ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​គេង​ភ្លាមៗ បន្ទាប់ពី​ទទួលទាន​អាហារ បើ​មិន​ដូច្នោះ​ទេ អ្នកនឹង​ជួបប្រទះ​នូវ​បញ្ហា​សុខភាព​ទាំងនេះ​
11, Jun 2022 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ហេតុអ្វី​ទើប​អ្នក​មិនគួរ​គេង​ភ្លាមៗ ក្រោយពេល​ទទួលទាន​អាហារ​? បើទោះជា​ការ​គេង និង​ការ​ទទួលទាន​អាហារ គឺ​សំខាន់​ចំពោះ​សុខភាព ក៏ដូចជា​ក្នុងការ​ទ្រទ្រង់​ជីវិត​ក៏ដោយ ប៉ុន្តែ​ការ​គេង​ភ្លាមៗ ក្រោយពេល​ទទួលទាន​អាហារ​ពេល​ថ្ងៃត្រង់ ឬ​ល្ងាច នោះ​អាច​នឹង​ផ្ដល់នូវ​ប៉ះពាល់​ធ្ងន់ធ្ងរ​មួយ​ចំពោះ​សុខភាព​បាន​គួរ​ឲ្យ​ព្រួយបារម្ភ​។ ចន្លោះពេល​ដ៏​សមស្រប​បំផុត​នៃ​ការទទួល​ទាន​អាហារ និង​ការ​គេង គឺ​គម្លាត​ពី ២ ទៅ ៣ ម៉ោង​។



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​បញ្ហា​សុខភាព​ដែល​នឹង​កើតឡើង ប្រសិនបើ​អ្នក​បន្ត​ទម្លាប់​គេង​ភ្លាមៗ ក្រោយពេល​ទទួលទាន​អាហារ ៖

១. ឡើង​ទម្ងន់​
 
​ការ​គេង​ភ្លាម ក្រោយពេល​ទទួលទាន​អាហារ គឺអាច​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​។ ដើម្បី​រក្សាបាន​នូវ​ទម្ងន់​សមតុល្យ វា​ចាំបាច់​ក្នុងការ​ដុតបំផ្លាញ​កាឡូរី ប៉ុន្តែ​នៅពេល​យើង​គេង​ភ្លាមៗ បន្ទាប់ពី​អាហារ​ថ្ងៃ​ត្រង់នោះ​ការដុត​បំផ្លាញ​កាឡូរី គឺ​មិនអាច​កើតឡើង​បានឡើយ​។ ផ្ទុយទៅវិញ កាឡូរី​ទាំងអស់ គឺ​ត្រូវ​ស្ដុក​ទុក​ក្នុង​រាងកាយ​។ ប្រសិនបើ​អ្នក​បន្ត​អនុវត្តន៍​ទម្លាប់​មិនល្អ​នេះ​យូរ​ទៅ អ្នកនឹង​ជួបប្រទះ​នូវ​បញ្ហា​នៃ​ការឡើង​ទម្ងន់​យ៉ាងខ្លាំង​។​
 
២. ពិបាក​ក្នុង​ការរំលាយ​អាហារ​

​ជាធម្មតា យើង​ត​ម្រេ​ត​ខ្នង​គេង​ផ្ងារ ឬ​បែរ​ទៅ​ម្ខាង បន្ទាប់ពី​ទទួលទាន​។ ក្នុង​ទីតាំង​បែបនេះ ឳ​កាស​ដែល​ទឹក​អាស៊ីត​ក្រពះ​ហូរ​ត្រឡប់​ទៅកាន់​បំពង់​អាហារ​វិញ គឺមាន​ខ្ពស់​ណាស់ ហើយ​វា​នឹង​បង្ក​ឲ្យ​មាន​ការផលិត​អាស៊ីត​លើស​កម្រិត​។ ដំណើរការ​នេះ​អាច​បណ្ដាល​ឲ្យ​អ្នក​ជួបប្រទះ​នូវ​បញ្ហា​ក្រហាយ​ទ្រូង ហើយក៏​រំខាន​ដល់​ការ​គេង​ផងដែរ​។​
 
៣. បង្កើន​ជាតិ​អាស៊ីត​
 
​នៅពេល​អាហារ​ចួ​ល​ដល់​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ការបញ្ចេញ​ទឹក​អាស៊ីត​នឹង​ចាប់​ផ្ដើមឡើង​។ ការ​គេង​ភ្លាមៗ បន្ទាប់ពី​ទទួលទាន​អាហារ គឺ​នឹងធ្វើ​ឲ្យ​អាស៊ីត និង​អាហារ​ហូរ​ត្រឡប់​ទៅក្នុង​បំពង់​អាហារ​វិញ​ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។​
 
៤. បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​
 
​ការស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញថា គម្លាត​ពេល​រាល់ ២០ នាទី នៃ​ការ​គេង និង​ការ​ទទួលទាន កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​ដល់​ទៅ ២០ ភាគរយ​។​នៅពេល​យើង​គេង​ភ្លាម ក្រោយពេល​អាហារ ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ត្រូវ​ទទួលបន្ទុក​ធ្វើការ​បន្ថែម​ដើម្បី​បំពេញ​ដំណើរការ​នៃ​ការរំលាយ​អាហារ​។ នេះ​អាច​ជះឥទ្ធិពល​ដល់​ការកើនឡើង​នៃ​ជាតិ​ស្ករ​នៅក្នុង​ឈាម និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែល​វា​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​សុខភាព និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​
 
៥. រំខាន​ដល់​ដំណេក​
 
​ការទទួល​ទាន​អាហារ​ច្រើន យ៉ាងហោចណាស់​ត្រូវការ​ពេល​ពី ២ ទៅ ៣ ម៉ោង ដើម្បី​រំលាយ ដូច្នេះ​វា​ត្រូវតែមាន​ចន្លោះ​ម៉ោង​រវាង​ការ​ទទួលទាន និង​ការ​គេង​។ បើ​មិន​ដូច្នោះ​ទេ វា​អាច​បណ្ដាល​ឲ្យ​ឈឺពោះ​ដោយសារតែ​ការរំលាយ​អាហារ ហើយ​នាំ​ឲ្យ​គេង​មិន​លក់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com