ជាតិ
លោក ហ៊ុន ម៉ានី៖ ព្រឹត្តិការណ៍៤០គីឡូម៉ែត្រ នឹងជួយឲ្យយុវជនស្គាល់ប្រវត្តិសាស្ត្រច្បាស់ ជាងការអានលើក្រដាស លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក
× ភ្នំពេញ៖ នៅសល់២ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍៤០គីឡូម៉ែត្រ ទៅកាន់ប្រវត្តិសាស្ត្រ ដើម្បីរម្លឹកស្មារតី២ធ្នូ នឹងចាប់ផ្ដើមឡើង ក្រោមការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ។ ព្រឹត្តិការណ៍នេះ គឺជាការជំរុញឲ្យយុវជនស្វែងយល់ប្រវត្តិសាស្ត្រច្បាស់ ជាងការអាចសៀវភៅ។
ប្រធានយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បាននិយាយថា ព្រឹត្តិការណ៍នេះ នឹងផ្តល់ឱកាសឲ្យយុវជនស្វែងយល់ ហើយនឹកឃើញទៅដល់ការតស៊ូ និងវីរៈភាពរបស់យុវជនខ្មែរកាលពីជំនាន់មុន ថាតើវាមានការលំបាកប៉ុណ្ណា ក្នុងការតស៊ូរស់នៅក្នុងសម័យសង្គ្រាម។
ថ្លែងចំពោះមុខអ្នកសារព័ត៌មាន ក្នុងមហាសន្និបាតលើកទី៤ ថ្ងៃទី២៧វិច្ឆិកា នៅសណ្ឋាគារសុខា លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក បានបញ្ជាក់ដូច្នេះថា៖ «ធម្មតាពេលខ្លះយើងអានប្រវត្តិសាស្ត្រតែលើក្រដាស ហើយយើងស្តាប់តែគេនិយាយ ប្រហែលយើងតែងតែគិតថាវាគ្មានអ្វីលំបាកទេ អ៊ីចឹងពេលនេះយើងអាចមានឱកាសខ្លួនឯងហើយ សម្រាប់ការស្វែងយល់ពីរយៈពេលការតស៊ូនាពេលនោះ គឺខុសគ្នាឆ្ងាយណាស់នាពេលនេះ។ ការតស៊ូ នាពេលនោះ គឺស្ថិតនៅក្នុងកាលៈទេសៈ ក្នុងសង្គ្រាមផង ជួបមីនផង មើលគ្នាជាសត្រូវផង និងសង្ស័យគ្នាទៅវិញទៅមកផង។ ជាពិសេសថា្នក់ដឹកនាំយើងធ្វើដំណើរពីគោលដៅមួយទៅចំណុចដែលខ្លួនចង់ទៅ គឺជាការយកជីវិតមកប្រថុយសុទ្ធសាធជាមួយទីតាំងភូមិសាស្ត្រ»។
បើតាមលោក ហ៊ុន ម៉ានី ការរៀបចំព្រឹត្តិការណ៍នេះ ក៏ដើម្បីចង់សាកល្បងយុវជន ដែលស្ថិតនៅក្នុងដំណាក់កាលសុខសន្តិភាព អាចធ្វើបានដូចអ្នកជំនាន់មុនដែរទេ។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា «ចំពោះការដើរ៤០គីឡូ ទៅកាន់ប្រវត្តិសាស្ត្រនេះ គឺមិនមែនស្រួលនោះទេ មិនមែនជាការលែងសើចនោះទេ ហើយក៏មិនមែនទៅដល់គេជួយឲ្យទាំងអស់នោះទេ។ មានន័យថា គឺត្រូវទទួលខុសត្រូវលើខ្លួនឯង សាកល្បងដើរ ហើយសង្ឃឹមក្រោយសាកល្បងដើរ៤០គីឡូនេះ នឹងអាចសួរពួកគាត់វិញបាន ថាតើតាមពិតយុវជនជំនាន់មុខស្រួល និងធ្វើអ្វីស្រួល ដូចអ្វីដែលយុវជនបច្ចុប្បន្នបានគិតកន្លងដែរឬទេ? »។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍៤០គីឡូម៉ែត្រ ទៅកាន់ប្រវត្តិសាស្ត្រ ក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៩ វិច្ឆិកា ដល់ទី១ធ្នូ ឆ្នាំ២០១៨។ ព្រឹត្តិការណ៍នេះ ផ្តល់ជាវេទិកាសម្រាប់យុវជន ឲ្យចេះរួបរួមគ្នា ក្នុងគ្រាលំបាក និងគ្រាសុខសាន្ត ស្វែងយល់ពីកម្រិតសមត្ថភាពរបស់ខ្លួន ក៏ដូចជាកម្រិតនៃការតស៊ូ ភាពអត់ធ្មត់ និងសមត្ថភាពដោះស្រាយបញ្ហា ជាមួយការស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រ តាមរយៈការធ្វើដំណើរថ្មើរជើងនេះ។សម្រាប់យុវជនដែលចូលរួមព្រឹត្តិការណ៍៤០គីឡូម៉ែត្រ ត្រូវរៀបចំឥវ៉ាន់ និងសម្ភារប្រើប្រាស់ខ្លួនឯងឲ្យបានត្រឹមត្រូវ៕
Tag:
ស.ស.យ.ក
២ធ្នូ
ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com