ការជំរុញឲ្យគោរពច្បាប់សាងសង់ ការចុះបញ្ជីដីធ្លី និង ការសាងសង់កុំឲ្យប៉ះពាល់ដល់ផ្លូវសាធារណៈឬដីរដ្ឋ គឺជាយន្តការ ដែលរដ្ឋមន្ត្រីដែនដី បានដាក់ចេញ ដើម្បីឲ្យការសាងសង់នៅកម្ពុជា មានរបៀបរៀបរយ ហើយគ្មានបញ្ហាកើតឡើង។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ បានបង្ហាញការប្រឹងប្រែងរបស់ខ្លួន ជាមួយមន្ត្រីពាក់ព័ន្ធ ក្នុងការដោះស្រាយបញ្ហាសំណង់និងទំនាស់ដីធ្លីនៅកម្ពុជា។ ធ្វើជាអធិបតីក្នុងពិធីបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាលើកទី៥ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋមន្ត្រីរូបនេះ បានលើកឡើងពីផែនការសំខាន់បីយ៉ាងរបស់លោក ដើម្បីឲ្យការសាងសង់នៅកម្ពុជា មានក្បួនខ្នាតនិងស្របទៅតាមច្បាប់។
ទីមួយ គឺវិធានការផ្លូវច្បាប់។ លោក ជា សុផារ៉ា ទាមទារឲ្យសមាគមឬក្រុមហ៊ុនផ្នែកសាងសង់ទាំងអស់ គោរពច្បាប់និងបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធនឹងការសាងសង់។ លោក បន្ថែមថា ចំណុចសំខាន់មួយទៀត ដែលត្រូវគិតដែលនោះ មុននឹងចាប់ផ្តើមសាងសង់ គឺការរក្សាគម្លាតឲ្យបានសមរ្យ រវាងសំណង់របស់ខ្លួន ជាមួយនឹងផ្ទះឬអគាររបស់អ្នកជិតខាង។
រដ្ឋមន្ត្រីរូបនេះ យល់ថា មុននឹងសាងសង់ គួរតែមានការសម្របសម្រួលជាមួយអ្នកជិតខាង។ លោក និយាយយ៉ាងដូច្នេះថា៖«ខ្ញុំមិនចង់ឮថា សាងសង់បុកគ្រឹះរួចហើយ ស្រាប់តែមានការប្តឹងជំទាស់ពីអ្នកជិតខាងនោះទេ»។
យ៉ាងណាក៏ដោយ លោក សង្កេតឃើញថា អ្នកជិតខាង ដែលរករឿងនោះ ក៏អាចក្លាយជាអ្នករំខានដែរ។ លោក អះអាងថា ជួនកាល ពួកគេ បានដឹងថា សំណង់របស់ក្រុមហ៊ុនឬអ្នកដទៃ គឺត្រឹមត្រូវតាមបទដ្ឋានគតិហើយ តែពួកគេ នៅតែផ្តល់ប្តឹង។
លោក ថ្លែងបែបនេះថា៖«តាមពិត ពួកគាត់ចង់លក់ផ្ទះឲ្យគេ។ អ៊ីចឹងពួកគាត់ ចេះតែដាក់ពាក្យប្តឹង។ ដល់ដាក់ពាក្យប្តឹងទៅ ចរចាអត់ចេះត្រូវទេ ខុសរហូត។ ពួកគាត់ ប្តឹងសុំឲ្យផ្អាកការដ្ឋាន។ បើផ្អាក វាខុសផែនការនៃការសាងសង់ ព្រោះជួនកាល កម្មករ មានដល់រាប់ពាន់នាក់ឯណោះ។ រឿងហ្នឹងមានច្រើនករណីណាស់»។
លោក ជា សុផារ៉ា ដែលអ្នកខ្លះចាត់ទុកជារដ្ឋមន្ត្រីដៃដែកក្នុងការដោះស្រាយបញ្ហាសំណង់និងទំនាស់ដីធ្លី បានសង្កត់ធ្ងន់ថា ក្រសួងរបស់លោក ត្រូវពិចារណាឲ្យបានដិតដល់ នៅពេលទទួលសំណើសុំឲ្យជួយដោះស្រាយពីក្រុមណាមួយ។ លោក បញ្ជាក់ថា៖«បញ្ហាសាងសង់ ជាបញ្ហាសំខាន់ សម្រាប់សមាគមអ្នកសាងសង់ ជាពិសេសដល់អ្នកសាងសង់តែម្តង»។
ទីពីរ គឺការចុះបញ្ជីដីធ្លីឲ្យបានឆាប់រហ័ស ដើម្បីឲ្យមានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី។ លោក ជា សុផារ៉ា ប្រាប់ថា មកដល់ពេលនេះ ក្រសួងរបស់លោក បានចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ បាន៥លានក្បាលដីហើយ ក្នុងចំណោម៧លានក្បាលដី (បានជាង៧០ភាគរយ)។ លោក បន្តថា ក្រសួង នឹងខិតខំចុះបញ្ជីដីធ្លី ដែលសេសសល់ឲ្យបាន១០០ភាគរយ ក្នុងពេលឆាប់ៗនេះ។ លោក បញ្ជាក់យ៉ាងដូច្នេះថា៖«ពេលសាងសង់ ត្រូវការមានកម្មសិទ្ធិ។ មិនមែនសាងសង់នៅលើដីគេ ហើយដល់ពេលសាងសង់រួច ទើបពុះចែកគ្នា ឬក៏ដោះស្រាយទំនាស់មិនបាននោះទេ»។
ទីបី គឺការគិតគូរពីហេដ្ឋារចនាសម្ព័ន្ធ ក្នុងការសាង់សង់។ ត្រង់ចំណុចនេះ លោក ជា សុផារ៉ា ពន្យល់ថា ក្រសួងដែនដី បាននិងកំពុងប្រឹងប្រែងទប់ស្កាត់កុំឲ្យមានទំនាស់ ដែលកើតឡើងពីសំណង់របស់ក្រុមហ៊ុនឬផ្ទះរបស់ប្រជាពលរដ្ឋ ជាមួយនឹងដីរដ្ឋឬផ្លូវសាធារណៈ។
លោករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះថា៖«យើង រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដើម្បីកាត់ផ្លូវសាធារណៈចេញ ហើយឲ្យបានទទួលស្គាល់ទាំងអស់គ្នា ព្រោះជៀសវាងសាងសងជាបូរីឬលំនៅដ្ឋានប្រណិតហើយ បានយើង រៀបចំផ្លូវសាធារណៈ [តាមក្រោយទេ]»។
ទោះជាយ៉ាងក៏ដោយ មកដល់បច្ចុប្បន្ននេះ គេនៅតែឃើញមានការកើតឡើងនូវទំទាស់ដីធ្លីនិងបញ្ហាសាងសង់រវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនឯកជន។ មានប្រជាពលរដ្ឋពីបណ្តាខេត្តខ្លះ បាននាំគ្នា ឡើងទៅតវ៉ានិងសុំជំនួយដល់ក្រសួងដែនដីក្នុងរាជធានីភ្នំពេញតែម្តង។ ហើយក៏មានប្រជាពលរដ្ឋខ្លះទៀត ទៅសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីផងដែរ ពីរឿងដីធ្លីនេះ៕