ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​ទៀតហើយ​! ធ្មេញ​ពុក​ប្រហោង ឬ​ដង្កូវ​ស៊ី នឹង​ប្រែជា​ល្អ​ស្រស់ស្អាត​វិញ ដោយ​គ្រាន់តែ​អនុវត្តន៍​តាម​គន្លឹះ​ងាយៗ​ទាំងនេះ​
29, Nov 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ធ្មេញ​របស់​អ្នក ក៏​ដូច​ទៅនឹង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​ផងដែរ គឺ​ត្រូវការ​ការយកចិត្តទុកដាក់​ថែរក្សា​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​បញ្ហា​ផ្សេងៗ​។ ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​ជួប​ពិនិត្យ​ជាមួយ​ទន្តពេទ្យ​ទេនោះ អ្នក​អាច​ព្យាយាម​ការពារ​ធ្មេញ​ពុក​ខូច​បាន​ដោយ​ខ្លួនឯងបាន ដោយ​គ្រាន់តែ​អនុវត្តតាម​ទម្លាប់​ល្អៗ​មួយចំនួន​ជាប្រចាំ​។



ខាងក្រោម​នេះ​យើង  នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​គន្លឹះ​ងាយៗ​បំផុត​មួយចំនួន​ដែល​អ្នក​អាច​ធ្វើបាន និង​គួរ​ព្យាយាម​អនុវត្តតាម ដើម្បី​បង្ការ​បញ្ហា​ពុក​ធ្មេញ និង​ព្យាបាល​ធ្មេញ​ប្រហោង​ឲ្យ​ប្រែជា​ល្អប្រសើរ​ឡើងវិញ ៖
 
១. ផ្លាស់ប្ដូរ​ទម្លាប់​នៃ​ការទទួល​ទាន​
 
​ការផ្លាស់ប្ដូរ​ទម្លាប់​នៃ​ការទទួល​ទាន គឺ​ពិតជា​អាចជួយ​ដោះស្រាយ​បញ្ហា​ធ្មេញ​ពុក​។ យើង​ដឹង​ហើយ​ថា ការទទួល​ទាន​អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិ​ផ្អែម ឬ​ជាតិ​ស្ករ​អាច​នាំ​ឲ្យ​ធ្មេញ​ពុក ហើយក៏​បង្ក​ឲ្យ​កើតមាន​បញ្ហា​ទាក់ទង​នឹង​ការ​ស្រូប​យកជាតិ​កាល់ស្យូម​ផងដែរ​តាមរយៈ​អាស៊ីត phytic​។ ទោះជា​យ៉ាងណាក៏ដោយ ប្រសិនបើ​អ្នក​ផ្លាស់ប្ដូរ​ទម្លាប់​នៃ​ការទទួល​ទាន អ្នកនឹង​គ្មាន​ថ្ងៃ​ប្រឈមមុខ​នូវ​បញ្ហា​ផ្សេងៗ​ណាមួយ​ឡើយ​។ ចូរ​ព្យាយាម​ទទួលទាន​ផលិតផល​ធ្វើឡើង​ពី​ទឹកដោះគោ​រាល់ថ្ងៃ ( ទឹកដោះគោ​ស្រស់​, យ៉ា​អ៊ួ​រ​, គ្រី​មជូរ និង​ឈី​ស​)​ដើម្បី​ទទួលបាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​។ ជៀសវាង​ការទទួល​ទាន​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ខ្ពស់ និង​មាន​ជាតិ​ហ្គាស ដោយ​ព្យាយាម​ទទួលទាន​ទឹក​ធម្មតា​, តែ​គ្មាន​ជាតិ​ផ្អែម និង​ផ្លែឈើ​ក្រឡុក​ជំនួស​វិញ​។​

