អន្តរជាតិ
ឌូ​ទើ​តេ​៖ «​យើង​អាច​បណ្តេញ​ជនជាតិ​ចិន​ធ្វើការ​ខុសច្បាប់ ប៉ុន្តែ​ប្រជាជន​យើង​ក៏​ធ្វើការ​ខុស​នៅ​បរទេស​ច្រើន​ដែរ​»
28, Nov 2018 , 9:59 pm        
រូបភាព
ថ្ងៃ​អង្គារ​ទី ២៧ ខែកញ្ញា ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ថ្លែងថា អាជ្ញាធរ​ហ្វីលីពីន​អាច​បណ្តេញ​ប្រជាជន​ចិន​ដែល​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ហ្វីលីពីន​បាន ប៉ុន្តែ​កិច្ចការងារ​នេះ​មិន​អាចធ្វើ​ទាំង​បង្ខំ​ឡើយ​។ មេដឹកនាំ​រូបនេះ​រម្លឹកថា ប្រជាជន​ហ្វីលីពីន​ច្រើន​ម៉ឺន​នាក់​ក៏​កំពុងធ្វើការ​ងារ​ខុសច្បាប់​នៅ​បរទេស​ដែរ​។​


 
​រឿងចម្រូងចម្រាស​មួយ​កើតឡើង​បន្ទាប់ពី​ព្រឹទ្ធសភា​ហ្វីលីពីន​ជជែក​ដេញដោល​លើ​ទិន្នន័យ​ថ្មី​ដែល​បង្ហាញ​ពី​ការកើនឡើង​នៃ​ចំនួន​ជនជាតិ​ចិន​ដែល​ដាក់ពាក្យ​ធ្វើការ​ងារ​នៅ​ហ្វីលីពីន ហើយ​ក្នុងនោះ​មាន​ភាគច្រើន​ធ្វើការ​ងារ​ដោយ​ខុសច្បាប់​ផងដែរ​។ 
 
​ឆ្លើយតប​នឹង​ក្តីបារម្ភ ក៏ដូចជា​មតិ​រិះគន់​នានា ក្នុង​ពិធី​សម្ពោធ​ព្រលានយន្តហោះ​អន្តរជាតិ Bohol-Panglao ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​បញ្ជាក់ថា រដ្ឋាភិបាល​របស់លោក​អាច​បណ្តេញ​ប្រជាជន​ចិន​ដែល​កំពុងធ្វើការ​ងារ​ខុសច្បាប់​នៅក្នុង​ប្រទេស​បាន ប៉ុន្តែ​លោក​រម្លឹក​ជាមុន​ថា បញ្ហា​ក៏​អាច​នឹង​កើតឡើង​បើសិនជា​រដ្ឋាភិបាល​អនុ​វត្ត​ទាំង​បង្ខំ​។​
 
​សារព័ត៌មាន CNN ហ្វីលីពីន​បាន​ផ្សាយ​ថា ជាមួយនឹង​ការ​រម្លឹក​នេះ ប្រធានាធិបតី​រូបនេះ​បាន​ពន្យល់ បច្ចុប្បន្ននេះ​ប្រជាជន​ហ្វីលីពីន​ច្រើន​ម៉ឺន​នាក់​ដែរ ដែល​កំពុងធ្វើការ​ងារ​ខុសច្បាប់​នៅ​បរទេស​ក្នុងនោះ​មាននៅ​ចិន កូរ៉េខាងត្បូង និង​ម៉ាឡេស៊ី​។ 
 
​ឌូ​ទើ​តេ​និយាយ​ដូច្នេះ​៖« វា​មិនមែន​គ្មាន​បញ្ហា​ទេ ប៉ុន្តែ​វា​ចាំបាច់​ត្រូវមាន​ការរៀបចំ​ជាមុន​។ ប្រសិនជា​អ្នក​គិតថា អ្នក​កំពុង​ខាតបង់ និង​ប្រឈម​បញ្ហា​ព្រោះ​តែមាន​ជនជាតិ​ចិន​ច្រើន​នាក់​ធ្វើ​ការងារ​នៅទីនេះ កុំភ្លេចថា យើង​ក៏មាន​ប្រជាជន​ហ្វីលីពីន​យើង​ច្រើន​ដូចគ្នា​ដែរ​កំពុងធ្វើការ​ងារ​នៅ​ចិន​»​។ 
 
​យ៉ាងណាក៏ដោយ​លោក ឌូ​ទើ​តេ ផ្តល់យោបល់​ថា ហ្វីលីពីន​គួរ​ធ្វើតាម​បែបបទ​ការទូត​វិញ​ដើម្បី​ការពារ​កុំ​ឲ្យ​មានប​ញ្ហ​ធ្ងន់ធ្ងរ​កើតឡើង​។ ការទូត​នោះ​គឺ​ប្រាប់​ប្រជាជន​ដែល​ធ្វើការ​ដោយ​មិន​ស្របច្បាប់​ទាំងនោះ​ចាកចេញ​ពី​ហ្វីលីពីន ជាជាង​បណ្តេញ​ពួកគេ​ទាំង​បង្ខំ​។​
 
-២០១៧ ភ្ញៀវទេសចរ​ចិន​ជាង​មួយ​លាន​នាក់​មកលេង​ហ្វីលីពីន ប៉ុន្តែ​ច្រើន​ម៉ឺន​នាក់​ស្នើសុំ​សិទ្ធិ​ធ្វើការ​
 
