អន្តរជាតិ
លោក ស៊ី ជិន​ភីង ប្រឹង​ចែចូវ​រដ្ឋ​ក្រីក្រ​នៅ​អឺរ៉ុប ខណៈ​អឺរ៉ុប​ត្រៀម​រឹតបណ្តឹង​ការវិនិយោគ​ពី​ចិន​
28, Nov 2018 , 9:19 pm        
រូបភាព
​ចិន​កំពុង​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​អឺរ៉ុប​ជាពិសេស​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ទាប ស្រប​ពេលដែល​ប្រទេស​អ្នក​មាននៅ​អឺរ៉ុប​មួយចំនួន​ព្យាយាម​រឹតបន្តឹង​ច្រកទ្វារ​សម្រេចការ​វិនិយោគ​របស់​ចិន​នៅក្នុង​ប្រទេស​ខ្លួន​។ រដ្ឋ​ក្រីក្រ​ជាងគេ​នៅ​អឺរ៉ុប​ខាងលិច​ដូចជា​ព័រ​ទុយ​ហ្គា​ល់ និង​អេ​ស្ប៉ា​ញ​ជា​គោលដៅ​សំខាន់​របស់​ចិន​ពេលបច្ចុប្បន្ន​នេះ​។


 
​ប្រធានាធិបតី ស៊ី ជិន​ភីង បំពេញ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​មកកាន់​ប្រទេស​អេ​ស្ប៉ា​ញ មុននឹង​បន្តដំណើរ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ម្ភៃ (G20) នៅ​អា​ហ្ស​ង់​ទីន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៩​ខែវិច្ឆិកា​នេះ​។ ត្រឡប់​មកពី​អាមេរិក​ឡាទីន​វិញ លោក ស៊ី នឹង​មក​ទស្សនកិច្ច​នៅ​ព័រ​ទុយ​ហ្គា​ល់​វិញ​ម្តង​។​
 
​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​នៅ​អេ​ស្ប៉ា​ញ​ធ្វើឡើង​ស្របពេល​ដែល​ចិន​កំពុង​ផុងខ្លួន​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេរ​ដ្ឋ​អ្នក​មាននៅ​អឺរ៉ុប​ដូចជា​បារាំង និង​អាល្លឺម៉ង់​នោះ​កំពុង​ព្យាយាម​រឹតបន្តឹង​ទុនវិនិយោគ​បរទេស​ជាពិសេស​ពី​ចិន​នោះ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អេ​ស្ប៉ា​ញ​នេះ​របស់លោក ស៊ី ជិន​ភីង គេ​រំពឹងថា កិច្ចព្រមព្រៀង​ប្រហែល ២០ ផ្តោតលើ​ទំនាក់ទំនង​រដ្ឋាភិបាល និង​ពាណិជ្ជកម្ម​ផង​នោះ​នឹងត្រូវ​ចុះ​រួមគ្នា​រវាង​ចិន​និង​អេ​ស្ប៉ា​ញ​។  
 
​ប្រភព​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​បាន​បង្ហើប​ផងដែរ​ថា នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ Pedro Sanchez និង​ប្រមុខរដ្ឋ​ចិន​ក៏​នឹង​យក​ឱកាស​នេះ​បង្កើន​កម្រិត​ចំណងមិត្តភាព​ទ្វេភាគី​ទៅជា​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ផងដែរ​។​
 
​តាមពិតទៅ វត្តមាន​របស់លោក ស៊ី នៅ​រដ្ឋ​អឺរ៉ុប​នៅពេលនេះ ស្រប​ពេលដែល​បណ្តា​ប្រទេស​អឺរ៉ុប​ត្រៀមខ្លួន​អនុម័ត​យក​ក្របខណ្ឌ​វាយតម្លៃ​ទុនវិនិយោគ​បរទេស​ដែលមាន​គោលដៅ​ត្រួតពិនិត្យ​តឹងរ៉ឹង​លើ​ក្រុមហ៊ុន​បរទេស​ជាពិសេស​របស់​ចិន​តែម្តង​នៅក្នុង​វិស័យ​យុទ្ធសាស្ត្រ​ដូចជា វិស័យ​ថាមពល​ជាដើម​។ បណ្តា​រដ្ឋ​មេដឹកនាំ​អឺរ៉ុប​ដូចជា​បារាំង និង​អាល្លឺម៉ង់​ចង់បាន​វិធានការ​បែបនេះ​នេះ​។ 
 
​ក្រុងប៉ារីស និង ប៊ែ​កឡាំង​បារម្ភ​ខ្លាំង​ពី​ក្រុមហ៊ុន​វិនិយោគ​បរទេស​ដែល​ព្យាយាម​លួច​បច្ចេកវិទ្យា​សំខាន់ៗ​របស់​អឺរ៉ុប​តាមរយៈ​ការទិញ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​អឺរ៉ុប​ជាដើម ហើយ​មេដឹកនាំ​អឺរ៉ុប​ទាំងនេះ​ក៏​អំពាវនាវ​ឲ្យ​មានការ​ដាក់ចេញ​បទបញ្ញត្តិ​សំខាន់ៗ​ប្រចាំ​អឺរ៉ុប​ដើម្បី​គ្រប់គ្រង​បញ្ហា​នេះដែរ​។ ប៉ុន្តែ​បញ្ហា​ត្រង់​ថា រដ្ឋ​អឺរ៉ុប​នីមួយៗ​នៅតែមាន​អំណាច​ក្នុងការ​កំណត់​វិធាន​ការដែល​ត្រូវ​ប្រើប្រាស់ បើទោះជា​មាន​វិធាន​ការរួម​កម្រិត​ការវិនិយោគ​បែបនេះ​ក្តី​។​
 
