ជាតិ
សង្គមជាតិ
លោក ព្រាប កុល​៖ ព្រះសីហនុ អាច​ក្លាយជា​អាណានិគម​ចិន បើ​យើង​រអា​មិន​ហ៊ាន​ទៅ​
27, Nov 2018 , 9:19 pm        
រូបភាព
ព្រាប កុល នាយកប្រត្តិបត្តិនៃអង្គការតម្លាភាពកម្ពុជា (រូបភាពបានពី ផេក ហ្វេក ប៊ុក លោក ព្រាប​ កុល)
ព្រាប កុល នាយកប្រត្តិបត្តិនៃអង្គការតម្លាភាពកម្ពុជា (រូបភាពបានពី ផេក ហ្វេក ប៊ុក លោក ព្រាប​ កុល)
​ខេត្ត​ព្រះសីហនុ នឹងរង​ឥទ្ធិពល​បរទេស​កាន់កា​ប់ ហើយ​អាចជា​តំបន់​មួយ​ដែល​ជនជាតិ​ចិន​ធ្វើ​អាណានិគម​ដោយ​ប្រយោល  នៅពេលដែល​ជនជាតិខ្មែរ​មានបំណង​គេចវេះ មិន​ទៅ​ខេត្ត​នេះ ដោយសារ​អសន្តិសុខ ឬ​ដោយសារ​ហេតុផល​ផ្សេងៗ​នៃ​វត្តមាន​ជនជាតិ​ចិន​។ នេះ​ជាការ​លើកឡើង​របស់លោក ព្រាប កុល នាយក​ប្រ​ត្តិ​ប​ត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​។


 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ លោក ព្រាប កុល បាន​និយាយថា «​បានជា​ខ្ញុំ​ហ៊ាន​និយាយ​បែបនេះ ព្រោះ​ក្រៅពី​ភាពអនាធិបតេយ្យ​របស់​ជន​ជាតិចិន​មួយចំនួន និង​ការកើត​អសន្តិសុខ​គ្រប់​ទម្រង់ ក្នុង​ខេត្ត​ព្រះសីហនុ គឺជា​ការលេចឡើង​នៃ​វត្តមាន​កាស៊ីណូ​រាប់​សិន​កន្លែង ដែល​បាននិងកំពុង​ប្រតិបត្តិការ​យ៉ាង​ស្របច្បាប់ ក្នុង​ទ្រង់ទ្រាយ​មួយ​ធំ ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅ​កម្ពុជា​។ ទ្រង់ទ្រាយ​បែបនេះ អាច​ប្រៀបធៀប​ទៅជា​មួយ​ទីក្រុង​ម៉ា​កាវ ឬ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​»​។ 
 
​ប្រធាន​អង្គការក្រៅរដ្ឋាភិបាល​រូបនេះ បន្តថា  កាស៊ីណូ​ជិត​៦០​កន្លែង ដែល​បាន​បង្កើតឡើង​នេះ ក្រៅពី​បានផ្តល់​ប្រភព​ចំណូល​ទៅ​ឲ្យ​រដ្ឋាភិបាល​តាមរយៈ​ការបង់ពន្ឋ  និង​ការផ្តល់​ឱកាស​ការងារ​បន្តិចបន្តួច​ដល់​ប្រជាពលរដ្ឋ​ខ្មែរ គឺ​គ្មានអ្វី​ប្រសើរ​ឡើយ​សម្រាប់​ខេត្ត​ព្រះសីហនុ​។ ផ្ទុយទៅវិញ មានតែ​បង្កើត​ឱកាស​អសន្តិសុខ​កាន់តែ​ច្រើនឡើង ពី​ការលេង​ល្បែង ដូចជា ចោរកម្ម ការចាប់​ជំរិត ការជួញដូរ​ផ្លូវភេទ និង​គ្រឿងញៀន​ជាដើម​។ ផល​អវិជ្ជមានទាំងនេះ អាច​បង្ក​ជា​ហានិភ័យ​ច្រើន​ទៀត នៅក្នុង​ខេត្ត​នេះ​នាពេលខាងមុខ បើ​អាជ្ញាធរ មិន​យកចិត្តទុកដាក់ និង​មិន​គ្រប់គ្រង​សកម្មភាព​នេះ​ឲ្យ​បានល្អ​។​
 
