អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកខាងលិច​អាច​ចេញ​វិធានការ​ក្តៅ​ប្រឆាំង​រុស្ស៊ី ក្រោយ​ការប៉ះទង្គិច​គ្នា​ជាមួយ​ទ័ព​អ៊ុយ​ក្រែ​ន​នៅ​សមុទ្រ Azov
27, Nov 2018 , 10:19 pm        
រូបភាព
​ការប៉ះទង្គិច​គ្នា​រវាង​ទ័ព​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​នៅ​ដែនសមុទ្រ​អា​ហ្សូវ (Azov) បន្ត​ស្ថិតក្នុង​ភាព​តានតឹង​ខ្លាំង​បន្ទាប់ពី​កងទ័ព​រុស្ស៊ី​បាញ់ និង​រឹបអូស​នាវា​អ៊ុយ​ក្រែ​ន​បី​គ្រឿង​កាលពី​ថ្ងៃអាទិត្យ​កន្លងមក​។ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ចាប់ផ្តើម​អនុវត្ត​ច្បាប់អាជ្ញាសឹក​នៅ​ថ្ងៃ​អង្គារ​ទី ២៧ ខែវិច្ឆិកា​នេះ ហើយ​លោកខាងលិច​នាំគ្នា​ថ្កោលទោស​រុស្ស៊ី និង​អាច​ចេញ​វិធានការ​ក្តៅ​ដាក់បន្ទុក​លើ​រុស្ស៊ី​ថែមទៀត​ដែរ​។ គេ​បារម្ភ​ថា ការប្រឈមមុខគ្នា​ដ៏​ស្រួចស្រាល់​បំផុត​មិន​ធ្លាប់មាន​ចាប់ពី​រុស្ស៊ី​ត្របាក់​យក​ទឹកដី​គ្រី​មៀ​ឆ្នាំ ២០១៤ អាច​នឹង​បង្ក​ឲ្យ​មាន​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ផង​។


 
១.​ទំនាស់​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​កើតឡើង​របៀប​ណា​? 

​រឿងរ៉ាវ​កើតឡើង​ដូច្នេះ​។ នៅ​ថ្ងៃអាទិត្យ ក្រុង​មូ​ស្គូ​ប្រើប្រាស់​នាវា​ដឹកជញ្ជូន​បិទ​ច្រក​ចូលទៅ​សមុទ្រ​អាហ្សូវ​។ យន្តហោះ​ចម្បាំង​ហើរ​ចុះឡើង អម​ជាមួយ​ឧទ្ធម្ភាគចក្រ​យោធា​ហោះ​ក្រឡឹង​ទៅមក​នៅ​ពីលើ​ផង​។ ក្រោយមក​ស្រាប់តែ​កងទ័ព​ល្បាត​រុស្ស៊ី​បាញ់រះ និង​រឹបអូស​យក​នាវា​កងទ័ព​ជើង​ទឹក​អ៊ុយ​ក្រែ​ន​បី​គ្រឿង រួមជាមួយ​មនុស្ស ២៣​នាក់​តែម្តង​។ នាវា​ទាំងបី​គ្រឿង​របស់​អ៊ុយ​ក្រែ​ន​នោះ​ធ្វើដំណើរ​ចេញពី​កំពង់ផែ Odessa នៅ​សមុទ្រ​ខ្មៅ​ទៅកាន់​ផែ Mariupol ដែល​ស្ថិតនៅក្នុង​សមុទ្រ​អាហ្សូវ​។  
 
​កងកម្លាំង​រុស្ស៊ី​អះអាងថា ខ្លួន​សម្រេចចិត្ត​ប្រើប្រាស់​អាវុធ និង​រឹបអូស​នាវា​អ៊ុយ​ក្រែ​ន ដោយសារ​នាវា​ទាំងនោះ​ឆ្លង​ចូល​ដែនទឹក​ខ្លួន​ដោយ​ខុសច្បាប់​ប៉ុណ្ណោះ ដ្បិតថា​ខ្លួន​សម្រេច​បិទ​ច្រក​នោះ​បណ្តោះអាសន្ន​សម្រាប់​ការធ្វើ​ចរាចរណ៍​។ 
 


