អន្តរជាតិ
ជប៉ុន​ពិចារណាកែ​នាវា Izumo ជា​នាវា​ដឹក​យន្តហោះ​ចម្បាំង និង​ទិញ​យន្តហោះ​បំបាំងកាយ F-35 ១០០​គ្រឿង​
28, Nov 2018 , 12:19 pm        
រូបភាព
​រដ្ឋាភិបាល​ជប៉ុន​ទំនងជា​នឹង​ចាប់ផ្តើម​កែកុន​នាវា​ដឹក​ឧទ្ធម្ភាគចក្រ​ទៅជា​នាវា​ដឹក​នា​យន្តហោះ​ចម្បាំង​នៅពេល​ឆាប់ៗ​ខាង ក្នុង​គោលដៅ​ពង្រឹងសមត្ថភាព​ការពារជាតិ​ទប់ទល់​នឹង​ការគំរាមកំហែង​សន្តិសុខ​តំបន់​។ ក្រុង​តូ​ក្យូ​ក៏​កំពុង​ពិចារណា​នាំចូល​យន្តហោះ​ចម្បាំង​បំបាំងកាយ F-35 ប្រហែល ១០០​គ្រឿង​ពី​អាមេរិក​ផងដែរ​។ យ៉ាងណាមិញ មហិច្ឆតា​នេះ​ជា​សញ្ញា​មួយ​នៃ​ការ​ដើរចេញ​ឆ្ងាយ​ពី​រដ្ឋធម្មនុញ្ញ​សន្តិភាព​បង្កើត​ក្រោយ​ចប់​សង្គ្រាមលោកលើកទីពី​រហើយ​។​


 
​ប្រភព​ខាង​រដ្ឋាភិបាល​បាន​បង្ហើប​ឲ្យ​ដឹង​នៅ​សប្តាហ៍​នេះ​ថា រដ្ឋាភិបាល​ជប៉ុន​ក្រោម​ការដឹកនាំ​របស់លោក ស៊ីន​ហ្សូ អា​បេ កំពុង​ពិចារណា​កែច្នៃ​នាវា​ដឹក​ឧទ្ធម្ភាគចក្រ​បច្ចុប្បន្ន​ដែល​ខ្លួន​កំពុង​ប្រើប្រាស់​ទៅជា​ប្រ​ភេ​នាវា​ដឹក​យន្តហោះ​ចម្បាំង​វិញ ដើម្បី​ពង្រឹងសមត្ថភាព​ការពារជាតិ​របស់ខ្លួន​។ 
 
​យោងតាម​សារព័ត៌មាន​ជប៉ុន Japan Times ការកែ​កុន​នេះ​អាចធ្វើ​ឡើង​ចំពោះ​នាវា​ដឹក​ឧទ្ធម្ភាគចក្រ​របស់​ជប៉ុន​ឈ្មោះ Izumo ដែលមាន​ទម្ងន់ ១៩៥០០​តោន និង​មាន​រយៈ​ចម្ងាយ ២៤៨​ម៉ែត្រ​នោះ​។ បច្ចុប្បន្ន​នាវា​នេះ​អាច​ដឹក​ឧទ្ធម្ភាគចក្រ​បាន​ប្រហែល ១៤​គ្រឿង ហើយ​ក្រោយពេល​កែកុន​ហើយ​វា​អាចដាក់​យន្តហោះ​ចម្បាំង​បាន​។ ជប៉ុន​ទំនងជា​នឹង​ប្រើ​នាវា​នេះ​ដឹក​យន្តហោះ​ចម្បាំង​បំបាំងកាយ​ស៊េរី​ថ្មី F-35 ផង​។​
 
​ជុំវិញ​ព័ត៌មាន​ស្តីពី​ការកែ​ថ្នៃ​នាវា​នេះ រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន Takeshi Iwaya មិនបាន​បដិសេធ​អ្វី​ឡើយ ហើយ​លោក​ថែមទាំង​បង្ហាញ​សុទិដ្ឋិនិយម​ថែមទៀត​ចំពោះ​ការបង្កើន​សមត្ថភាព​នាវា​ដឹក​ឧទ្ធម្ភាគចក្រ​ទៅជា​នាវា​ដឹក​យន្តហោះ​ចម្បាំង​ដែលមាន​ប្រយោជន៍​ច្រើន​សម្រាប់​សកម្មភាព​យោធា​នេះ​។ 
 
«​វា​ជា​រឿង​ដែល​យើង​ចង់បាន​នៅពេលដែល​នាវា​នោះ​អាច​ប្រើប្រាស់​បាន​ច្រើនយ៉ាង​តាម​ដែល​អាច​ធ្វើបាន​»​។ ប្រមុខ​ការពារជាតិ​ជប៉ុន​ថ្លែង​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​អង្គារ​ទី ២៧ ខែវិច្ឆិកា​នេះ​។  
 
