កីឡាជាតិ
ជាតិ
ចំបាប់​នឹង​ស្នើ​ហ្វីលីពីន​ឲ្យ​ដាក់​វិញ្ញាសា​ដែល​ខ្លួន​ធ្លាប់​ឈ្នះ​មេដាយមាស ក្នុង​ស៊ី​ហ្គេម​ឆ្នាំក្រោយ​
30, Nov 2018 , 7:59 am        
រូបភាព
លោក Casey Barnett ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយការប្រកួតជើងឯកថ្នាក់ជាតិនៅពហុកីឡដ្ឋានជាតិ
លោក Casey Barnett ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយការប្រកួតជើងឯកថ្នាក់ជាតិនៅពហុកីឡដ្ឋានជាតិ
ដោយ:
​ក្រោយ​ម្ចាស់ផ្ទះ​ហ្វីលីពីន​សម្រេច​ដាក់​កីឡា​ចំបាប់​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ កម្ពុជា​គ្រោង​ស្នើសុំ​ម្ចាស់ផ្ទះ​ដាក់​វិញ្ញាសា​សក្តានុពល ដែល​ខ្លួន​ធ្លាប់​ឈ្នះ​មេដាយមាស​ក្នុង​ស៊ី​ហ្គេម​នាពេល​កន្លងមក​។ ការគ្រោង​ធ្វើសំណើរ​នេះ បន្ទាប់ពី​កម្ពុ​ជាមាន​ក្តីបារម្ភ​ខ្លាច​ម្ចាស់ផ្ទះ​មិន​ឯកភាព​ដាក់​វិញ្ញាសា​សក្តានុពល​មួយ​នេះ​។ តែ​យ៉ាងណា​កម្ពុជា​នឹង​ផ្តល់​អាទិភាព​ខ្ពស់​ដល់​យុវជន សម្រាប់​ការចូលរួម​លើក​នេះ​។​

 
​លោក Casey Barnett អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​និយាយថា លោក​នឹង​ព្យាយាម​តវ៉ា​ជាមួយ​ម្ចាស់ផ្ទះ​ហ្វីលីពីន ដើម្បី​ស្នើសុំ​ដាក់​វិញ្ញាសា​សក្តានុពល​មួយចំនួន​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​។ អ្វីដែល​សំខាន់ គឺ​វិញ្ញាសា​របស់​កីឡាករ ឌន សៅ ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៣​។  
 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នក​សារ​ព័ន្ធ​ក្រោយ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​កាលពី​ថ្ងៃទី​២៨ វិច្ឆិកា អនុប្រធាន​រូបនេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​យើង​នឹង​តវ៉ា​ជាមួយ​ហ្វីលីពីន​ដើម្បី​បន្ថែម​វិញ្ញាសា​ទម្ងន់​ធ្ងន់ ដោយសារ​យើង​មាន​កីឡាករ​សក្តានុពល​មួយរូប​គឺ​កីឡាករ ឌន សៅ ជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ឆ្នាំ​២០១៣​។ យើង​នឹង​ព្យាយាម​តវ៉ា​ឲ្យ​គាត់​បាន​ចូលរួម​ប្រកួត ដើម្បី​ដណ្តើម​មេដាយ​ដែរ​»​។​


 
​ការលើកឡើង​បែបនេះ បន្ទាប់ពី​លោក​ព្រួយបារម្ភ​ខ្លាច​ម្ចាស់ផ្ទះ​ហ្វីលីពីន ដែល​មិនសូវមាន​សក្តានុពល​លើ​ប្រភេទ​កីឡា​នេះ មិន​ឯកភាព​ដាក់​វិញ្ញាសា​សក្តានុពល​របស់​កម្ពុ​ជា​។ លោក​រំពឹងថា ម្ចាស់ផ្ទះ​ហ្វីលីពីន​នឹងដាក់​វិញ្ញាសា​នេះ​ឲ្យ​ចូលរួម​ប្រកួតប្រជែង​។ ជាមួយគ្នានេះ លោក​សង្ឃឹមថា កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ​នៅ​លើក​នេះ បន្ទាប់ពី​ខកខាន​ចូលរួម​ពីរលើក​កន្លងមក​។ 
 
​ទោះបី​យ៉ាងនេះ​ក្តី លោក Casey Barnett បាន​អះអាងថា សម្រាប់​ការចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​នេះ លោក​នឹង​ផ្តល់​អាទិភាព​ខ្ពស់​ដល់​យុវជន​ឲ្យ​បានបង្ហាញ​សមត្ថភាព ដើម្បី​ទទួលបាន​បទពិសោធ​ប្រកួត​លើ​ឆាក​អន្តរជាតិ សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​កម្ពុជា​។ 
 
«​ទោះបី​យើង​ចង់បាន​ភាពជោគជ័យ​ក្នុងការ​ប្រកួត​ក៏ដោយ តែ​យើង​នឹង​ផ្តល់​អាទិភាព​ខ្ពស់​ដល់​យុវជន​នៅ​ឆ្នាំក្រោយ ដើម្បី​ឲ្យ​ពួកគាត់​មាន​បទពិសោធ​ប្រកួត​លើ​ឆាក​អន្តរជាតិ សម្រាប់​ត្រៀម​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣»​។ លោក Casey Barnett លើកឡើង​បែបនេះ ហើយ​បន្ថែមថា លោក​នឹង​ខិតខំ​ស្វែងរក​វិធីសាស្ត្រ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​កីឡាករ​ឲ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ​។ 
 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​៥​ថ្ងៃ​នៅ​ទីលាន​អគារ​ដំបូលទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម​អត្ត​ព​លិ​ក​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​គ្រង​ជើងឯក​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ បន្ទាប់ពី​ពួកគេ​ដណ្តើមបាន​មេដាយមាស​៦ ប្រាក់​៦ និង​សំរឹទ្ធ​២​។ អត្ត​ព​លិ​ក​ក្រសួងការពារជាតិ​ឈរ​លំដាប់​ទី​២ ក្រោយ​ឈ្នះ​មេដាយមាស​៦ ប្រាក់​៥ និង​សំរឹទ្ធ​៣ ខណៈ​ក្លិប​ម៉ឺន​ឯក​ក្រោយ​ឈ្នះ​មេដាយមាស​៣ ប្រាក់​២ និង​សំរឹទ្ធ​៤ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​។ 
 
​ក្រៅពីនេះ​ក្លិប​យាយ​ព្រីង​មាន​រិ​ទ្ធ ដណ្តើមបាន​មេដាយមាស​១ ប្រាក់​១ និង​សំរិទ្ធ​៥, ក្លិប​រិ​ទ្ធិ​សែន​មេដាយមាស​១ និង​សំរិទ្ធ​៣, ខេត្តព្រៃវែង​មេដាយប្រាក់​៤ និង​សំរិទ្ធ​៥, ខេត្តពោធិ៍សាត់​មេដាយសំរិទ្ធ​២ និង​ក្លិប​ប្រ​យាប​ទទួលបាន​មេដាយសំរិទ្ធ​១​។ សម្រាប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ​មាន​អត្ត​ព​លិ​ក​១១៩​នាក់​មកពី​៨​ក្លិប​-​សមាគម​ចូលរួម​៕ 


 

Tag:
 ចំបាប់​
  ធិ​ន វិចិត្រ​
  Casey Barnett
© រក្សាសិទ្ធិដោយ thmeythmey.com