ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
កុំខ្លាចគេថា «អត់ទាន់សម័យ» បើចង់បានសេរីភាពហិរញ្ញវត្ថុ!
× ភ្នំពេញ៖ អ្នកជំនាញហិរញ្ញវត្ថុ ពញ្ញាក់ស្មារតីដល់យុវជនមួយចំនួនថា បើចង់ទទួលបានសេរីភាពហិរញ្ញវត្ថុទៅថ្ងៃមុខ ចូរកុំទន់ទោរ រត់តាមតែសម្ភារនិយម សម្ភារទំនើបៗ។ អ្នកជំនាញប្រាប់ទៀតថា ការប្រឹងធ្វើការ ការសន្សំ ដើម្បីយកប្រាក់ទៅវិនិយោគ ជាជម្រើសដ៏ល្អសម្រាប់អនាគតប្រកបដោយសេរីភាពផ្នែកហិរញ្ញវត្ថុ។
ដើម្បីជ្រាបច្បាស់ សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ តាមខ្សែទូរសព្ទ ដូចតទៅនេះ៖
លោក ង៉ែត ជូ បានសង្កេតឃើញយុវជនខ្មែរមួយចំនួនធំមានទំនោរដេញតាមសម្ភារនិយម ដែលជាឧសគ្គដើម្បីសម្រេចបានសេរីភាពហិរញ្ញវត្ថុ។ ហើយទំនោរនេះបានកើតឡើងដោយសារឥទ្ធិពលសង្គមសព្វថ្ងៃ កង្វះមេរៀនចាត់ចែងថវិកា និងផ្នត់គំនិតតពីឪពុកម្ដាយផងដែរ។
សេរីភាពហិរញ្ញវត្ថុ ត្រូវបានអ្នកជំនាញរូបនេះពន្យល់ថា ជាស្ថានភាពរបស់បុគ្គលណាម្នាក់ ដែលមិនស្ថិតក្រោមសម្ពាធរបស់លុយ។ ទោះបុគ្គលនោះនៅបំពេញការងារ ឬធ្វើធុរិកិច្ចក្ដី ក៏ធ្វើឡើងដើម្បីក្ដីស្រមៃរបស់ខ្លួន ការពេញចិត្តរបស់ខ្លួន ដោយមិនមែនតម្រូវការថវិកានោះទេ។ ហើយទោះជាបុគ្គលនោះ មិនធ្វើការ ឬមិនធ្វើជំនួញ ក៏នៅតែមានធនធានគ្រប់គ្រាន់ដែរ។
អ្នកជំនាញរូបនេះអះអាងថាលោកមិនជំទាស់ឡើយរឿងថាបើមនុស្សចង់បានសម្ភារទំនើប នោះគេនឹងប្រឹងប្រែងគិតគូរធ្វើយ៉ាងណាដើម្បីមានលទ្ធភាពទិញរបស់របរទាំងនោះ ប៉ុន្តែលោកផ្ដល់ជាគំនិតឲ្យយុវជនគួរចាប់អារម្មណ៍ការវិនិយោគវិញ ប្រសើរជាងការបំពេញការងារ ដើម្បីគ្រាន់តែប្ដូរនឹងសម្ភារនិយម។ លោកបន្ថែមថា ទាំងរដ្ឋាភិបាល អាណាព្យាបាល និងអ្នកពាក់ព័ន្ធដទៃទៀត សុទ្ធតែត្រូវចូលរួមផ្ដល់ចំណេះដឹងហិរញ្ញវត្ថុដល់យុវជនជំនាន់ក្រោយ ពិសេសការបណ្ដុះបណ្ដាលរាប់ចាប់ពីកុមារតូចៗមក៕
Tag:
សេរីភាពហិរញ្ញវត្ថុ
ង៉ែត ជូ
យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com