​លោក បន្ថែមថា ចំពោះ​ការលេចឡើង​នូវ​អសន្តិសុខ ដែល​គ្មាន​សុវត្ថិភាព​បែបនេះ នៅ​ខេត្ត​ព្រះសីហនុ វា​នឹង​ក្លាយជា​ខេត្ត​មួយ​គំរូ​អវិជ្ជមាន សម្រាប់​ជនជាតិខ្មែរ និង​បរទេស​ក្នុងការ​ខ្លាចរអា ឬ​មិន​ហ៊ាន​ទៅលេង​កម្សាន្ត​នៅ​ទីនោះ​ទៀត​។ បើតាម​ការយល់ឃើញរ​ប​ស់លោក ពេលដែល​ជនជាតិខ្មែរ​មានបំណង​គេចវេះ មិន​ទៅ​ខេត្ត​ព្រះសីហនុ ដោយសារ​ហេតុផល​ខាងលើ ខេត្ត​នេះ​នឹងរង​ឥទ្ធិពល​បរទេស​កាន់កា​ប់​ដោយ​ជនជាតិ​ចិន ហើយ​អាចជា​តំបន់​មួយ​ដែល​ជនជាតិ​ចិន​ធ្វើ​អាណានិគម​ដោយ​ប្រយោល​។ លោក បាន​បញ្ជាក់ថា «​បើ​ជនជាតិ​បរទេសមួយ​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​តំបន់​មួយ ដែល​អាចធ្វើ​អ្វី​តាមចិត្ត រហូតដល់​ជនជាតិខ្មែរ​យើង មិនអាច​ជួយ​បាន ពេលនោះ​ហើយនឹង​ក្លាយជា​ដែនដី​អាណានិគម​ដោយ​ប្រយោល​»​។
​លោក ព្រាប កុល បាន​និយាយទៀតថា «​ផលចំណេញ​តែមួយគត់​ដែល​ខ្ញុំ​មើលឃើញ​ពី​កាស៊ីណូ គឺ​ចំណូល​ពន្ឋសម្រាប់​ចូលទៅរ​ដ្ធ បើ​មានការ​ប្រមូល​ពន្ឋត្រឹមត្រូវ ពី​ក្រុម​អ្នករកស៊ី​ល្បែង​ទាំង​ហ្នឹង​។ ប៉ុន្តែ​យើង​មិនត្រូវ​គិតតែ​ចំណូល​ពន្ឋ​តែមួយ​មុខ​ទេ យើង​ត្រូវ​គិតពី​ផលប៉ះពាល់​អវិជ្ជមាន​ផ្សេងៗ​ទៀត ដែល​កើតឡើង និង​កំពុង​បន្តទៅ​អនាគត​។ ដើម្បី​កុំ​ឲ្យ​យើង​ដោះដូរ នូវ​ចំណុច​ដែលជា​គុណ​ស​ម្បិ​ត្ត​នៃ​ខេត្ត ដែលជា​ខេត្ត​ទាក់ទាញ​ទេសចរ  ជា​ខេត្ត​ដ៏​ប្រណិត​របស់​ខ្មែរ ជាមួយ​ប្រាក់​ពន្ឋ​ដែលជា​ចំណូល​រដ្ឋ​។ តាមរយៈ​ប្រាក់​ពន្ឋហ្នឹង វា​អាចធ្វើ​ខូច​មុខមាត់​ខេត្ត ឬ​ធ្វើ​ឲ្យ​បាត់បង់​ភាព​ទាក់ទាញ សម្រាប់​ទេសចរ​ក្នុងស្រុក និង​ទេសចរ​មកពី​ប​ស្ចិ​ម​លោក​»​។​
 
​យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្ត​ព្រះសីហនុ​ ស្តីពី​ស្ថិតិ​ភ្ញៀវទេសចរ​ដែល​មកលេង​កម្សាន្ត​ខេត្ត​ព្រះសីហនុ​ក្នុង​ពិធីបុណ្យ​អុំទូក ពីថ្ងៃ​ទី​២១-២៣​វិច្ឆិកា ឆ្នាំ​២០១៨ មាន​ភ្ញៀវទេសចរ​សរុប​៦៣​ពាន់​នាក់ ដែល​ថយចុះ​ជិត​២៦​ភាគរយ​។ ក្នុងនោះ ភ្ញៀវ​ជាតិ​មាន ៥០,២៣០​នាក់​។ ចំនួន​នេះ​ថយចុះ​ជាង​៣២​ភាគរយ និង​ភ្ញៀវ​អន្តរជាតិ​មាន ១២,៧៧០​នាក់ កើនឡើង​ជាង​១៥​ភាគរយ​។ 
 
​សូមបញ្ជាក់ថា ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​ចុង​ក្រោយនេះ មាន​កាស៊ីណូ​ជិត​៥៨​កន្លែង ដែល​កំពុងប្រតិបត្តិការ​ក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ​។  កាស៊ីណូ​ទាំងនោះ ស្ទើរ​ទាំងស្រុង​កាន់កាប់​ដោយ​ជនជាតិ​ចិន​៕ 
 

Tag:
 សង្គម​
 ​កាស៊ីណូ​
  អាណានិគម​
  អសន្តិសុខ​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com