ជាតិ
កំពង់សោម calling…!
30, Nov 2018 , 10:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ តោះ​! ទៅលេង​ខេត្ត​ព្រះសីហនុ​! អត់​ទេ ចិន​ច្រើន ហើយ​របស់របរ​នៅ​ទីនោះ​ថ្លៃ​ខ្លាំងណាស់​។ នេះ​ជាការ​លើកឡើង​របស់​ម​នុស្សមួយ​ចំនួន​នៅពេល​គិតដល់​ដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​សមុទ្រ​ដ៏​ល្បីល្បាញ​របស់​កម្ពុ​ជាមួយ​នេះ​។ ទោះបីជា​យ៉ាងណាក៏ដោយ ក៏​អាជ្ញាធរ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​កង្វល់​របស់​អ្នក​ត្អូញត្អែរ​ដែរ ហើយ​អាជ្ញាធរ​តែងតែ​សន្យា​រក​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​។



​រឿងរ៉ាវ​នៅក្នុង​ខេត្ត​ព្រះសីហនុ និង​ក្រុងព្រះសីហនុ​ទាក់ទង​នឹង​វត្តមាន​នៃ​វិនិយោគិន​ជនជាតិ​ចិន ដែល​នាំ​ឲ្យ​តម្លៃ​នៃ​ផលិតផល ឬ​សេវាកម្ម​មួយចំនួន​នៅ​ទីនោះ​ឡើងថ្លៃ បាន​ក្លាយទៅជា​ប្រធានបទ​ដ៏​ក្តៅគគុក​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ រាល់​ការវិនិយោគ​ក្នុង​ទម្រង់​គំហុក ឬ​សន្សឹមៗ​ក៏ដោយ វា​តែងតែ​ទាញ​តម្លៃ​សេវាកម្ម ឬ​ទំនិញ​ឲ្យ​ឡើងថ្លៃ​ជានិច្ច ទោះបីជា​នៅ​កន្លែង​ណា ឬ​ក្នុងប្រទេស​ណាក៏ដោយ​។ ការដំឡើង​តម្លៃ​សេវាកម្ម ឬ​ទំនិញ ពេលខ្លះ កើតឡើង​ដោយសារ​តម្រូវការ​ខ្ពស់​។ ប៉ុន្តែ ពេលខ្លះ វា​កើតឡើង ដោយសារ ចិត្តសាស្ត្រ​សេដ្ឋកិច្ច​(​គេ​នាំគ្នា​ដំឡើង​)​។ 
​នៅក្នុង​ក្រុងព្រះសីហនុ តើន​រណា​ជា​អ្នក​ដំឡើងថ្លៃ​សេវាកម្ម និង​ទំនិញ​? អ្នកជំនួញ​ជនជាតិ​ចិន ឬ​អ្នកជំនួញ​ជនជាតិខ្មែរ​? ហើយ​ថា តើ​វា​ជា​កំហុស​របស់​ពួកគេ​ឬទេ​? 
 
​វា​មិនមែនជា​កំហុស​របស់​នរណា​ឡើយ​។ នេះ គឺជា​សកម្មភាព​សេដ្ឋកិច្ច​រស់​រវើក​ដែល​ទាញ​ដោយ​កម្លាំង​វិនិយោគ​របស់​ជនជាតិ​ចិន​។ ជនជាតិខ្មែរ​ដែល​រស់​នៅ ឬ​មានទ្រព្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ ទទួលបាន​ផល​ដ៏​មហិមា​ពី​ការវិនិយោគ​របស់​ជន​ជាតិចិន​នៅ​ទីនោះ​។ តម្លៃ​ផ្ទះសំណាក់ ឬ​សណ្ឋាគារ ដែល​ធ្លាប់តែ​រកចំណូលបាន​ក្រោម​១​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ​, បច្ចុប្បន្ន ពួកគេ​ជួល​ឲ្យ​ជនជាតិ​ចិន​ជា​អ្នកកាន់កាប់​បន្ត ក្នុងតម្លៃ​កើនឡើង​ដល់​៣​ម៉ឺន​ដុល្លារ​ក្នុង​មួយខែ​។ ត្រង់ចំណុច​នេះ តើន​រណា​ជា​អ្នកទទួលបាន​ផល​? ផ្ទះល្វែង​ធ្លាប់ជួល​បាន​ក្រោម​១​ពាន់​ដុល្លារ​ក្នុង​១​ខែ តែ​បច្ចុប្បន្ននេះ គេ​ជួល​ឲ្យ​ជនជាតិ​ចិន​ដើម្បី​ធ្វើ​ជំនួញ​បន្ត​ក្នុងតម្លៃ​៣ ៤ ឬ​៥​ពាន់​ដុល្លារ​ក្នុង​មួយខែ​។ តើន​រណា​ជា​អ្នកទទួលផល​ពី​ការកើនឡើង​នេះ​? 
 
