុងករណី​ត្រូវ​បង្ហោះ​ដ្រូ​ន​ជា​ចាំបាច់ គេ​ត្រូវសុំ​ការអនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕
 

Tag:
 ដ្រូ​ន​
  ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com