កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Man Utd និង Juventus រួមទាំង​៥​ក្រុម​ទៀត កក់​កៅអី​ទៅ​វគ្គ​១៦​ក្រុម​
28, Nov 2018 , 11:41 am        
រូបភាព
Manchester United, Juventus និង​ក្រុម​ការពារ​តំណែង​ជើង​ឯង Real Madrid ស្ថិតក្នុង​ចំណោម​ក្រុម​ទាំង​៧ ដែលមាន​ពិន្ទុ​គ្រប់គ្រាន់​ដើម្បី​ឈានទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ UEFA Champions League ដោយ​ស្វ័យប្រវត្តិ បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​រៀងៗ​ខ្លួន​នៅ​រាត្រី​ថ្ងៃទី​២៧ ខែវិច្ឆិកា​។​


 
​ក្រុម​បិសាច​ក្រហម Man Utd បាន​យកឈ្នះ​លើ​ក្រុម​ភ្ញៀវ Young Boys ក្នុង​លទ្ធផល ១-០ ទាំង​ប្រផិតប្រផើយ​នៅ​នាទី​៩០+ ទៅហើយ​ដែល​ធ្វើបាន​ដោយ​ខ្សែបម្រើ Marouane Fellaini​។ គ្រាប់​បាល់​ជ័យជម្នះ​របស់​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​នេះ​បាន​នាំ​ឲ្យ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ Jose Mourinho ទទួលបាន​១០​ពិន្ទុ នាំមុខ​ក្រុម​លេខ​៣ Valencia ដែលមាន​៥​ពិន្ទុ​ក្រោយ​ឆ្លងកាត់​ការប្រកួត​៥​លើក ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H​។ ក្នុង​ពូ​ល H នេះ Juventus រកបាន​ដល់​ទៅ​១២​ពិន្ទុ​ស្ថិតនៅ​កំពូល​តារាង​ក្រោយ​យកឈ្នះ Valencia ១-០​។ ដូច្នេះ ក្រុម​រហស្សនាម​សេះបង្កង់​ពី​អ៊ីតាលី និង Man Utd ពី​អង់គ្លេស បាន​សិទ្ធិ​ទៅ​វគ្គ​បន្ត​ទោះ​សល់​មួយ​ប្រកួត​ទៀត ខណៈ​ក្រុម​ពី​អេ​ស្ប៉ា​ញ Valencia បាន​កៅអី​លេង​នៅ Europa league បន្តទៀត ព្រោះ Young Boys មានតែ​១​ពិន្ទុ​ប៉ុណ្ណោះ​។​
 
​សម្រាប់ Real Madrid និង AS Roma ក៏បាន​ចាប់ដៃគ្នា​ឈានទៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​ដូចគ្នា​ដែរ បន្ទាប់ពី​មាន​ពិន្ទុ​នាំមុខ​ដាច់​គេ​ក្នុង ពូ​ល G​។ Roma បើទោះជា​ចាញ់​ក្រុម​ម្ចាស់​ជើងឯក​ចាស់ Real ២-០ ក៏ដោយ​តែ​ពួកគេ​នៅមាន​ពិន្ទុ​គ្រប់គ្រាន់​ចំនួន​៩​ពិន្ទុ លើស​ក្រុម​លេខ​៣ Viktoria Plzen ដល់​ទៅ ៥​ពិន្ទុ ស្របពេល​ការប្រកួត​នៅសល់​១​លើក​ទៀត​ប៉ុណ្ណោះ​។​
 
​ពូ​ល F រកឃើញ​មួយក្រុម​ហើយ​ដែល​អាច​ឈានទៅ​វគ្គ​បន្ត​គឺ Manchester City​។ បន្ទាប់ពី​ប្រកួត​ស្មើ​ជាមួយ Lyon ២-២ កាលពី​យប់មិញ ក្រុម​រហស្សនាម​មេឃ​ខៀវ​ដែល​ដឹកនាំ​ដោយ​លោក Pep Gardiola ទទួលបាន​១០​ពិន្ទុ​ដាច់​គេ​ក្នុង​ពូ​ល​ដោយ​នាំ​មុន​ក្រុម​លេខ​៣ Shakhtar Donetsk ៥​ពិន្ទុ ក្រោយ​ឆ្លងកាត់​៥​ប្រកួត​រួចមក​។ ក្នុង​ពូ​ល​នេះ ក្រុម​ពី​បារាំង Lyon ត្រូវ​ប្រជែង Shakhtar ដើម្បី​បាន​កៅអី​ទៅ​វគ្គ​បន្ត ហើយ​ក្រុម​បាត​តារាង Hoffenheim ក៏មាន​ឱកាស​យក​កៅអី Europa League ផងដែរ​សម្រាប់​ការប្រកួត​កាត់សេចក្តី​ចុងក្រោយ​។​
 
​ដោយឡែក​ពីរ​ក្រុម​ទៀត​ដែល​ឈានទៅ​វគ្គ​ខ្វែង​រួមមាន Bayern Munich និង Ajax ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​នៅ​ពូ​ល E​។ ក្រុម​ខ្លាំង​ពី​អាល្លឺម៉ង បាន​លត់​ក្រុម​ភ្ញៀវ Benfica ដល់​ទៅ ៥-១ ក្នុងការ​ប្រកួត​លើក​ទី​៥ ដែល​ធ្វើ​ឲ្យ​ពួកគេ​ឈរ​នៅ​កំពូល​តារាង​មាន​១៣​ពិន្ទុ​។ ចំណែក Ajax ក្រុម​មកពី​ហូ​ឡង់​បាន​យកឈ្នះ​ក្រុម​បាត​តារាង AEK Athens ក្នុង​លទ្ធផល ២-០ ហើយ​ជ័យជម្នះ​នេះ​បាន​នាំ​ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​២​មាន​១១​ពិន្ទុ នាំមុខ​ដាច់​ពិន្ទុ​ក្រុម​លេខ​៣ Benfica ដែលមាន​៤​ពិន្ទុ​។ ក្រុម​ពី​ព័រ​ទុយ​ហ្គា​ល់ Benfica បាន​កៅអី​លេង​នៅពាន​លំដាប់​ទី​ពីរ​អឺរ៉ុប​បន្តទៀត ខណៈ​ក្រុម​ពី​ក្រិ​ក AEK Athens គ្មាន​ពិន្ទុ​រាប់​ក្នុង​ពូ​ល​នេះ​។​
 
​ដូច្នេះ​ការប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពាន​កំពូល​អឺរ៉ុប​នេះ​រកឃើញ​៧​ក្រុម​រួចហើយ ដោយ​រង់ចាំ​៩​ក្រុម​ទៀត​ដើម្បី​ទៅ​ប្រជែង​គ្នា​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​
 
​លទ្ធផល​ការប្រកួត​គូ​ផ្សេងៗ​៖

- Group E 
 
AEK Athens ២-០ Ajax
FC Bayern München ៥-១ Benfica
 
- Group F 
 
Hoffenheim ២-៣ Shakhtar Donetsk
Lyon ២-២ Manchester City
 
- Group G 
 
CSKA Moscow ១-២ Viktoria Plzen
Roma ០-២ Real Madrid
 
- Group H 

Juventus ១-០ Valencia
Man Utd ១-០ Young Boys
 

Tag:
 បាល់ទាត់​
  UEFA Champions League
  Manchester United
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com