ជាតិ
«បរាជ័យច្រើនដង តែមិនបោះបង់»! លោក សែត ពិទូរ្យ ផលិតនាឡិកាដៃម៉ាក «ពូ» លក់នៅទីផ្សារអាមេរិក អារ៉ាប់ និងកូរ៉េ…
× ភ្នំពេញ៖ លោក សែត ពិទូរ្យ ស្ថាបនិកក្រុមហ៊ុននាឡិកាម៉ាកជាភាសាខ្មែរ «ពូ-PU» បានលើកឡើងថា ការដាក់ឈ្មោះជាភាសារខ្មែរនេះ គឺចង់លើកតម្លៃជាតិឲ្យពិភពលោកស្គាល់ និងចង់បង្ហាញថាខ្មែរអាចធ្វើបានមិនចាញ់បរទេស។ ក្នុងនាមជាអ្នកចូលចិត្តប្រើ និងស្គាល់ច្បាស់ពីនាឡិកាដៃ សហគ្រិនវ័យក្មេងរូបនេះ ក៏សម្រេចចិត្តបើកអាជីវកម្មផលិតនាឡិកា «ពូ» ដោយប្រើប្លាទិន ឈើកិនខ្មែរ និងប្រអប់រចនាដោយក្បូរក្បាច់របៀបខ្មែរនេះឡើង។
លោកសែត ពិទូរ្យ បានលើកឡើងថា ទម្រាំបង្កើតអាជីវកម្មផលិតនាឡិកានេះបាន លោកធ្លាប់បរាជ័យក្នុងការគ្រប់គ្រងអាជីវកម្មរបស់ខ្លួនជាច្រើនលើកមកហើយ។ ដោយមិនព្រមបោះបង់ចោលពីការបើកអាជីវកម្ម លោកក៏សម្រេចចិត្តបើកក្រុមហ៊ុនផលិតនាឡិកាដោយដៃម៉ាក«ពូ-PU» នេះម្ដងទៀត។ មុននឹងចាប់ផ្ដើមអាជីវកម្មនេះ លោក ពិទូរ្យ ត្រូវការស្វែងរកការគាំទ្រគំនិតរបស់ខ្លួន ពីមិត្តភក្តិ អ្នកស្គាល់ និងអ្នកជំនាញ។
អ្នកច្នៃម៉ូតនាឡិកាវ័យក្មេងរូបនេះនិយាយថា៖« យើងគ្រាន់តែទិញគ្រឿងម៉ាស៊ីនមកពីបរទេស បន្ទាប់មកយើងផ្គុំ និងដំឡើង ធ្វើប្រអប់ បិតស្បែក បិតស្លាកសញ្ញា គឺដោយដៃកូនខ្មែរទាំងអស់»។
សូមស្ដាប់កិច្ចសម្ភាសរវាងលោក ភួង វ៉ាន់ថា អ្នកសារព័ត៌មានថ្មីៗ និងលោក សែត ពិទូរ្យ ស្ថាបនិកក្រុមហ៊ុននាឡិកាម៉ាក «ពូ-PU» ដូចតទៅ៖
ក្រុមការងារផលិតនាឡិកានេះចំនួន ២ ផ្នែកគឺខាងច្នៃប្រអប់ និងផ្នែកជាងប្លាទីន ដែលមានចំនួនសរុបជិត២០ នាក់។ «ពូ-PU» មាន ៣ ម៉ូដែលគឺ PU Classic Model , PU International Model, PU Traditional Model សម្រាប់លក់លើទីផ្សារ។ ក្នុងរយៈពេលដំណើរការបានជិត២ខែនេះ នាឡិកាដែលផលិតដោយកូនខ្មែរនេះ មានការគ្រាំទ្រពីសំណាកអ្នកប្រើប្រាស់ក្នុងប្រទេស និងក្រៅប្រទេសច្រើន។
លោកឲ្យដឹងថា៖ «យើងទើបចាប់ផ្តើមដំណើរការកាលពីថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០១៨ ដោយមិនទាន់សម្ពោធជាផ្លូវកា ក្នុងស្រុកយើងទទួលបានការជាវពីបងប្អូនខ្មែរប្រមាណជិត ៥០ គ្រឿង មកហើយដែរ ខណៈនៅក្រៅប្រទេសវិញ យើងមានការនាំយកទៅកាន់ប្រទេសកូរ៉េខាងត្បូង ប្រទេសអារ៉ាប់ សហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលីផងដែរ»៕
Tag:
Startup
លោក សែត ពិទូរ្យ
នាឡិកាខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com