ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្ត្រី ជួប​ឧបសគ្គ​ច្រើន ក្នុងការ​ដើរតួនាទី​ជា​អ្នកសម្រេចចិត្ត​លើ​វិស័យ​នយោបាយ​
30, Nov 2018 , 10:25 am        
រូបភាព
អ្នកស្រី ធីតា ឃឹះ ប្រធានគណៈកម្មាធិការដើម្បីលើកស្ទួយស្រ្តីក្នុងវិស័យនយោបាយ(CPWP)
អ្នកស្រី ធីតា ឃឹះ ប្រធានគណៈកម្មាធិការដើម្បីលើកស្ទួយស្រ្តីក្នុងវិស័យនយោបាយ(CPWP)
​ភ្នំពេញ​៖ មិន​ថា ស្ត្រី​នៅក្នុង​វិស័យ​នយោបាយ  ឬ​ស្ត្រី​ជា​ប្រជាពលរដ្ឋ​ដែលមាន​ការយល់ដឹង និង​ទាមទារ ចូលខ្លួន​ក្នុង​នយោបាយ​ទេ គឺ​ជួប​ឧបសគ្គ​ច្រើន ក្នុងការ​ដើរតួនាទី​ជា​អ្នកសម្រេចចិត្ត​លើ​វិស័យ​នយោបាយ ទោះបីជា​មានចំណេះដឹង​ខ្ពស់​ក៏ដោយ​។ នោះ​ក៏​ព្រោះតែ​សង្គម​មិនសូវ​បាន​លើកកម្ពស់ និង​ជំរុញ​ឲ្យ​ស្រី្ត​ចូលរួម​ជា​អ្នកដឹកនាំ ។​

 
​លោកស្រី ធីតា ឃឹះ ប្រធាន​គណៈកម្មាធិការ​ដើម្បី​លើកស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​(CPWP) បាន ថា ដំណើរការ​ស្ត្រី​ក្នុងការ​សម្រេចចិត្ត​លើ​វិស័យ​នយោបាយ មិនមាន​លក្ខណៈ​ពេញលេញ​នោះទេ ដោយសារ​សង្គម​តែងតែ​ឲ្យ​ស្ត្រី​ចូលរួម​ធ្វើ​ការងារ​ជា​អ្នកគាំទ្រ​បុរស រីឯ​បុរស​ជា​អ្នកធ្វើការងារ​របស់​ស​ង្គ​ម និង​ជា​អ្នកធ្វើការ​សម្រេចចិត្តថា គួរ​អនុវត្ត ឬ​មិន​អនុវត្ត​។ 
 
​ថ្លែង​ក្នុង​ពិធី​បិទ​ការអនុវត្ត​គម្រោង​«​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​» នា​ថ្ងៃទី​២៩​វិច្ឆិកា នៅ​សណ្ឋាគារ​សាន់វេ លោកស្រី ធីតា ឃឹះ បានបញ្ជាក់​ដូច្នេះ​ថា ៖«​ឧបសគ្គ​ដែល​កើតឡើង​ចំពោះ​ស្ត្រី មាន​ទី​១ បរិបទ​សង្គម​របស់​យើង ដែល​ទាក់ទង​ទៅនឹង​វប្បធម៌ ការអនុវត្ត​។ ទី​២ ស្ត្រី​យើង​មាន​បន្ទុក​ធ្ងន់​ក្នុង​គ្រួសារ​ម្នាក់ៗ​។ ទី​៣  ឱកាស​សម្រាប់​ឲ្យ​ស្ត្រី​ចូលរួម​ក្នុង​នយោបាយ​មាន​ចំនួន​តិច ពិសេស​មាន​រើសអើង​ខ្លាំង​ទាំង​ក្នុង​គ្រួសារ សង្គម និង​ទាំង​គណៈបក្សនយោបាយ ដោយ​ពួកគេ​មិនសូវ​លើកកម្ពស់​ស្ត្រី​ឲ្យ​ចូលរួម​ជា​អ្នកដឹកនាំ​ឡើយ »​។​


 
​ចំពោះ អ្នកស្រី ឆាយ សាត ដែលជា​ជំទប់​ទី​៤ នៅក្នុង​ឃុំ​ដូន​កែវ ស្រុក​ពក ខេត្តសៀមរាប បាន​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​៤​អាណត្តិ​កន្លងមកនេះ បាន​ជួប​ការរើសអើង​ពី​បុរស​ច្រើន​ក្នុង​ជួរ​អ្នកដឹកនាំ​ដូចគ្នា​។  អ្នកស្រី​បន្តថា បុរស​ទាំងនោះ ភាគច្រើន​ពុំ​សូវ​មានការ​សហការគ្នា​បានល្អ​ទេ តាមរយៈ​ការចុះ​បំពេញការងារ​ផ្សេងៗ មិន​ថា​នៅក្នុង​ភូមិ​ក្តី ឬ​ទៅ​ប្រជុំ​ក្តី និង​កិច្ចការ​ផ្សេងៗ​។  
 
​ជំទប់​ទី​៤​រូបនេះ បាន​បញ្ចេញយោបល់​ដូច្នេះ​ថា ៖«​ប្រសិនបើ​មាន​ស្ត្រី​ច្រើន ដូច​បុរស​សព្វថ្ងៃ ខ្ញុំ​អាច​រីកចម្រើន​បាន​ច្រើន នៅក្នុង​ឃុំ​-​ស្រុក ក៏​ប្រទេសជាតិ​យើង ព្រោះ​ស្ត្រី អាចជួយ​បាន​ច្រើន ក្រៅពី​វិស័យ​នយោបាយ មិន​ថា​ជា​រឿង​ផ្ទាល់ខ្លួន​របស់​ស្រី្ត​គ្នាឯង រឿង​អំពើ​ហឹ​ង្សា ឬ​រឿង​អ្វីដែល​សម្ងាត់ គឺ​ស្ត្រី​យើង​អាចជួយ​បាន​ផ្ទាល់​។ បច្ចុប្បន្ន ការងារ​នៅក្នុង​ឃុំ​ដូន​កែវ​របស់ខ្ញុំ មាន​ស្រី្ត​២​នាក់ និង​បុរស​៧​នាក់​»​។​


 
​បច្ចុប្បន្ន​ភាពស្រី្ត​ជា​អ្នកដឹកនាំ ក្នុង​វិស័យ​នយោបាយ មាន​ប្រហែល​១២​ភាគរយ ក្នុង​ថ្នាក់ជាតិ  មាន​ថ្នាក់​ព្រឹទ្ធសភា រដ្ឋសភា និង​ទាំង​ថ្នាក់​គណបក្សនយោបាយ ។ ចំនួន​១២​ភាគរយ​នៃ​អ្នកនយោបាយ​ស្ត្រី​នេះ នៅមាន​ភាព​ទ្រឹង មិន​កើនឡើង​ឡើយ​។ ដើម្បី​ឲ្យ​ស្រី្ត​ទទួល​តួនាទី និង​មានឱកាស​ពេញលេញ​ដូច​បុរស​ក្នុង​វិស័យ​នយោបាយ លុះត្រាតែ​មានការ​ផ្តល់ឱកាស​ពី​សង្គម ។ បើតាម​ប្រធាន​គណៈកម្មាធិការ​ដើម្បី​លើកស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​(CPWP)៕ 
 

Tag:
 សង្គម​
  នយោបាយ​
  ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com