​តាមពិតទៅ​យន្តហោះ Izumo ត្រូវបាន​ប្រើប្រាស់​ដោយ​កងទ័ព​ស្វ័យការពារ​ជប៉ុន (SDF) ហើយ​ការ​ឈានទៅ​កែកុន​នាវា​នេះ​ទៅជា​ប្រភេទ​នាវា​ដឹក​យន្តហោះ​ចម្បាំង​នោះ​បង្ហាញ​ឲ្យ​ឃើញថា ជប៉ុន​កំពុង​ប្រឹងប្រែង​ពង្រឹងសមត្ថភាព​ការពារជាតិ​របស់ខ្លួន​ដើម្បី​ឆ្លើយតប​នឹង​ឥទ្ធិពល​មហា​យក្ស​ចិន​។ ប៉ុន្តែ​វា​ជា​កាយវិការ​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញថា ជប៉ុន​កំពុង​ដើរចេញ​កាន់តែ​ឆ្ងាយ​ពី​រដ្ឋធម្មនុញ្ញ​សន្តិភាព​របស់ខ្លួន​ដែរ​។​
 
​ក្រោម​មាត្រា ៩​នៃ រដ្ឋធម្មនុញ្ញ​សន្តិភាព​បន្សល់ទុក​ក្រោយ​សង្គ្រាមលោកលើកទីពីរ ជប៉ុន​មិនអាច​ប្រើប្រាស់​ប្រភេទ​នាវា​ដឹក​យន្តហោះ​ចម្បាំង​បានឡើយ ហើយ​វា​អាច​ត្រឹម​មាន​កងទ័ព​ស្វ័យការពារ​ដើម្បី​ឆ្លើយតប​នឹង​ការវាយប្រហារ​ឬ​ឈ្លានពាន​ប៉ុណ្ណោះ​។ 
 
​ប៉ុន្តែ​គណបក្សកាន់អំណាច​ប្រជាធិបតេយ្យ​សេរី (LDP) របស់លោក អា​បេ ចង់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ដល់​ជប៉ុន​ក្នុងការ​ពង្រឹងសមត្ថភាព​ការពារជាតិ​បន្ថែមទៀត​ក្នុងនាម​ជា​មហាអំណាច​តំបន់ និង​ឆ្លើយតប​បញ្ហា​សន្តិសុខ​។ គណបក្ស​នេះ​ក៏បាន​ស្នើសុំ​ឲ្យ​មានការ​កែកុន​នាវា Izumo ទៅជា​នាវា​ដឹក​យន្តហោះ​ចម្បាំង​ដែរ​ក្នុង​របាយការណ៍​របស់​ខ្លួន​ចេញផ្សាយ​តាំងពី​ខែឧសភា​។ 
 
​យ៉ាងណាមិញ គេ​មិនទាន់​ដឹង​ទេ​ឡើយ​ថា ប្រភេទ​យន្តហោះ​ណាមួយ​ដែល​នឹងត្រូវ​ប្រើប្រាស់​លើ​នាវា Izumo បើសិនជា​នាវា​នេះ​ត្រូវគេ​កែកុន​មែន​នោះ​។ រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​បាន​បញ្ជាក់ថា ជុំវិញ​ប្រភេទ​យន្តហោះ​ដែល​ត្រូវ​ប្រើប្រាស់​នោះ ខាង​ក្រសួង​នឹង​ចាប់ផ្តើម​សិក្សា​លម្អិត​សិន​។ ប៉ុន្តែ ជារួម​វា​មានតែ​យន្តហោះ F-35 ប៉ុណ្ណោះ​ដែល​សក្តិសម​ដ្បិត​វា​មាន​សមត្ថភាព​ហោះ​ឡើងលើ​ផ្លូវ​រត់​ខ្លី និង​អាច​ហោះ​ឡើយ​បញ្ឈរ​បាន​ទៀត​។​
 
​ដោយឡែក នៅ​ថ្ងៃ​អង្គារ​ទី ២៧ វិច្ឆិកា​នេះដែរ កាសែត​សេដ្ឋកិច្ច  Nikkei បាន​ផ្សាយ​ដោយ​ដកស្រង់ ប្រភព​មិនមាន​អត្តសញ្ញាណ​មួយ​ថា រដ្ឋាភិបាល​ជប៉ុន​ក៏​កំពុង​ពិចារណា​នាំចូល​យន្តហោះ F-35 ចំនួន ១០០​គ្រឿង​ពី​អាមេរិក​ដើម្បី​ជំនួស​យន្តហោះ​ចាស់ៗ​ប្រភេទ F-15 របស់ខ្លួន​ដែរ​។ យន្តហោះ F-35 មួយគ្រឿង​ជិត ៩០​លាន​ដុល្លារ ដូច្នេះ​ជប៉ុន​ត្រូវ​ចំណាយលុយ​ជិត ៩​ពាន់​លាន​ដុល្លារ​ឯណោះ​ដើម្បី​ទិញ​យន្តហោះ​ទាំងនេះ​។ បច្ចុប្បន្ននេះ កងទ័ព​ជប៉ុន​ត្រៀម​ទទួល​យន្តហោះ​ចម្បាំង​ប្រភេទ F-35A ចំនួន ៤២​គ្រឿង​នៅត្រឹម ២០២៤ នេះ​៕
 

Tag:
 ជប៉ុន​
  Izumo
  F-35
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com