ប៉ុន្តែ​ខាង​អ៊ុយ​ក្រែ​ន​បាន​បដិសេធការលើកឡើងនេះ ​និង​ចោទប្រកាន់វិញថា រុស្ស៊ី​បំពាន​ច្បាប់​អន្តរជាតិ​ជាក់ស្តែង ​ដ្បិត​សមុទ្រ​ខ្មៅ​ជា​ដែន​ទឹក​ដែល​នាវា​ដឹកជញ្ជូន​អាចធ្វើ​ដំណើរ​បាន​ដោយ​សេរី ដោយ​សម្អាង​លើ​សន្ធិសញ្ញា​ឆ្នាំ ២០០៣ ដែល​បង្កើតឡើង​ជាមួយ​រុស្ស៊ី​។ ក្រោម​អំណាច​នៃ​កិច្ចព្រមព្រៀង​នេះ​អ៊ុយ​ក្រែ​ន​អាច​ប្រើប្រាស់​ដែនទឹក​នៅ​ជ្រោយ Kerch និង​សមុទ្រ​អា​សូវ​បាន​ដោយ​គ្មាន​ការ​កាត់ផ្តាច់​ ឬ​ហាមឃាត់​ឡើយ​។ បន្ថែម​ពីលើ​ច្បាប់​អន្តរជាតិ អ៊ុយ​ក្រែ​ន​នៅតែ​អះអាង​ជាថ្មី​ថា ឧបទ្វីប​គ្រី​មៀ​នៅតែ​ជា​ដី​របស់ខ្លួន​ស្របច្បាប់​ដែរ ហើយ​វា​ជា​រឿង​ស្របច្បាប់​ដែល​ខ្លួន​បន្តដំណើរ​តាមផ្លូវ​ទឹក​ខាងលើ​។ 
 
​តាមពិតទៅ ភាព​តានតឹង​ផ្នែក​យោធា​នៅក្នុង​សមុទ្រ​នេះ​ជា​ការវិវត្ត​ថ្មី​មួយទៀត​នៃ​ទំនាក់ទំនង​រវាង​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​ដែល​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​ខ្លាំង​ស្រាប់​។ វា​បន្ថែម​កម្តៅ​លើ​វិបត្តិ​គ្រី​មៀ​ឆ្នាំ ២០១៤ និង​ជម្លោះ​ប្រដាប់អាវុធ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដែល​បន្ត​អូសបន្លាយ​ដល់​សព្វថ្ងៃ​រក​ផ្លូវច្បាប់​មិនឃើញ​ផង​នោះ​។ 
 
២.​អ៊ុយ​ក្រែ​ន​ប្រើ​ច្បាប់អាជ្ញាសឹក ប៉ុន្តែ​ពូ​ទីន​បារម្ភ​ខ្លាច​ស្ថានការណ៍​កាន់តែ​ដុនដាប​

​យប់​ថ្ងៃ​ចន្ទ សភា​អ៊ុយ​ក្រែ​ន​បាន​កោះប្រជុំ​បន្ទាប់ពី​មានការ​ស្នើសុំ​ពី​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Petro Poroshenko ជុំវិញ​ការឈាន​ទៅ​អនុវត្ត​ច្បាប់អាជ្ញាសឹក​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ច្របូកច្របល់​។ ប៉ុន្តែ​សមាជិកសភា​អ៊ុយ​ក្រែ​ន​បាន​ជជែក​ដេញដោល​គ្នា​បែកផ្សែង​ជុំវិញ​ការអនុវត្ត​ច្បាប់​នេះ​ដ្បិត​មាន​សមាជិកសភា​ខ្លះ​មិន​គាំទ្រ​ចំណាត់ការ​នេះឡើយ​។ គេ​បារម្ភ​ថា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទំនង​ចង់​ប្រើប្រាស់​ស្ថានភាព​នេះ​លេស​ដើម្បី​លើក​ពេល​បោះឆ្នោត​ដែល​នឹងត្រូវ​រៀបចំឡើង​នៅត្រឹម​ខែមីនា​ឆ្នាំក្រោយ​ផង​។ 