២. ទំពារ​ស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ​
 
​ការ​ទំពា​រស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ គឺ​ពិតជា​អាចជួយ​ការពារ​អ្នក​ពី​បញ្ហា​ធ្មេញ​ពុក​។ ស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ​ភាគច្រើន​មាន​ផ្ទុក​នូវ​សមាសធាតុ xylitol ដែលជា​ជាតិ​ផ្អែម​ធម្មជាតិ​។ មិន​ដូច​អាហារ​នោះទេ xylitol មិន​នាំ​ឲ្យ​មានការ​លូតលាស់​នៃ​បាក់តេរី​ផ្សេងៗ​ក្នុង​មាត់​ឡើយ​។ លើសពីនេះទៅទៀត ការ​ទំពា​រស្ករ​កៅស៊ូ ជម្រុញ​ការផលិត​ទឹកមាត់​ដែល​អាចជួយ​កម្ចាត់​សំណល់​អាហារ​ក្នុង​មាត់​តាមបែប​ធម្មជាតិ​។​
 
៣. សម្អាត និង​ផ្លាស់ប្ដូរ​ច្រាស​ដុសធ្មេញ​ឲ្យ​បាន​ទៀងទាត់​
 
– ជ្រើសរើស​ច្រាស​ដុសធ្មេញ​បាន​ត្រឹមត្រូវ ដោយ​រើសយក​ច្រាស​មាន​ទំហំ​តូច ឬ​ខ្នាត​
​កណ្ដាល ហើយ​ត្រូវ​ប្រាកដថា ស​សៃ​ច្រាស​អាច​ចូលដល់​ចន្លោះ​ធ្មេញ​។​
 
– កុំ​គ្រប​ច្រាស​ដុសធ្មេញ​បន្ទាប់ពី​ប្រើប្រាស់​រួច ក៏​ព្រោះ​វា​បង្ក និង​ក្លាយជា​កន្លែង​ផ្ទុក​ពពួក​មីក្រូ​សារពាង្គកាយ រួមទាំង​បាក់តេរី​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ អ្នក​គ្រាន់តែ​លាង​សម្អាត​ច្រាស​ជាមួយ​ទឹក បន្ទាប់ពី​ប្រើ​រួច ហើយ​ទុក​វា​នៅ​កន្លែង​ស្ងួត​ស្អាត​។ ប៉ុន្តែ​កុំ​ទុក​ច្រាស​ក្នុង​បន្ទប់ទឹក​ឲ្យ​សោះ ក៏​ព្រោះ​ពពួក​បាក់តេរី​អាច​តោង​ជាប់​នឹង​ច្រាស​បាន​។​
 
– ផ្លាស់ប្ដូរ​ច្រាស​ដុសធ្មេញ​ឲ្យ​បាន​ទៀងទាត់ ក៏​ព្រោះ​ស​សៃ​ច្រាស​នឹង​ខូចគុណភាព បន្ទាប់ពី​ប្រើ​យូរ​ទៅ​។ ជា​លទ្ធផល អ្នក​មិនអាច​សម្អាត​ធ្មេញ​បាន​ស្អាត ដូច​ពេល​ប្រើប្រាស់​ច្រាស​ថ្មី​ឡើយ​។​
 
៤. អនុវត្ត​ទម្លាប់​មូលដ្ឋាន​នៃ​ការថែទាំ​ធ្មេញ​
 
– ដុសធ្មេញ​ឲ្យ​បាន ២ ដង​ក្នុង​មួយថ្ងៃ សម្រាប់​រយៈពេល ២​នាទី​។ ព្យាយាម​ដុស​សម្អាត​ឲ្យ​បាន​គ្រប់​ធ្មេញ​។​
 
– ប្រើប្រាស់​ខ្សែ​រ៉ូ​ត​សម្អាត​ធ្មេញ​។ ពេលខ្លះ​ការ​ដុសធ្មេញ​មិន​សម្អាត​ធ្មេញ​បាន​ស្អាត​ដូច​ការប្រើប្រាស់​ខ្សែ​រ៉ូ​ត​ឡើយ​។ ការប្រើប្រាស់​ខ្សែ​រ៉ូ​ត​សម្អាត​ធ្មេញ​អាច​កម្ចាត់​ចេញ​នូវ​សំណល់​អាហារ​ដែល​ជាប់​នៅ​កៀន​ចន្លោះ​ធ្មេញ ក៏ដូចជា​ក្រោម​អញ្ចាញ​។​
 
