សម្តេចព្រះសង្ឃរាជ ជួន ណាត បានចងក្រងនូវពាក្យពេចន៍ដែលត្រឹមត្រូវ ដោយប្តូរពីព្យាង្គរាយ ទៅព្យាង្គតម្រួត បន្ថែមពីនេះទៅទៀត លោកក៏កែសម្រួលពាក្យដែលសរសេរដោយអក្សរ «ល» ប្តូរទៅជា «ឡ» វិញ។ តើពាក្យទាំងនេះមានអ្វីខ្លះ?
ពាក្យដែលប្តូរពីអក្សរ «ល» ទៅ «ឡ» មានដូចជា៖ ក្រលៅ ទៅជាក្រឡៅ, ច្រលំ ទៅជាច្រឡំ, ច្រលឹង ទៅជាច្រឡឹង, ច្រលុង ទៅជាច្រឡុង, ច្រលោ ទៅជាច្រឡោ, ច្រលោត ទៅជាច្រឡោត, ច្រលាស់ ទៅជាច្រឡាស់, ត្រលាច ទៅជាត្រឡាច, ត្រលក ទៅជាត្រឡក, ត្រលាយ ទៅជាត្រឡាយ។
វចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពាក្យដែលប្តូរពី«ល» ទៅ«ឡ»បន្ថែមទៀតគឺ ស្រលាញ់ ទៅជាស្រឡាញ់, សំលេង ទៅជាសំឡេង, សំលី ទៅជាសំឡី, សំលេះ ទៅជាសំឡេះ, សំលែះ ទៅជាសំឡែះ, ស្រលក់ ទៅជាស្រឡក់, ស្រលប់ ទៅជាស្រឡប់, ស្រលំ ទៅជាស្រឡំ, ស្រលាំងកាំង ទៅជាស្រឡាំងកាំង, ស្រលិត ទៅជាស្រឡិត, ស្រលើ ទៅជាស្រឡើ, ស្រលាង ទៅជាស្រឡាង, ស្រលៃ ទៅជាស្រឡៃ ។ល។
ចំពោះពាក្យដែលមានតួអក្សរ«ល» មិនប្តូរទៅ «ឡ» ទេ តែត្រូវប្តូរជាព្យាង្គតម្រួតវិញ រួមមាន សំលឹង ទៅជាសម្លឹង, សំលក់ ទៅជាសម្លក់, សំល ទៅជាសម្ល, សំលី ទៅជាសម្លី, សំឡាញ់ ទៅជាសម្លាញ់, ចំលើយ ទៅជាចម្លើយ, ចំលែក ទៅជាចម្លែក, ចំលាក់ ទៅជាចម្លាក់, ចំលង ទៅជាចម្លង, សំលុត ទៅជាសម្លុត, សំលូត ទៅជាសម្លូត, សំលុយ ទៅជាសម្លុយ, សំលេច ទៅជាសម្លេច។ល៕