 
​ប៉ុន្តែ​លោក Poroshenko ទាត់ចោល​ការចោទប្រកាន់​ទាំងស្រុង​។ ជា​ចុងក្រោយ​សមាជិកសភា​អ៊ុយ​ក្រែ​ន​ភាគច្រើន​ដល់ ២៧៦​នាក់​ព្រម​អនុម័ត​ចំណាត់ការ​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មានការ​អនុវត្ត​ច្បាប់អាជ្ញាសឹក​នៅ​តំបន់​សំខាន់ៗ​មួយចំនួន​ក្នុងនោះ​មាន​ប្រាំ​តំបន់​នៅជាប់​ទឹកដី​រុស្ស៊ី ពីរ​តំបន់​នៅក្បែរ​ទឹកដី Transdnistria និង​បី​តំបន់​ផ្សេងទៀត  នៅជាប់​សមុទ្រ​ខ្មៅ និង​ឆ្នេរសមុទ្រ​អាហ្សូវ​ផង​។ ច្បាប់​នេះ​ចូល​ជា​ធរមាន​ចាប់​ពីថ្ងៃ​អង្គារ​នេះ​រហូតដល់​ថ្ងៃ ២៧ ខែធ្នូ​ខាងមុខនេះ​។ 
 
​ដោយឡែក ប្រធានាធិបតី​រុស្ស៊ី​លោក វ៉ា្ល​ឌី​មៀ ពូ​ទីន បាន​ថ្លែង​ពី​ក្តីបារម្ភ​របស់ខ្លួន​ចំពោះ​បញ្ហា​នេះ ដ្បិតថា អ៊ុយ​ក្រែ​ន​កំពុង​ដាក់​ទ័ព​ប្រុង​ជើងការ និង​ប្រើ​ច្បាប់អាជ្ញាសឹក​ថែមទៀត​។ ក្រោម​ច្បាប់អាជ្ញាសឹក​នេះ អ៊ុយ​ក្រែ​ន​មានអំណាច​ពង្រាយ​ទ័ព​ប្រុង និង​អាច​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​រឹត​ដ្បិត​ការជួប​ជុំគ្នា​ឬ​ការតវ៉ា​ផងដែរ​។​
 
​ជុំវិញ​បញ្ហា​នេះ លោក ពូ​ទីន បានសម្រេច​ទូរ​សព្ទ​ទៅ​ជជែក​ជាមួយ​អធិការបតី​អាល្លឺម៉ង់ អេ​ន​ជេ​ឡា មឺ​ហ្កែ​ល ដោយ​លោក​ប្រាប់​លោកស្រី​ឲ្យ​អន្តរាគមន៍​ទប់ស្កាត់់​កុំ​ឲ្យ​អ៊ុយ​ក្រែ​ន​បង្កបញ្ហា​ផ្សេងទៀត​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ផង​។​
 
៣. ពូ​ទីន ទំនង​លើក​ពី​បញ្ហា​អ៊ុយ​ក្រែ​ន​ក្នុងពេល​ជួប​ត្រាំ នៅ​អា​ហ្ស​ង់​ទីន​

​មកដល់ពេលនេះ ប្រទេស​អឺរ៉ុប​ធំៗ និង​អាមេរិក​បានបង្ហាញ​ក្តីបារម្ភ​ចំពោះ​ស្ថានភាព​ប្រឈមមុខគ្នា​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ហើយ​គេ​នាំគ្នា​ទាមទារ​ឲ្យ​ភាគី​បន្ធូរបន្ថយ​ភាព​តានតឹង​និង​ប្រឈមមុខគ្នា​យ៉ាង​ស្រួចស្រាល់​នេះដែរ​។​
 