​ជុំវិញ​នឹង​ក្តីបារម្ភ ក៏ដូចជា​ការដាក់ចេញ​វិធានការ​រឹតត្បិត​ទុនវិនិយោគ​ចិន អ្នកជំនាញ​មើលឃើញថា លោក ស៊ី ជិន​ភីង យក​ដំណើរ​ទស្សនកិច្ច​នៅ​អឺរ៉ុប​លើក​នេះ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​អឺរ៉ុប​ក្រីក្រ​ផង ពង្រឹង​ឥទ្ធិពល​ផង និង​បង្ហាញ​ជំហរ​របស់ខ្លួន​ក្នុងការ​គោរព​គោល​ការ​រណ៍​វិនិយោគ​និង​បន្ធូរបន្ថយ​ក្តីបារម្ភ​របស់​រដ្ឋ​អឺរ៉ុប​ផងដែរ​។​
 
​អេ​ស្ប៉ា​ញ​ស្ថិត​ក្នុងចំណោម​ប្រទេស​មួយចំនួន​ប៉ុណ្ណោះ​ដែលមាន​ចំណង​សេដ្ឋកិច្ច​ជិតស្និទ្ធ​ជាមួយ​ចិន​។ បច្ចុប្បន្ននេះ ការនាំ​ចូល​របស់​អេ​ស្ប៉ា​ញ​ទៅកាន់​ប្រទេស​ចិន​កើន​ឡើងដល់ ៦,៤​ពាន់​លាន​ដុល្លារ​ពោលគឺ​កើនឡើង ២៨​ភាគរយ​ត្រឹម​ឆ្នាំ ២០១៧​។ អេ​ស្ប៉ា​ញ​ក៏​រំពឹង​ថែមទៀត​ដែរ​ថា ក្រោយ​ទស្សនកិច្ច​របស់លោក ស៊ី ខ្លួន​នឹងមាន​លទ្ធភាព​កាន់តែច្រើន​ក្នុង​ការនាំ​ទំនិញ​ចូល​ទីផ្សារ​ចិន​ផង​។​
 
​នៅ​ព័រ​ទុយ​ហ្គា​ល់​ឯណោះ​វិញ លោក ស៊ី នឹង​ចំណាយពេល​ទស្សនកិច្ច​នៅ​ទីនោះ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់ពី​ចាកចេញ​ពី​ប៉ា​ណា​ម៉ា​ដើមខែ​ធ្នូ​ខាងមុខ​។ នៅ​ទីនោះ ប្រមុខរដ្ឋ​ចិន​ក៏មាន​គោលបំណង​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​ព័រ​ទុយ​ហ្គា​ល់​ដែរ​ក្នុងស្ថានភាព​ចាំបាច់​បច្ចុប្បន្ន​។   
 
​ព័រ​ទុយ​ហ្គា​ល់​ជា​ប្រទេស​អឺរ៉ុប​ខាងលិច​ក្រីក្រ​ជាងគេ​មួយ ហើយ​ប្រទេស​នេះ​បើកទ្វារ​ទទួលយក​លំហូ​រ​វិនិយោគ​របស់​ចិន​បន្ទាប់ពី​វិបត្តិ​សេដ្ឋកិច្ច​សាកល​ឆ្នាំ ២០០៨​។ ទំហំ​វិនិយោគ​របស់​ចិន​កើនឡើង​ស្មើ​បី​ភាគរយ​នៃ​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ព័រ​ទុយ​ហ្គា​ល់ (GDP) ចន្លោះ​ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៦​។ ចំណែក​រដ្ឋាភិបាល​ចិន​មាន​ភាគហ៊ុន​លើស ២០​ភាគរយ​នៅក្នុង​ក្រុមហ៊ុន​ថាមពល​ធំ​បំផុត EDP របស់​ព័រ​ទុយ​ហ្គា​ល់​ថែម​ទៀតផង​ក្នុងពេល​បច្ចុប្បន្ន​។​
 
​ត្រឡប់មក​អេ​ស្ប៉ា​ញ​វិញ ថ្វីបើ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ស្អិតល្មួត​ដូច្នេះ​ក្តី អេ​ស្ប៉ា​ញ​អះអាងថា​ខ្លួន​មិន​ចុះ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ណាមួយ​ដើម្បី​ចូលរួម​ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ចិន «​ខ្សែក្រវាត់​មួយ​វិថី​មួយ​»​ដែលមាន​គោលដៅ​បង្កើត​ការផ្សាភ្ជាប់​ពី​អាស៊ី​ដល់​អឺរ៉ុប ដល់​អាហ្វ្រិក និង​អាមេរិក​ឡាទីន​នោះឡើយ​។ 
 
​ប្រទេស​ហ៊ុមព័ទ្ធ​ដោយ​វិបត្តិ​សេដ្ឋកិច្ច ក្រិ​ក និង​ប៉ូឡូញ ស្ថិតក្នុង​ក្នុងចំណោម​រដ្ឋ​អឺរ៉ុប​ដ៏​តិចតួច​ប៉ុណ្ណោះ​ដែល​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ចិន​កន្លងមក​។ ប៉ុន្តែ​រដ្ឋ​អឺរ៉ុប​មួយចំនួន​បាន​ព្រមាន​ពី​ការធ្លាក់​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​ចិន និង​ប្រឈម​ការ​អន្តរាយ​សេដ្ឋកិច្ច និង​ការជាប់​វ័ណ្ឌក​នឹង​បំណុល​របស់​ចិន​ជាដើម​៕ 
 

Tag:
 ស៊ី ជិន​ភីង​
  អេ​ស្ប៉ា​ញ​
  ចិន​
  G20
  ព័រ​ទុយ​ហ្គា​ល់​
© រក្សាសិទ្ធិដោយ thmeythmey.com