ជាតិ
សង្គមជាតិ
ពេល​ចាក​ចេញពី​កម្ពុជា​, លោក Heidt សង្ឃឹមថា ប្រជាជន​កម្ពុជា​គ្រប់​ជំនាន់ ចេះ​ការពារ​បរិស្ថាន វប្បធម៌ និង​ប្រវត្តិសាស្ត្រ​
29, Nov 2018 , 11:03 am        
រូបភាព
ដោយ: ថ្មីៗ
​លោក William Heidt បាន​ចេញមក​និយាយ​ភាសា​ខ្មែរ ដើម្បី​ជម្រាបលា​ប្រជាពលរដ្ឋ​កម្ពុជា បន្ទាប់ពី​លោក ចប់​អាណត្តិ​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​។ ការ​ជម្រាបលា​របស់លោក គឺធ្វើឡើង​តាមរយៈ​វីដេអូ​ឃ្លី​ប​ខ្លី​មួយរយៈ​ពេល​២​នាទី​និង​៣០​វិនាទី ដែល​ត្រូវបាន​បង្ហោះ​លើ​ទំព័រ​ហ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថាន​ទូ​អាមេរិក នៅ​ពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

 
​ស្ថានទូត​អាមេរិក បាន​បង្ហោះ​វីដេអូ​ឃ្លី​ប ដោយ​អម​ជាមួយ​សារ ដែល​បញ្ជាក់ថា លោក Heidt បាន​ចាក​ចេញពី​កម្ពុជា​នៅថ្ងៃនេះ (​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨)​។ តាមរយៈ​វីដេអូ​ឃ្លី​ប លោក Heidt ដែលមាន​ភរិយា​ជា​ជនជាតិខ្មែរ បាន​សម្តែង​ការសោកស្តាយ ដែល​លោក​ត្រូវ​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា​។ 
 
​យ៉ាងណាក៏ដោយ លោក Heidt បានបង្ហាញ​អារម្មណ៍​ថា លោក មាន​សេចក្តី​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល​បានមក​ធ្វើជា​ឯកអគ្គរដ្ឋទូត​រយៈពេល​៣​ឆ្នាំ​មកនេះ​។ លោក ប្រាប់ថា លោក ពិតជា​ពេញចិត្ត​ក្នុង​ការរៀន​ភាសា វប្បធម៌ និង​ចម្រៀង​ខ្មែរ​។​
 
​លោក Heidt អះអាងថា ក្នុង​អាណត្តិ​របស់លោក ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​និង​រដ្ឋាភិបាល​កម្ពុជា​-​អាមេរិក មាន​ភាពល្អប្រសើរ​។ តែ​លោក លើកឡើងថា លោក ក៏បាន​ជួប​ការលំបាក​ខ្លះៗ​ដែរ​។ លោក Heidt និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​សេចក្តីសង្ឃឹម​របស់ខ្ញុំ គឺ​ប្រជាជន​កម្ពុជា គ្រប់​ជំនាន់​ចេះ​ការពារ​បរិស្ថាន វប្បធម៌ និង​ប្រវត្តិសាស្ត្រ​កម្ពុជា ហើយ​សហការគ្នា ដើម្បី​កសាង​ប្រជាធិបតេយ្យ​និង​សេដ្ឋកិច្ច ឲ្យ​កាន់តែ​រឹងមាំ​។ លា​ហើយ​កម្ពុជា​។ ខ្ញុំ​សង្ឃឹមថា យើង​នឹង​អាច​ជួបគ្នា​ម្តងទៀត​នៅពេល​ក្រោយ​»​។ 
 
 
​លោក Heidt បានមក​កាន់តំណែង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៥​។ លោក Patrick Murphy ដែលជា​ឧបការី​រង​រដ្ឋមន្ត្រីការបរទេស​ទទួលបន្ទុក​កិច្ចការងារ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នឹង​មកកាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា ជំនួស​លោក Heidt៕

Tag:
 William Heidt
© រក្សាសិទ្ធិដោយ thmeythmey.com