​យ៉ាងណាមិញ វា​មានការ​រិះគន់​ប្រធានាធិបតី​អាមេរិក​និង​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ ដែល​នៅ​បន្ត​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហា​ដែល​កើតឡើង​នៅ​សមុទ្រ​អា​សូវ​នេះ​។ ប៉ុន្តែ​ជា​រឿង​ធម្មតា​ដែល​លោក ដូ​ណា​ល់ ត្រាំ និង​មន្ត្រី​របស់លោក លើកលែងតែ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley សុទ្ធតែ​ស្ទាក់ស្ទើរ​ពេល​និយាយ​ដល់​ការ​ថ្កោលទោស​រុស្ស៊ី​ជាពិសេស​ការ​ក្រសោប​យក​ទឹកដី​គ្រី​មៀ​ពី​អ៊ុយ​ក្រែ​ន​តែម្តង​។ 
 
​ខុសពី​គេឯង លោកស្រី Haley បាន​ប្រើ​សម្តី​ធ្ងន់ៗ​ទិតៀន​រុស្ស៊ី និង​ទាមទារ​ឲ្យ​មហាអំណាច​នេះ​បញ្ឈប់​ភ្លាមៗ​រាល់​សកម្មភាព​ទាំងឡាយណា​ដែល​ខុសច្បាប់​អន្តរជាតិ និង​គោរព​ឲ្យ​បាន​នូវ​សេរីភាព​នាវាចរណ៍​របស់​ប្រទេស​ឯទៀត​។ 
 
​យ៉ាងណាមិញ លោក ត្រាំ និង​ជួប​ជាមួយ​លោក ពូ​ទីន នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​នៅ​សប្តាហ៍​នេះ​ផង​ក្នុងពេលដែល​ពួកគេ​ចូលរួម​កិច្ចប្រជុំ​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ម្ភៃ (G20)​។ អ្នក​ទាំងពីរ​ទំនងជា​នឹង​ផ្លាស់ប្តូរ​យោបល់​គ្នា​ផងដែរ​ជុំវិញ​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​ពិភពលោក​ជាពិសេស​បញ្ហា​ប្រឈមមុខគ្នា​ជាមួយ​អ៊ុយ​ក្រែ​ន​នេះដែរ​។​
 
៤.​លោក​ខាង​លិចអាចចាត់វិធានការ​ប្រឆាំង​រុស្ស៊ី​បែបណា​?

​ស្ថានការណ៍​ដ៏​តានតឹង​នេះ​អាច​នឹង​រាលដាល​ផង​។ ប៉ុន្តែ​គេ​រំពឹង​រង់ចាំ​មើលថា តើ​លោកខាងលិច​នឹងមាន វិធានការ​ឆ្លើយតប និង ដើម្បី​ដាក់បន្ទុក​លើ​រុស្ស៊ី​បែបណា​នៅពេលនេះ​ទេ​។ វា​មានតែ​ការបន្ត​ដាក់ទណ្ឌកម្ម ឬ​បន្ត​ប្រើប្រាស់​លុយ​ឬ​សព្វាវុធ​គាំទ្រ​យោធា​អ៊ុយ​ក្រែ​ន​ទៀត​ប៉ុណ្ណោះ​ដែលជា​ជំហាន​ថ្មី​ដើម្បី​ដាក់​សម្ពាធ​លើ​រុស្ស៊ី​ឲ្យ​ប្តូរ​ឥរិយាបថ​ពេលនេះ​។ អាមេរិក​ជា​ប្រទេសមួយ​ដែល​អាច​បង្កើន​ជំនួយ​ដើម្បី​បង្វឹក​ទ័ព​អ៊ុយ​ក្រែ​ន និង​បំពាក់​សព្វាវុធ​បន្ថែម​ដល់​ទ័ព​អ៊ុយ​ក្រែ​ន​លើសពី​អ្វីដែល​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ធ្លាប់ធ្វើ​ក្រោយ​វិបត្តិ​គ្រី​មៀ​កើតឡើង​ក្នុង​ឆ្នាំ ២០១៤​ដែរ​។  
 