– ប្រើប្រាស់​ទឹក​ខ្ពុរមាត់​។ មិន​ថា​ប្រភេទ​ណាក​ដ៏​ដោយ ទឹក​ខ្ពុរមាត់​មាន​ឥទ្ធិពល​កម្ចាត់​បាក់តេរី​ដែល​នឹង​ជួយ​សម្អាត​បាក់តេរី​មិនល្អ​ចេញពី​ក្នុង​មាត់​របស់​អ្នក​។ កុំ​លាង​សម្អាត​មាត់​ជាមួយនឹង​ទឹក​ធម្មតា បន្ទាប់ពី​ប្រើប្រាស់​ទឹក​ខ្ពុរមាត់ ដើម្បី​រក្សា​ប្រសិទ្ធិភាព​បានយូរ​។​

៥. ណាត់ជួប​ទន្តពេទ្យ ដើម្បី​ទទួលយក​ការសម្អាត​ធ្មេញ​ទៀងទាត់​
 
​មិន​ថា​អ្នក​ព្យាយាម​សម្អាត​ធ្មេញ​ដោយ​ខ្លួនឯង​យ៉ាងណាក៏ដោយ ក៏​អ្នក​មិនអាច​សម្អាត​បាន​ដល់​គ្រប់កន្លែង​ក្នុង​មាត់​ដែរ​។ ពេទ្យធ្មេញ​នឹង​សម្អាត​ជួរ​ជើងធ្មេញ​ទាំង​មុន និង​ក្រោយ ដើម្បី​កម្ចាត់​កំណកកំបោរ​។ ការលាង​សម្អាត​ទៀត​ទាត់ គឺជា​កត្តាចាំបាច់​មួយ​ប្រយុទ្ធប្រឆាំង​ទៅនឹង​បញ្ហា​ធ្មេញ​ប្រហោង​ដង្កូវ​ស៊ី​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ធ្វើការ​ណាត់ជួប​ជាមួយ​ពេទ្យធ្មេញ ឬ​ទន្តពេទ្យ​ឲ្យ​បាន​យ៉ាងហោចណាស់ ម្ដង ឬ ពីរដង ក្នុង​មួយឆ្នាំ​។​
 
៦. បន្ថែម​សារធាតុ​បំប៉ន និង​វីតាមីន​ក្នុង​របប​អាហារ​
 
​វីតាមីន គឺ​ចាំបាច់​ណាស់ ដើម្បី​រក្សា​សុខភាព​មាត់​ធ្មេញ​ល្អ​។​
 
– ដើម្បី​ជម្រុញ​ការផលិត​ទឹកមាត់ អ្នក​ត្រូវ​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ដូចជា ផ្លែឈើ​, គ្រាប់​ធញ្ញជាតិ និង​បន្លែ​។ ល្អ​បំផុត​នោះ គឺ​ផ្លែ​ប៉ោម​, ចេក​,​ស្ពៃក្ដោប និង​សណ្ដែកបារាំង​។​
 
– ទទួលទាន​អាហារ​ធញ្ញជាតិ​សុទ្ធ​។ អាហារ​ប្រភេទ​នេះ​មាន​ផ្ទុក​នូវ​វីតាមីន B និង​ជាតិ​ដែក​ខ្ពស់​។ គ្រាប់​ធញ្ញជាតិ​សុទ្ធ ក៏​ជា​ប្រភព​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ដែលជា​សារធាតុ​រ៉ែ​សំខាន់​ជួយ​ក្នុងការ​ស្រូបយក​កាល់ស្យូម និង​ពង្រឹង​សុខភាព​ធ្មេញ​។​
 
– ទទួលទាន​គ្រឿង​សមុទ្រ​ឲ្យ​បាន​ញឹកញាប់ ប្រសិនបើ​អ្នក​ចង់​ទទួលបាន​នូវ​វីតាមីន D បន្ថែម​ក្នុង​អាហារ​។ ត្រី​សាល​ម៉ុ​ន​, ត្រី herrings និង​ត្រី​ធូ​ណា​កំប៉ុង និង​ត្រី​សា​ឌី​ន​ជាដើម គឺ​សុទ្ធតែជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន D៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com