ជាតិ
២៥ខេត្ត/រាជធានី
មន្រ្តីរាជការ, សិល្បករ, កីឡាករ និងយុវជនជាង៦០០នាក់ នឹងចូលរួមកម្មវិធី ៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រនៅថ្ងៃស្អែក
28, Nov 2018 , 3:30 pm        
រូបភាព
ភ្នំពេញ៖ ថ្ងៃទី២៩ វិច្ឆិកាស្អែកនេះ មន្រ្តីរាជការ, សិល្បករ, កីឡាករ, មហាជន និងយុវជន ជាង៦០០នាក់ នឹងចូលរួមព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ»។ អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ នឹងធ្វើដំណើរថ្មើរជើងរួមគ្នា ក្នុងចម្ងាយផ្លូវ ៤០គីឡូម៉ែត្រ ពីស្រុកមេមត់ ឆ្ពោះទៅស្រុកស្នួល នៃខេត្តក្រចេះ។



នៅថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូនេះ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងចាប់ផ្ដើមព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ»។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីរម្លឹកខួប៤០ឆ្នាំ នៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជាថ្ងៃទី ២ ធ្នូ ១៩៧៨។
  


ក្នុងព្រឹត្តិការណ៍នេះ មានអ្នកចូលរួមជាង ៦០០នាក់ ដែលមកពីស្ថាប័ននានា ដូចជា មន្រ្តីរាជការ, សមាជិកស.ស.យ.ក, សិល្បករ, កីឡាករ និងយុវជន។ អ្នកចូលរួមទាំងអស់ នឹងត្រូវធ្វើដំណើរថ្មើរជើងចម្ងាយ ៤០គីឡូម៉ែត្រ ឆ្ពោះទៅកាន់វិមានអនុស្សាវរីយ៍២ធ្នូ ក្នុងស្រុកស្នួល ខេត្តក្រចេះ។  នេះបើតាមការបញ្ជាក់របស់លោក ទិត ច័ន្ទតារា ក្រុមការងារផ្សព្វផ្សាយនៃព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្រ្ត»។
  


លោក ទិត ច័ន្ទតារា បញ្ជាក់ថា ក្រុមការងារ និងអ្នកចូលរួមត្រៀមខ្លួនរួចហើយ សម្រាប់ព្រឹត្តិការណ៍មួយនេះ។ សូមបញ្ជាក់ថា «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» ជាព្រឹត្តិការណ៍ថ្មីមួយ រៀបចំឡើងក្នុងគោលបំណងផ្តល់ជាវេទិកាដល់យុវជន ឲ្យចេះរួបរួមគ្នា ស្វែងយល់ពីកម្រិតសមត្ថភាពរបស់ខ្លួន ភាពអត់ធ្មត់ និងសមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែង ជាពិសេសការស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រតាមរយៈការធ្វើដំណើរថ្មើរជើងលើចម្ងាយផ្លូវ ៤០គីឡូម៉ែត្រ៕



Tag:
 ៤០គីឡូម៉ែត្រ
  សសយក
© រក្សាសិទ្ធិដោយ thmeythmey.com