កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd នៅតែ​ចំណាយ​ប្រាក់​ឈ្នួល​ឲ្យ​កីឡាករ​ច្រើនជាង Man City
27, Nov 2018 , 7:19 pm        
រូបភាព
​កីឡាករ​របស់​ក្លិប Manchester United ក្នុង​ម្នាក់ៗ​ទទួលបាន​ថ្លៃឈ្នួល​ជា​មធ្យម​កន្លះ​លាន​ផោន (៦៥​ម៉ឺន​ដុល្លារ​) ក្នុង​មួយឆ្នាំ ដែលមាន​ចំនួន​ច្រើនជាង​ចំណូល​របស់​កីឡាករ Manchester City ដែល​ជួយ​ក្រុម​ឈ្នះ​ជើងឯក Premier League ទៅទៀត​។ នេះ​បើ​យោងតាម​ការ​ស្ទង់​មើល​របស់​ក្រុមហ៊ុន Global Sports Salary​។​


 
​ក្រុម​រហស្សនាម​បិសាច​ក្រហម​ដែល​បច្ចុប្បន្ន​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៧​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស ក្រោយ​ប្រកួត​១៣​លើក​មាន​២១​ពិន្ទុ ក៏​ចំណាយ​ឲ្យ​កីឡាករ​ឈុត​ធំ​របស់​ពួកគេ​ច្រើនជាង​ក្រុម Tottenham Hotspur ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ រហូតដល់​ទៅ​ពាក់កណ្តាល​ផងដែរ​។​


 
​ក្រុម​មេឃ​ខៀវ Man City បាន​លើក​ពាន Premier League កាលពី​រដូវ​កាល​មុន និង​កំពុង​នាំមុខ​ពិន្ទុ​បណ្តោះអាសន្ន​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​ពួកគេ​តាម​ពីក្រោយ Man Utd ដែល​ចំណាយ​ប្រាក់​ឈ្នួល​ដល់​កីឡាករ​ច្រើន​បំផុត​ប្រចាំឆ្នាំ​។ ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Jose Mourinho បាន​បង់ប្រាក់​ជា​មធ្យម​ចំនួន ៦,៥ លាន​ផោន (៨,៣៣ លាន​ដុល្លារ​) ក្នុង​មួយឆ្នាំ​ដល់​កីឡាករ​ឈុត​ធំ​របស់​ពួកគេ​។​
 
​ដោយឡែក​ក្រុម​របស់លោក Pep Gardiola ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២​ក្នុងនាម​ក្លិប​ចំណាយ​ថ្លៃឈ្នួល​ច្រើនជាងគេ​នៅ​អង់គ្លេស ក្នុង​ចំនួន​ទឹកប្រាក់ ៥,៩ លាន​ផោន (៧,៥៦​លាន​ដុល្លារ​) ក្នុង​១​ឆ្នាំ តាម​ពីក្រោយ​ដោយ Chelsea (៦,៤៣ លាន​ដុល្លារ​) Liverpool (៦,២២ លាន​ដុល្លារ​)  Arsenal (៦,១៥ លាន​ដុល្លារ​) និង Tottenham (៤,៥០ លាន​ដុល្លារ​)​។​
 
​ទន្ទឹមនឹង​នេះដែរ ក្លិប​យក្ស​អេ​ស្ប៉ា​ញ FC Barcelona បាន​ក្លាយជា​ក្រុមកីឡា​ដំបូង​គេ​ដែល​ចំណាយ​ប្រាក់​ឈ្នួល​ដល់​កីឡាករ​ជា​មធ្យម​ប្រចាំឆ្នាំ​លើសពី ១០ លាន​ផោន (​ជិត​១៣ លាន​ដុល្លារ​)​។​
 Real Madrid, Juventus និង Manchester United រួមទាំង​ក្លិប​កីឡាបាល់បោះ NBA ដល់​ទៅ ៦​ក្រុម ក៏​ស្ថិត​ក្នុងចំណោម​ក្លិប​កីឡា​ដែល​ចំណាយ​ប្រាក់​ឈ្នួល​ច្រើន​បំផុត​ទាំង ១០ លើ​លោក​ផងដែរ​៕
 

Tag:
 បាល់ទាត់​
  ប្រាក់​ឈ្នួល​
  Manchester United
  Manchester City
  Global Sports Salary
© រក្សាសិទ្ធិដោយ thmeythmey.com