ជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោក​៖ កម្ពុជា​នឹងមាន​កំណើន ៧,១​ភាគរយ​នៅ​ឆ្នាំ​២០១៨​នេះ​
29, Nov 2018 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបាន​ព្យាករ​ជាមួយនឹង​កំណើន ៧,១​ភាគរយ​សម្រាប់​ឆ្នាំ​២០១៨ ដែល​កើន​បន្តិច​បើ​ធៀប​នឹង​កំណើន​៧​ភាគរយ​នៅ​ឆ្នាំមុន​។ កំណើន​ដ៏​រឹងមាំ​នេះ ត្រូវបាន​ជំរុញ​ដោយ​សន្ទុះ​នៃ​ការចាយវាយ​ក្នុងស្រុក និង​ការនាំចេញ​។ នេះ​បើតាម​របាយការណ៍​បច្ចុប្បន្ន​ភាព​របស់​ធនាគារពិភពលោក (World Bank) ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៨​ខែវិច្ឆិកា​។​


 
​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក ដែល​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​នេះ ត្រូវបាន​គាំទ្រ​ដោយ​ការដំឡើង​ប្រាក់​ឈ្នួល និង​ពង្រីក​ការចាយវាយ​របស់​រដ្ឋា​ភិ​បាល​។ ព្រម​ជាមួយគ្នានេះ ការនាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង កំពុង​បន្ត​ជាមួយ​តម្រូវការ​ខ្ពស់ ក្នុង​អត្រាកំណើន​នាំចេញ ១៦,១​ភាគរយ​អំឡុងពេល​៦​ខែ​ដើមឆ្នាំ​២០១៨​។ ជាមួយគ្នានេះ ទេសចរ​អន្តរជាតិ​បានមក​កម្ពុជា​ចំនួន ៣​លាន​នាក់ ក្នុង​កំណើន ១៣,៦​ភាគរយ ដែល​ជំរុញ​មួយផ្នែកធំ​ពី​ភ្ញៀវ​ចិន​។​
 
​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) ត្រូវបាន​ប៉ាន់ស្មាន​ជាមួយ​កំណើន ១៤,៣​ភាគរយ ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ​។ ហើយ​ប្រមាណ ៩០​ភាគរយ​នៃ​មូលធន​ទាំងនោះ ដោយ​មិន​គិត​ក្នុង​វិស័យ​ធនាគារ គឺមាន​ប្រភពពី​ប្រទេស​ចិន និង​មាន​គោលដៅ​វិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ ការកែច្នៃ​ផលិតផល​កសិកម្ម និង​វាយ​ន​ភណ្ឌ​។ 
 
​ប៉ុន្តែ​សេដ្ឋកិច្ចកម្ពុជា​ប្រឈម​នឹង​ហានិភ័យ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​។ អ្នកជំនាញ World Bank នៅតែ​បារម្ភ​អំពី​លំហូរ​ឥណទាន​ដែល​ប្រមូលផ្ដុំ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​ច្រើនពេក ដែល​អាច​គំរាម​វិស័យ​ហិរញ្ញវត្ថុ​។ រីឯ​ហានិភ័យ​ពី​ក្រៅ គឺ​ការពិចារណា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​ពី​កម្ពុជា និង​ការ​កើន​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​។ បើសិន​កម្ពុជា​បាត់បង់ EBA នោះ​នឹង​ប៉ះពាល់​ដល់​ការនាំ​ចេញទៅ​សហភាព​អឺរ៉ុប ដែលជា​ទីផ្សារ​ធំ​របស់​កម្ពុជា ហើយនឹង​ធ្វើ​ឲ្យ​កម្មករ​រងគ្រោះ​ក្នុង​រយៈពេល​ខ្លី​។ សង្គ្រាម​ពាណិជ្ជកម្ម​ចិន និង​អាមេរិក ក៏​អាច​នឹង​ជះឥទ្ធិពល​ដល់​កម្ពុជា​ផងដែរ​៕

Tag:
 កំណើនសេដ្ឋកិច្ច​
  GDP
© រក្សាសិទ្ធិដោយ thmeythmey.com