​លើសពីនេះ លោកខាងលិច​ជាពិសេស​អាមេរិក និង​រដ្ឋ​ណា​តូ​មួយចំនួន​អាច​នឹង​ចាប់ផ្តើម​ពង្រឹង​ការ​កម្លាំងយោធា និង​ពង្រាយ​កងទ័ព​បន្ថែមទៀត​នៅក្បែរ​សមុទ្រ​ខ្មៅ​ដែល​ស្ថិតនៅ​ក្បែរ​របង​ផ្ទះ​រុស្ស៊ី​ផ្ទាល់​។ វា​មិនមែនជា​ជម្រើស​ល្អ​ជាងគេ​ទេ ប៉ុន្តែ​វា​ជា​យុទ្ធសាស្ត្រ​មួយ​ដាក់​គំនាប​លើ​រុស្ស៊ី​បន្ថែមទៀត បើសិនជា​រដ្ឋាភិបាល​នេះ​មិន​ព្រម​បន្ទន់​ជំហរ​បន្តិចបន្តួច​ដើម្បី​បញ្ចៀស​ការប្រឈមមុខគ្នា​ពេញបន្ទុក​ទេនោះ​។ 
 
​មកដល់​បច្ចុប្បន្ន ថ្វីបើ​ទោះជា​លោកខាងលិច​តាមរយៈ​បក្សសម្ព័ន្ធ​ណា​តូ​បាន​ផ្តល់ជំនួយ​ច្រើនសន្ធឹក​លើ​ផ្នែក​យោធា​ដល់​អ៊ុយ​ក្រែ​ន​ក្តី អតីត​រដ្ឋ​សហភាពសូវៀត​នេះ​មិនទាន់​ក្លាយជា​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ​នៅឡើយ​។ វា​ជា​រឿង​លំបាក​សម្រាប់​អ៊ុយ​ក្រែ​ន ហើយ​ធម្មនុញ្ញ​ណា​តូ​ក៏​មិន​អាចមាន​សុពលភាព​អនុវត្ត​ក្នុងករណី​មានការ​វាយប្រហារ​ណាមួយ​កើតឡើង​ប្រឆាំង​អ៊ុយ​ក្រែ​ន​ដែរ​។​
 
​បញ្ហា​ដែល​កើតឡើង​ពេលនេះ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​គៀវ​ស្វះ​ស្វែងរក​លទ្ធភាព​ចូលរួម​ជាមួយ​ណា​តូ និង​សហភាព​អឺរ៉ុប​ថែមទៀត​។ យ៉ាងណាមិញ វា​មិនជា​រឿង​ដែល​នឹង​កើតឡើង​ឆាប់ៗ​ឡើយ​។ សមាជិកភាព​របស់​អ៊ុយ​ក្រែ​ន​ក្នុង​សហភាព​អឺរ៉ុប និង​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ជា​រឿងចម្រូងចម្រាស​បំផុត ហើយ​វា​ជា​អ្វីដែល​លោក ពូ​ទីន មិន​ចង់ឃើញ​សោះ​ដែរ​។ លោកខាងលិច​មិន​ហ៊ាន​ប្រថុយ​ទទួលយក​អ៊ុយ​ក្រែ​ន ហើយ​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ពិបាក​គ្រប់គ្រង និង​ប្រឈមមុខ​កាន់តែខ្លាំង​ជាមួយ​រុស្ស៊ី​ឡើយ​៕
 

Tag:
 អាមេរិក​
  ណា​តូ​
  អ៊ុយ​ក្រែ​ន​
  រុស្ស៊ី​
  Azov
© រក្សាសិទ្ធិដោយ thmeythmey.com