ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ចូលចិត្ត ក៏​គួរ​រៀន​ញាំុ​ដែរ​! “​ម្ទេសផ្លោក​” ល្អ​ណាស់​សម្រាប់​សុខភាព​
30, Nov 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ម្ទេសផ្លោក ជា​បន្លែ​មួយ​ប្រភេទ​ដែលមាន​ផ្ទុក​សារធាតុចិញ្ចឹម​សំខាន់ៗ​សម្រាប់​ជួយ​ដល់​រាងកាយ​ឲ្យ​រក្សាបាន​នូវ​សុខ​ភាពល្អ​រឹងមាំ​។ អ្វីដែល​សំខាន់​នោះ គឹ​បន្លែ​មួយ​នេះ​ងាយ​នឹង​រក​ទិញ​បាន ហើយ​សម្បូរ​ណាស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់ និង​ទទួលទាន​ម្ទេសផ្លោក​ជាក់​ជាមិនខាន ប៉ុន្តែ​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។



ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ផល​ល្អៗ​នៃ​ការ​ទទួលទាន​ម្ទេស​ប្លោក ហើយ​ចំពោះ​អ្នក​ដែល​មិន​ចូលចិត្ត​ញាំុបន្លែ​នេះ​ក៏​ប្រហែល​នឹង​ប្ដូរ​ចិត្ត​ដែរ បន្ទាប់ពី​អាន​អត្ថបទ​នេះ​រួច ៖
 
១. ជួយ​ឲ្យ​ស្រក​ទម្ងន់​
 
​ម្ទេស​ប្លោក មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ និង​ជាតិ​ទឹក ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ​បន្ទាប់ពី​ទទួលទាន​វា​។ លើសពីនេះទៅទៀត បន្លែ​នេះ​ក៏មាន​ប្រសិទ្ធិភាព​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​កាន់តែ​មាន​ភាព​ស​កម្ម​ជាង​មុន​ផងដែរ​។​
 
២. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​តើ​អ្នក​ឆាប់​ផ្ដាសាយ ឬ​ឧស្សាហ៍​ឈឺ​គ្រុន​ផ្ដា​យ​សាយ​ណាស់​មែន​ទេ​? នោះ​ក៏​ព្រោះតែ​អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​ហើយ​! គួរ​ធ្វើយ៉ាងណា​ទៅ​? មិន​ពិបាក​ឡើយ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្ថែម​ម្ទេស​ប្លោក​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ម្ទេស​ប្លោក គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែលជា​សារធាតុ​ដ៏​សំខាន់​មួយ​ជួយ​ពង្រឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ប្រសើរឡើង​។​
 
៣. ល្អ​សម្រាប់​សុខភាព​ភ្នែក​
 
​ម្ទេស​ប្លោក ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A ដែល​ចាំបាច់​សម្រាប់​សុខភាព​ភ្នែក​ល្អមើល​ឃើញ​បាន​ច្បាស់​។​
 
៤. កាត់បន្ថយ​ទប់ស្កាត់​ការ​រលាក​ក្នុង​រាងកាយ​
 
​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ គឺ​សុទ្ធតែ​ផ្សារភ្ជាប់​នឹង​បញ្ហា​សុខភាព​ផ្សេងៗ​គួរ​ឲ្យ​ព្រួយបារម្ភ​ដូចជា ជំងឺ​ធាត់​ជ្រុល​, ជំងឺ​ទឹកនោមផ្អែម​, សម្ពាធ​ឈាម​ឡើង​ខ្ពស់​, ជំងឺ​បេះដូង​, ជំងឺ​រលាក​សន្លាក់​, ជំងឺ​ពុក​ឆ្អឹង និង​ជំងឺមហារីក​។ ម្ទេស​ប្លោក មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​មួយ​ហៅថា capsaicin ដែល​ជួយ​គ្រប់គ្រង ឬ​ទប់ស្កាត់​ការ​រលាក​ក្នុង​រាងកាយ ដូច្នេះ​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​ដែល​ទាក់ទង​ជាមួយ​ការ​រលាក​នឹង​ត្រូវបាន​កាត់បន្ថយ​។​
 
៥. បន្សាប​ជាតិពុល​ក្នុង​រាងកាយ​
 
​ម្ទេស​ប្លោក មាន​ផ្ទុក​នូវ​ជាតិ​ស​សៃ និង​សមាសធាតុ​ស្ពាន់ធ័រ​ដែល​ជួយ​កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​ក្នុង​រាងកាយ​ទាំងមូល​។​
 
៦. ល្អ​សម្រាប់​ប្រព័ន្ធ​ស​សៃ​ប្រសាទ​
 
​វីតាមីន B6 ឬ pyridoxine ដែលមាន​នៅក្នុង​ម្ទេស​ប្លោក គឺ​សំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍ និង​ដំណើរការ​មុខងារ​ខួរក្បាល​ត្រឹមត្រូវ​តាម​ប្រក្រតី​។ សារធាតុចិញ្ចឹម​នេះ​ជួយ​រាងកាយ​ផលិត​សារធាតុ neurotransmitters ដែល​ទទួលខុសត្រូវ​សម្រួល​ដល់​រាល់​កោសិកា​ក្នុង​ខួរក្បាល​ឲ្យ​ធ្វើការ​ដឹកនាំ​ប​ញ្ចូ​ន​សញ្ញា​ឆ្លងកាត់​គ្នា​ទៅវិញទៅមក​យ៉ាងសកម្ម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com