ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
លោក ហ៊ុន ម៉ា​នី​៖«​ព្រឹត្តិការណ៍​៤០​គ​.​ម ធ្វើ​ឲ្យ​យុវជន​យល់​ពី​ការយក​ជីវិត​ធ្វើ​ដើមទុន​រំដោះប្រទេស​»
29, Nov 2018 , 9:53 pm        
រូបភាព
ត្បូងឃ្មុំ៖ នៅ​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៩​ខែវិច្ឆិកា ក្រុម​ថ្មើរជើង​ទាំង​ជាង​៧០០​នាក់ បានចាប់ផ្តើម​ចេញដំណើ​រ​ពី​សាលាបឋមសិក្សា​កោះ​ថ្ម​នៃ​ស្រុក​មេមត់​។ នៅមុខ​សាលារៀន​នោះ មាន​ផ្ទាំង​ថ្ម​ម៉ាប​មួយ ​ដែលមាន​ឆ្លាក់​អក្សរ​ដែល​គេ​អាច​អាន​បាន​ថា​៖«​នៅទីនេះ វេលា​ម៉ោង​២១ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ចំ​ថ្ងៃ​ចន្ទ​៥​កើត ខែអាសាឍ ឆ្នាំម្សាញ់ នព្វស័ក ពស ២៥២១ សម​មិត្ត ហ៊ុន សែន និង​កម្មាភិបាល​ដ៏​ទុកចិត្ត​៤​នាក់ ​បានចេញ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​»​។​



​ក្រុម​ថ្មើរជើង​ជាង​៧០០​នាក់ ដែល​ត្រូវបាន​ចែកជា​២២​ក្រុម បាន​ថតរូប​អនុស្សាវរីយ៍​ជាមួយ​ផ្ទាំង​ថ្ម​នេះ មុននឹង​ចាប់ផ្តើម​ដំណើរ​៤០​គីឡូម៉ែត្រ ឆ្ពោះទៅកាន់​ប្រវត្តិសាស្ត្រ (​វិមាន​អនុស្សាវរីយ៍​២​ធ្នូ ក្នុងស្រុក​ស្នួល​)​។ លោក ហ៊ុន ម៉ា​នី ដែល​ស្ថិតនៅក្នុង​ក្រុមទី​៨ ក៏បាន​ចេញដំណើរ​ពី​ចំណុច​ថ្ម​ម៉ាប​នេះដែរ​។​

​កំពុងធ្វើដំណើរ​ជាមួយ​ក្រុម លោក ហ៊ុន ម៉ា​នី ដែល​កូនប្រុស​របស់​អតីត​សម​មិត្ត ហ៊ុន សែន បានផ្តល់​សម្ភាសន៍​ខ្លី​ដល់​សារព័ត៌មាន​ថ្មីៗ ដើម្បី​ផ្តល់​ចំណាប់អារម្មណ៍​របស់លោក​អំពី​ព្រឹត្តិការណ៍​ថ្មើរជើង​ ដែល​ទើបតែ​ចាប់​ផ្តើមចេញពី​ទីតាំង​អនុស្សាវរីយ៍​របស់​ឪពុក​លោក​កាលពី​៤១​ឆ្នាំមុន​។​

សំឡេងសម្ភាស៖




​លោក ហ៊ុន ម៉ា​នី ដែលជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែលជា​អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​៤០​គីឡូម៉ែត្រ​នេះ គឺជា​មេរៀន​មួយ​ដែល​យុវជន​ជំនាន់​ក្រោយ គួរតែ​យកចិត្តទុកដាក់ ចងចាំថា នៅពេលដែល​ប្រទេស​ត្រូវការ តើ​អ្វីខ្លះ​ជា​តម្លៃ​ដែល​យុវជន​ត្រូវ​ហ៊ាន​លះបង់ ដើម្បី​បុព្វហេតុ និង​ភាពសប្បាយ រីករាយ របស់​ប្រជាជន​?



​កូនប្រុស​ពៅ​របស់​អតីត​សម​មិត្ត ហ៊ុន សែន មាន​ឯកសណ្ឋាន​អាវយឺត​ពណ៌​ស ខោជើងវែង​ប្រភេទ​ពណ៌​ទឹកដោះគោ និង​ស្បែកជើង​កីឡា ដោយមាន​ស្ពាយ​កាបូប​តូច​ល្មម​មួយ​ផង​។ លោក ម៉ា​នី បាន​បន្ត​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​៖«​ក្រៅពី​ចង់បង្ហាញ​ឲ្យ​យុវជន​យើង​បច្ចុប្បន្ន ដឹង​ពី​តម្លៃ​នៃ​ការលះបង់ និង​ការត្រៀមខ្លួន​នៅពេលដែល​ប្រទេសជាតិ​ត្រូវការ ក្នុងនាម​ជា​កូន ការរៀបចំ​ព្រឹត្តិការ​នេះ គឺ ដើម្បី​រំឮក​ដល់​ការតស៊ូ និង​ការលះបង់​របស់​ពុក ។​



​ទោះយ៉ាងណា​ក៏ដោយ សម្រាប់​លោក ហ៊ុន ម៉ា​នី ៤០​គីឡូម៉ែត្រ មិនអាច​មានន័យ​ស្មើ​ការឆ្លងកាត់​របស់​យុវជន​ជំនាន់​មុន​នោះទេ​។ ដើរ​បណ្តើរ មើលផ្លូវ​ដែល​ចាក​ចេញពី​ភូមិ​ឆ្លងកាត់​ស្រែ​បណ្តើរ លោក ម៉ា​នី ពន្យល់​បន្ថែមថា​៖« តែ​យើង​ចង់​ឲ្យ​យុវជន​យល់ដឹង​ថែម ឲ្យ​ស៊ីជម្រៅ លើសពី​អ្វីដែល​យើង​រៀន​នៅក្នុង​ក្រដាស ដែល​យើង​អាច​គិតថា​ស្រួល​។ តែ​ឱកាស​នៃ​ការដើរ​៤០​គីឡូម៉ែត្រ​នេះ អាច​ឲ្យ​ដឹងថា តើ​ការយក​ជីវិត​ជាដើម​ទុន ដើម្បី​រំដោះ​មាតុភូមិ​នេះ វា​មិនមែន​សាមញ្ញ​ពេក​នោះ​ទេ»​។​



​លោក ហ៊ុន ម៉ា​នី សង្ឃឹមថា ក្រោយពី​ដំណើរ​៤០​គីឡូម៉ែត្រ​នេះ យុវជន​អ្នកចូលរួម​នឹង​ដឹង​ច្បាស់​ពី​ការតស៊ូ​របស់​យុវជន​ជំនាន់​មុន ហើយ​ពួកគាត់​ខ្លួនឯង​ នឹង​ក្លាយជា​ធនធាន និង​ជា​អ្នកការពារ​ប្រទេសជាតិ​រួចជាស្រេច​។​

«​ហើយ​បើសិនជា​ប្រទេស​ត្រូវការ​យើង យើង​នឹង​ត្រៀមខ្លួន ហ៊ាន​លះបង់ ដើម្បី​ភាពសប្បាយ​រីករាយ​រប​ស់​ប្រជាជន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ុន ម៉ា​នី​៕


Tag:
 ហ៊ុន ម៉ា​នី​
  ២​ធ្នូ​
  ៤០​គ​.​ម​
© រក្សាសិទ្ធិដោយ thmeythmey.com