អន្តរជាតិ
ប្រមុខ​ការទូត​កូរ៉េខាងជើង​ទៅ​រៀនសូត្រ​ពី​គំរូ​កំណែទម្រង់សេដ្ឋកិច្ច​ពី​វៀតណាម​
29, Nov 2018 , 8:39 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង និងសមភាគីវៀតណាម
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង និងសមភាគីវៀតណាម
ដោយ:
​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង លោក Ri Yong-ho ទៅ​ទស្សនកិច្ច​រយៈ​៤ ថ្ងៃ​នៅ​វៀតណាម​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៩ ខែវិច្ឆិកា​នេះ ដើម្បី​ទៅ​សិក្សា​រៀនសូត្រ និង​ដកស្រង់​បទពិសោធន៍​ពី​ការ​ពី​ការកែទម្រង់​សេដ្ឋកិច្ចរ​បស់​វៀតណាម​។

 
​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​កូរ៉េខាងជើង​នៅ​វៀតណាម​គឺ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​វៀតណាម​លោក Pham Binh Minh​។ បើតាម​សារព័ត៌មាន Vietnam Express នា​អំឡុង​ទស្សនកិច្ច​នៅ​វៀតណាម​នេះ  លោក Ri នឹងធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​ហាណូយ ដើម្បី​ទៅពិនិត្យ​តំបន់ឧស្សាហកម្ម និង​ជួប​ជាមួយ​អ្នកជំនាញ​សេដ្ឋកិច្ច​ផងដែរ​។ 
 
​បន្ទាប់ពី​ដាក់​ប្រទេស​ឲ្យ​នៅឯ​កោ និង​ត្រូវ​រង​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​សហគមន៍​អន្តរជាតិ​អស់រយៈ​ពេល​ជាច្រើន​ឆ្នាំ​ដោយសារ​ការអភិវឌ្ឍ​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទិ​ក និង​នុយក្លេអ៊ែរ​របស់ខ្លួន ក្រុង​ព្យុងយ៉ាង​នៅក្នុង​ឆ្នាំនេះ ចាប់ផ្តើម​ព្យាយាម​កសាង​ចំណង​ទំនាក់ទំនង​ជាមួយ​សហ​គម​ន៍​អន្តរជាតិ និង​បង្ហាញ​ជំហរ​ទន់ភ្លន់​ជាង​មុន​ផង​។  
 
​តួយ៉ាង មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ធ្លាប់បាន​បង្ហាញ​ក្តី​សង្ឃឹមថា លោក​ចង់​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច  ហើយ​លោក​កំពុង​សម្លឹងមើល​គំរូ​អ​ភិវឌ្ឍ​ន៍  ដែល​ស័ក្តិសម​ទៅនឹង​ស្ថានភាព​កូរ៉េខាងជើង​ជាងគេ​ផងដែរ​។​
 
​ក្នុង​កិច្ចប្រជុំ​កំពូល​ចំនួន​បី​លើក​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ក្នុងឆ្នាំនេះ លោក គីម ជុង​អ៊ុន បានលើកឡើង​ម្តង​ជា​ពីរដង ពី​ភាពជោគជ័យ​នៃ​កំណែទម្រង់សេដ្ឋកិច្ច​រប​ស់​រដ្ឋ​សង្គមនិយម វៀតណាម​។  យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ Yonhaps  រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង លោក Ri Yong-ho  ដែល​ត្រៀម​ធ្វើ​ទស្សនកិច្ច​ទៅកាន់​វៀតណាម​នា​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ  ធ្លាប់បាន​ប្រាប់​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​ថា កូរ៉េខាងជើង​សង្ឃឹមថា ខ្លួន​នឹងសិក្សា​រៀនសូត្រ​ពី​គំរូ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​វៀតណាម​​។ 
 
​ទន្ទឹមនឹង​នេះដែរ  អតីតមន្ត្រី​ទូត​វៀតណាម​ប្រចាំ​កូរ៉េខាងជើង  Duong Chinh Thuc  បាន​គូសបញ្ជាក់ថា ភាពស្រដៀងគ្នា​នៃ​ស្ថានភាព​នយោបាយ និង​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ  នឹងធ្វើ​ឲ្យ​វៀតណាម​ក្លាយជា​គំរូ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ការកែទម្រង់​សេដ្ឋកិច្ច​កូរ៉េខាងជើង​ដែរ​។ នេះ​បើតាម​សារព័ត៌មាន Vietnam Express ។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ អំឡុង​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ទៅកាន់​ទីក្រុង ហាណូយ កាលពី​ខែកក្កដា​កន្លងទៅ  ប្រមុខ​ការទូត​អាមេរិក​រូបនេះ ក៏បាន​លើកឡើង​ពី ទំនាក់ទំនង​ល្អ​ដែល​វៀតណាម​មាន​ជាមួយ​អាមេរិក​និង​ការលូតលាស់​នៃ​សេដ្ឋកិច្ច​របស់​រដ្ឋ​អាស៊ីអាគ្នេយ៍​នេះ  ជា​គំរូ​ដល់​កូរ៉េខាងជើង​ផងដែរ​។ ត្រង់ចំណុច​នេះ ប្រមុខ​ការបរទេស​អា​មេ​រិ​ក​និយាយថា ប្រសិនបើ​កូរ៉េខាងជើង​ព្រម​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ក្រុង​ព្យុងយ៉ាង​អាច​ក្លាយជា​ប្រទេស​អ្នកមាន ដូចជា​ប្រទេស​វៀតណាម​៕
 

Tag:
 កូរ៉េខាងជើង​
  វៀតណាម​
  កំណែទម្រង់សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com