​ឧទាហរណ៍​មួយទៀត​ថា ពេល​ស្រូវ​ធ្លាក់​ថ្លៃ អ្នកទិញ​អង្ករ​សប្បាយចិត្ត តែ​កសិករ​ពិបាកចិត្ត និង​ផ្ទុយ​មកវិញ​។ ករណី​នៅ​ខេត្ត​ព្រះសីហនុ​ក៏​ស្រដៀង​គ្នា​ដែរ អ្នកមាន​ទ្រព្យ​ជួល ឬ​ធ្វើ​អាជីវកម្ម​សប្បាយចិត្ត តែ​អ្នកប្រើប្រាស់​ខឹង​។ ការ​«​រិះគន់​»​របស់​អ្នក​មិន​សប្បាយចិត្ត ក៏​មិន​ខុស​ដែរ ព្រោះ វា​ជា​សេរីភាព​ក្នុងការ​បញ្ចេញមតិ ពោល គឺ​ចៀសវាង រាល់​ពាក្យពេចន៍​ជេរប្រមាថ ឬ​ការ​បរិហាកេរ្តិ៍​។ 
 
​តួលេខ​មួយចំនួន​បាន​បង្ហាញថា នាពេល​កន្លងមក ក្នុងអំឡុង​បុណ្យ​អំ​ទូក ចំនួន​ទេសចរ​ខ្មែរ​ទៅ​កម្សាន្ត​ក្រុងព្រះសីហនុ​ធ្លាក់ចុះ តែ​ទៅ​កើន​នៅឯ​ខេត្ត​ផ្សេងៗ ដូចជា ខេត្តរតនគិរី មណ្ឌលគិរី សៀមរាប និង​ខេត្ត​ដទៃ​។​ល​។ តើ​សកម្មភាព​នេះ ជាការ​ពង្រាយ​សកម្មភាព​សេដ្ឋកិច្ច​ឬទេ​? សូមបញ្ជាក់ថា កាហ្វេ​មួយ​កែវ​នៅ​ខេត្តកំពង់ឆ្នាំង ពិតជា​ថោក​ជាង​កាហ្វេ​មួយ​កែវ​ដែល​គេ​លក់​នៅក្នុង​តំបន់​បឹង​កេងកង​រាជធានី​ភ្នំពេញ​។ សេវាកម្ម និង​តំបន់​ខុសគ្នា នាំ​ឲ្យ​តម្លៃ​ខុសគ្នា​។ 
 
​ករណី​នៅ​ខេត្ត​ព្រះសីហនុ អ្វីដែល​ត្រូវធ្វើ​ចាំបាច់ និង​ជាបន្ទាន់ គឺ​គ្រប់គ្រង​ជនជាតិ​ចិន និង​ខ្មែរ​ឲ្យ​គោរព​ច្បាប់​របស់​ខ្មែរ ហើយ​អ្វីដែល​ត្រូវធ្វើ​ឲ្យ​បាន​លឿន​បំផុត គឺជា​ការយកពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ និង​ពិតប្រាកដ​ពី​ជំនួញ​ទាំងនោះ ពោល គឺ​ចៀសវាង អ្នកជំនួញ​កាន់តែ​មាន តែ​រដ្ឋ​កាន់តែ​ក្រ ដោយសារ​ការធ្វេសប្រហែស​ចំពោះ​កាតព្វកិច្ច​បង់ពន្ធ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com