ជាតិ
អាជ្ញាធរ​អប្សរា​រៀបចំ​ពិ​ព័រ​ណ៌​១៥​ថ្ងៃ អបអរ​ខួប​២៥​ឆ្នាំ​ថ្ងៃ​បង្កើត​អាយ​ស៊ី​ស៊ី​-​អង្គរ​
28, Nov 2018 , 10:59 am        
រូបភាព
​សៀមរាប​៖ ដើម្បី​អបអរសាទរ​ខួប ២៥​ឆ្នាំ នៃ​ការបង្កើត​គណៈកម្មាធិកា​រ​អន្ដរជាតិ​សម្រប​សម្រួលការ​គាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ដ្រ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​តាំង​ពិ​ព័រ​ណ៌​ចំនួន ១៥​ថ្ងៃ​នៅខាងមុខ​សួនច្បារ មហាសណ្ឋាគារ​អង្គរ ឬ​ហ្គ្រ​ង់​អូ​តែ​ល​។ ពិ​ព័រ​ណ៌​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី ២៨ វិច្ឆិកា ដល់​ថ្ងៃទី​១២ ធ្នូ​។​

 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៨ វិច្ឆិកា គោលបំណង​នៃ​ការតាំង​ពិ​ព័រ​ណ៌​នេះ គឺ​ដើម្បី​អបអរសាទរ​ខួប ២៥​ឆ្នាំ​ថ្ងៃ​បង្កើត​គណៈកម្មាធិការ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ និង​ចូលរួម​ផ្សព្វផ្សាយ​ពី​សកម្មភាព ក៏ដូចជា​សមិទ្ធផល​សំខាន់ៗ​របស់​គណៈកម្មាធិការ​មួយ​នេះ លើ​គម្រោង​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​នាពេល​កន្លងមក​។ 
 
​​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ត្រូវបាន​បង្កើតឡើង​នៅ​ខែធ្នូ ឆ្នាំ ១៩៩៣ នាទី​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដែលមាន​សហប្រធាន គឺ​ជប៉ុន និង​បារាំង ឯ​អង្គការ​យូណេស្កូ​ដើរតួ​ជា​លេខាធិការដ្ឋាន​។​
 
​គួរ​បញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣១ និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៥  និង​ការ​ប្រារព្ធ​ខួប ២៥​ឆ្នាំ នៃ​ការបង្កើត​គណៈកម្មាធិកា​រ អាយ​ស៊ី​ស៊ី​-​អង្គរ នៅ​ថ្ងៃទី ៤-៥ ខែធ្នូ ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ សុខា​សៀមរាប​។ កម្មវិធី​បើក​នៃ​កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្រោម​វត្តមាន​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​ ហ៊ុន សែន ឯកម្ម​វិធី​បិទ​ក្រោម​ព្រះរាជាធិបតីភាព ព្រះករុណា ​ព្រះបាទ សម្ដេច ព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com