ជាតិ
អំបិល​នឹង​ឡើងថ្លៃ បន្ទាប់ពី​កម្ពុជា​បាន​នាំចូល​អំបិល​៥០០០​តោន​ដំបូង
28, Nov 2018 , 8:59 pm        
រូបភាព
ការប្រមូលផលអំបិល ក្នុងឆ្នាំ២០១៤ (រូបភាព បានពីប៊ុន បារាំងប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប )
ការប្រមូលផលអំបិល ក្នុងឆ្នាំ២០១៤ (រូបភាព បានពីប៊ុន បារាំងប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប )
​ភ្នំពេញ​៖ អំបិល​ចំនួន​៥០០០​តោន ដែល​ទិញ​ពី​ប្រទេស​ចិន​ក្នុងដំណាក់កាល​ដំបូង បាន​នាំ​មកដល់​កម្ពុជា​ហើយ តាម​កំពង់ផែ​ភ្នំពេញ កាលពី​ថ្ងៃទី​២៧​វិច្ឆិកា ឆ្នាំ​២០១៨​។ ការ​នាំចូល​អំបិល​៥០០០​តោន​នេះ នឹងធ្វើ​ឲ្យ​តម្លៃ​អំបិល​កម្ពុជា​កើនឡើង​។​


 
​លោក ប៊ុន បារាំង ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​-​កែប បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អំបិល​ដែល​នាំចូល​នេះ មានតម្លៃ​៩០​ដុល្លារ ក្នុង​មួយ​តោន និង​ជាត​ម្លៃ​មិនទាន់​គិតថ្លៃ​ដើមឡើយ​។ ដូច្នេះ​អំបិល​ដែល​នាំចូល​សម្រាប់​បំពេញតម្រូវការ​ទីផ្សារ នឹង​កើន​ថ្លៃ​ជាង​ឆ្នាំមុនៗ​។  
 
​លោក ប៊ុន បារាំង បាន​និយាយ​ដូច្នេះ​«​កាល​យើង​នាំ​ទំនិញ​ចូល គឺ​វា​ថ្លៃ​ជាង​ការផលិត​ក្នុងស្រុក​ហើយ ដោយ​គិត​ទៅលើ​ថ្លៃ​ដឹកជញ្ជូន ថ្លៃ​កម្មករ និង​ថ្លៃ​សេវា​ផ្សេងៗ​។ ពេល​គិត​បញ្ចូល​ថ្លៃ​ទាំងនេះ​អស់ហើយ អំបិល​នេះ​អាចមាន​តម្លៃ​ជាង​១០០​ដុល្លារ​ក្នុង​មួយ​តោន​»​។​


ស្រែអំបិលនាពេលកំពុងប្រមូលផល ក្នុងឆ្នាំ២០១៦ (រូបភាព បានពីលោក ប៊ុន បារាំង
 
​បើតាម​លោក បារាំង អំបិល​៥០០០​តោន ដែល​នាំ​មកដល់​ក្នុងដំណាក់កាល​ដំបូង​នេះ នឹង​ចែកចាយ​ទៅ​ទូទាំងប្រទេស ហើយ​នឹងធ្វើ​នីតិវិធី​នាំចូល​បន្តបន្ទាប់​ទៀត រហូត​គ្រប់​ចំនួន​៣​ម៉ឺន​តោន​។ លោក ប៊ុន បារាំង បាន​បញ្ជាក់ថា​៖«​នៅពេលដែល​យើង​នាំចូល​អំបិល​២​ម៉ឺន​តោន​ពី​ចិន​អស់ហើយ  ទើប​យើង​នាំចូល​អំបិល ១​ម៉ឺន​តោន​ទៀត​ពី​ថៃ​»​។​
 
​សូមបញ្ជាក់ថា អំបិល​ចំនួន​៣​ម៉ឺន​តោន​នេះ គឺជា​ការនាំ​ចូល​ជា​លើក​ទី​២​របស់​កម្ពុជា ដោយ​កាលពី​លើក​ទី​១ គឺ​នៅ​ឆ្នាំ​២០០៨ កម្ពុជា​បាន​នាំចូល​អំបិល​ចំនួន ៦​ម៉ឺន​តោន ពី​ប្រទេស​ចិន​។​
​ការ​នាំចូល​អំបិល​ទាំងពីរ​លើក​នេះ ដោយសារតែ​កម្ពុជា​ជួប​បញ្ហា​អាកាសធាតុ​មិនល្អ និង​មាន​ភ្លៀង​ធ្លាក់​ច្រើនពេក ក្នុងអំឡុងពេល​ផលិត និង​ប្រមូល​ផល​។ បច្ចុប្បន្ន​ស្រែអំបិល​នៅ​កំពត​-​កែប មាន​ផ្ទៃដី​ជាង​៤៦០០​ហិកតា​។​
 
​សូមជម្រាបថា ក្នុង​មួយឆ្នាំៗ កម្ពុ​ជាមាន​តម្រូវការ​អំបិល​ប្រើប្រាស់ ប្រមាណ​១០​ម៉ឺន​តោន​៕
 

Tag:
 អំបិល​
  ប៊ុន បារាំង​
  កំពត​
 ​កែប
© រក្សាសិទ្ធិដោយ thmeythmey.com