​តាមពិតទៅ លោក ឌូ​ទើ​តេ បានលើកឡើង​ពី​ចំណាត់ការ​របស់​រដ្ឋាភិបាល បន្ទាប់ពី​មានការ​បំភ្លឺ​ក្នុង​ព្រឹទ្ធសភា​ដោយ​ក្រសួង​ការងារ​ហ្វីលីពីន​ដើម្បី​ឆ្លើយតប​នឹង​កំណើន​ជនជាតិ​បរទេស​ជាពិសេស​ចិន​ធ្វើការ​ងារ​ដោយ​ខុសច្បាប់​នៅ​ហ្វីលីពីន​។​
 
​ក្នុងអំឡុងពេល​សវ​នា​បំភ្លឺ​ក្នុង​គណៈកម្មាធិការ​ទីមួយ​នៅ​ថ្ងៃ​ចន្ទ​ទី ២៦ ខែវិច្ឆិកា សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន បាន​ចោទ​ជា​សំណួរ​ចំពោះ​ការចេញ​ទិដ្ឋាការ​ទេ​ចរណ៍​ឲ្យ​ជនជាតិ​ចិន​ប្រហែល ១,៦​លាន​នាក់​ឆ្នាំនេះ​ផង​។ 
 
 ក្រសួង​ការងារ​ហ្វីលីពីន បាន​ទទួលស្គាល់ថា ក្នុងចំណោម ១,៦​លាន​នាក់​នោះ មាន​អ្នកទេសចរ​ច្រើន​ម៉ឺន​នាក់​ដែល​បានដាក់​ពាក្យស្នើសុំ​ធ្វើការ​ងារ​នៅ​ហ្វីលីពីន​តែម្តង​។ 
​អនុរដ្ឋមន្ត្រី​ក្រសួង​ការងារ Ciriaco Lagunzad ដែល​បាន​ចូល​បំភ្លឺ​ក្នុង​ព្រឹទ្ធសភា​នោះបាន​បញ្ជាក់ ដូច្នេះ​៖ «​ពួកគេ​ជាច្រើន​នាក់មក​ក្នុងនាម​ជា​អ្នកទេសចរ ប៉ុន្តែ​ក្រោយមក​គេ​ប្តូរ​ទិដ្ឋាការ​ទេសចរណ៍​ដើម្បី​ស្នើសុំ​ធ្វើការ​ងារ​តែម្តង​»​។ 
 
​យោងតាម​ទិន្នន័យ​ដែល​បង្ហាញ​ក្នុងការ​បំភ្លឺ​នោះ ចន្លោះ​ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០១៧ ក្រសួង​ការងារ​បានផ្តល់​សិទ្ធិ​ធ្វើការ​ងារ​ដល់​ជនបរទេស​ចំនួន ១១៥៦៥២​នាក់​ក្នុងចំណោម​នោះ​មាន​ជនជាតិ​ចិន ៥១០០០​នាក់​ទៅហើយ​។​
 
​សមាជិក​ព្រឹទ្ធសភា​លោកស្រី Grace Poe បាន​ព្រមាន​ក្រសួង​ការងារ​ហ្វីលីពីន​ដែរ​ជុំវិញ​ការឈាន​ទៅ​ផ្តល់​ពេលវេលា​បន្ថែម​សម្រាប់​អ្នក​ដែល​កំពុងធ្វើការ​ងារ​នៅក្នុង​ប្រទេស​ហ្វីលីពីន ហើយ​កាន់​ទិដ្ឋាការ​ទេសចរណ៍​នោះ​។​
 
 លោកស្រី​បញ្ជាក់​បន្ថែមថា វា​នឹងមាន​ការអនុវត្ត​ចំណាត់ការ​បង្ក្រាប​រាល់​អ្ន​ក​ធ្វើ​ការងារ​នៅ​ហ្វីលីពីន​ដែល​គ្មាន​ការអនុញ្ញាត​តាមច្បាប់​នៅពេល​ខាងមុខ ហើយ​សមាជិក​ព្រឹទ្ធសភា​ច្រើន​នាក់​នឹង​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យមើល​លិខិតអនុញ្ញាត​ដោយផ្ទាល់​ដែរ​។ ចំណាត់ការ​បន្ថែម​គឺ​ការ​ឈានទៅ​កែប្រែ​ច្បាប់​ការងារ​ដើម្បី​ធានាថា ម្ចាស់​ក្រុមហ៊ុន​ត្រូវ​ជួល​បុគ្គលិក​ជា​ជនជាតិ​ហ្វីលីពីន​យ៉ាងតិច ៨០​ភាគរយ​នៃ​ចំនួន​បុគ្គលិក​ទាំងអស់​ផងដែរ​។​
 
​ក្រៅពី​កំណើន​កម្មករ​បរទេស​ដែល​ធ្វើការ​ខុសច្បាប់ សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​ការលើកឡើង​ពី​បារម្ភ​របស់ខ្លួន​ផងដែរ​ចំពោះ​កំណើន​ជនជាតិ​ចិន​ចូលមក​ទិញ​ខុន​ដូ​នៅក្នុង​រដ្ឋធានី​ម៉ានីល​។ កំណើន​នេះ​វា​ធ្វើ​ឲ្យ​តម្លៃ​ខុន​ដូរ​ឡើងថ្លៃ​កប់​ពពក ដែល​វា​បង្ក​ផល​លំបាក​ច្រើន​សម្រាប់​ប្រជាជន​ហ្វីលីពីន​ដែលមាន​ជីវភាព​កម្រិត​មធ្យម និង​កម្រិត​ទាប​ផង​៕
 

Tag:
 ​រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  ចិន​
  ហ្វីលីពីន​
  ច្បាប់​ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com