នាយករដ្ឋមន្ត្រី ស្នើឲ្យតុលាការ បញ្ចប់រាល់សំណុំរឿងដែលពាក់ព័ន្ធនឹងមេសហជីព នៅត្រឹមឆ្នាំ២០១៨នេះ ដើម្បីឲ្យពួកគេ ស្រឡះចិត្ត ពេលបំពេញការងារ។ មេសហជីព សម្តែងក្តីត្រេកអរចំពោះកិច្ចអន្តរាគមន៍របស់នាយករដ្ឋមន្ត្រី។
ក្រៅពីយកចិត្តទុកដាក់នឹងកម្មករ-កម្មការិនី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មិនភ្លេចក្រុមមេសហជីពផងដែរ។ នាយករដ្ឋមន្ត្រី មើលឃើញថា បច្ចុប្បន្ន មេសហជីព មិនទាន់អាចបំពេញភារកិច្ចបានពេញលេញ ក្នុងការបម្រើកម្មករ-កម្មការិនីនៅឡើយទេ ដោយសារតែមានក្តីក្តាំច្រើននៅតុលាការ។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រមុខរដ្ឋាភិបាល បានអំពាវនាវទៅមេសហជីពគ្រប់រូប ដែលមានបណ្តឹងនៅតុលាការ ឲ្យដាក់សំណើទៅក្រសួងការងារ ដើម្បីសុំឲ្យជួយដោះស្រាយ។ បន្ទាប់មក នាយករដ្ឋមន្ត្រី ក៏បញ្ជាផ្ទាល់មាត់ទៅលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ឲ្យសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីធ្វើការរួមគ្នាជាមួយស្ថាប័នតុលាការ ក្នុងការពន្លឿនដោះស្រាយរាល់បណ្តឹងទាំងនោះ។
នាយករដ្ឋមន្ត្រី ឆ្លៀតរិះគន់បន្តិចផងដែរ ចំពោះភាពយឺតយ៉ាវរបស់តុលាការ ក្នុងការចាត់វិធានការលើបណ្តឹង ដែលពាក់ព័ន្ធនឹងមេសហជីព។ ប្រមុខរដ្ឋាភិបាល ស្នើទៅតុលាការថា បើត្រូវបិទការស៊ើបអង្កេត ហើយទម្លាក់បទចោទចោល ក៏សុំធ្វើឲ្យរហ័ស តែបើត្រូវជំនុំជម្រះ ក៏សុំឲ្យជំនុំជម្រះឲ្យបានលឿន ដោយមិនគួរទុកសំណុំរឿងចោលក្នុងរយៈពេលយូរនោះទេ។
ប្រមុខរដ្ឋាភិបាល បន្តថា ការដែលមេសហជីព នៅជាប់បណ្តឹងក្នុងតុលាការបែបនេះ គឺធ្វើឲ្យពួកគេ មិនមានសិទ្ធិសេរីភាពពេញលេញក្នុងការបំពេញការងារ។ មេដឹកនាំរូបនេះ សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ឥឡូវបិទបញ្ចប់សំណុំរឿងទាំងនេះ នៅឆ្នាំ២០១៨ទៅ កុំឲ្យមានសំណុំរឿងហ្នឹងនៅក្នុងឆ្នាំ២០១៩បន្តទៀត។ សុំប្រញាប់ប្រញាល់ឡើង។ នេះ ជាផ្នែកមួយនៃការធានាសិទ្ធិការងារ និងសិទ្ធិនយោបាយរបស់សហជីពនិងកម្មករ»។
យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលកម្ពុជា បានដាស់តឿនគ្រប់ភាគី ឲ្យគោរពច្បាប់ទាំងអស់គ្នា មិនថាថៅកែរោងចក្រ កម្មករ-កម្មាការិនី ឬជាមេសហជីព។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ចាត់ទុកថា ជារឿងល្អសម្រាប់ពួកសហជីព ដែលប្រមុខរដ្ឋាភិបាល បង្ហាញការឈឺឆ្អាលក្នុងរឿងនេះ។ លោក ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា បើគ្មានការជំរុញបែបនេះទេ សំណុំរឿងរបស់មេសហជីព នឹងត្រូវពន្យារពេលយូរ។
លោក អះអាងថា ក្រុមសហជីពរបស់លោក បានរងបណ្តឹងដល់ទៅជិត១០០ករណីឯណោះ ហើយភាគច្រើន គឺខាងក្រុមហ៊ុន រោងចក្រ និងអាជ្ញាធរ ជាអ្នកប្តឹង។ លោក បញ្ជាក់បែបនេះថា៖«ពេលអស់ពាក្យទាំងនោះហើយ វាជាឱកាស [ល្អ] សម្រាប់ពួកយើង ធ្វើសកម្មភាព»។
សូមបញ្ជាក់ថា សហគ្រាសនិងគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលបានចុះបញ្ជីនៅក្រសួងការងារ មានជាង១ម៉ឺន២ពាន់ និងមានកម្មករនិយោជិតជិត១លាន៥សែននាក់។ ចំណែក សហគ្រាសនិងគ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានជិត៦សែន ហើយកម្មករនិយោជិត មានជាង២លាន៤សែននាក់៕