ជាតិ
ADB ផ្ដល់ជំនួយ៣០លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងទេសចរណ៍នៅខេត្តកែប និងព្រះសីហនុ រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
× ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដល់ថវិកា៣០លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់យកទៅអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ជំហានទី២ នៅខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ដែលផ្ដោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការការពារបរិស្ថាន ។
រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍លោក ទិត ចន្ថា បាននិយាយថា គម្រោងអភិវឌ្ឍន៍ទេសចរណ៍ជំហានទី២នេះ គឺផ្តោតលើការរៀបចំបង្កើតទីលានចាក់សំរាម និងសម្ភារសម្អាតទីក្រុងនៅខេត្តកែប រួមទាំងគម្រោងបីទៀតនៅខេត្តព្រះសីហនុ មានដូចជា គម្រោងធ្វើផ្លូវទេសចរណ៍តាមបណ្ដោយឆ្នេរសមុទ្រ ,គម្រោងបង្កើតរោងចក្រសម្អាតទឹកកខ្វក់ និងគម្រោងកសាងកំពង់ផែទេសចរណ៍នៅក្រុងព្រះសីហនុ និងនៅកោះរ៉ុង ខេត្តព្រះសីហនុ។
ថ្លែងក្រោយកិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ កាលពីថ្ងៃទី២៩ វិច្ឆិកា រដ្ឋលេខាធិការរូបនេះ បានបញ្ជាក់ដូច្នេះថា៖«នៅឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា បានទទួលហិរញ្ញប្បទានសប្បទានពីធនាគារ ADB សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នជំហានទី២ ក្នុងមហាអនុតំបន់ទន្លេគង្គ (GMS) គ្រោងចំណាយថវិកា ៣០លានដុល្លារអាមេរិក សម្រាប់អនុវត្តនៅខេត្តតំបន់ឆ្នេរ៖ ១. គម្រោងគ្រប់គ្រងកាកសំណល់រឹង នៅខេត្តកែប, ២. សាងសង់ផែទេសចរណ៍ចំនួន២ នៅខេត្តព្រះសីហនុ និងកោះរ៉ុង ផ្លូវតាមបណ្តោយឆ្នេរនៅខេត្តព្រះសីហនុ ផ្លូវដើរតាមមាត់សមុទ្រនៅកោះរ៉ុង, ៣. ការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន នៅខេត្តតំបន់ឆ្នេរទាំងបួន ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងមានប្រព័ន្ធស្ដង់ដាសុវត្ថិភាព មានការធានាបានល្អ»។
បច្ចុប្បន្ននេះក្រសួងទេសចរណ៍ និងធនាគារ ADB បានចាប់ផ្ដើមអនុវត្តជំហានទី១បណ្ដើរៗមកហើយ នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ប្រកបដោយបរិយាប័ន្ន នៅក្នុងមហាអនុតំបន់ទន្លេគង្គ (GMS) ។ក្នុងនោះមានគម្រោងកំពង់ផែទេសចរណ៍នៅខេត្តកំពត ,គម្រោងបង្កើតប្រព័ន្ធសម្អាតទឹកកខ្វក់នៅផ្សារក្ដាម ខេត្តកែប ,គម្រោងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍នៅខេត្តកំពត ខេត្តកែប និងខេត្តកោះកុង។នេះបើតាមហ្វេសប៊ុកក្រសួងទេសចរណ៍ ដែលស្រង់សម្ដីលោក ទិត ចន្ថា ៕
Tag:
ថោង ខុន
ADB
ទេសចរណ៍
ព្រះសីហនុ
កែប
© រក្សាសិទ្ធិដោយ thmeythmey.com