ជាតិ
នយោបាយជាតិ
កម្ពុជា-វៀតណាម ប្តេជ្ញារួមគ្នាមិនឲ្យបរទេស ប្រើប្រាស់ទឹកដីខ្លួន ដើម្បីជ្រៀតចូលផ្ទៃក្នុងឡើយ រដ្ឋមន្រ្តីការបរទេសកម្ពុជា (ឆ្វេងដៃ) ចាប់ដៃជាមួយរដ្ឋមន្រ្តីការបរទេសវៀតណាម។ រូបពីក្រសួងការបរទេសកម្ពុជា
× លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានទៅបំពេញទស្សនកិច្ចនៅវៀតណាម ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយបានពិភាក្សាជាមួយមេដឹកនាំវៀតណាមលើវិស័យជាច្រើន ហើយក្នុងនោះ ក៏មានវិស័យការពារជាតិនិងសន្តិសុខផងដែរ។
វិស័យសន្តិសុខ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោក ប្រាក់ សុខុន និង លោក ផាម ប៊ីញមីញ រដ្ឋមន្ត្រីការបរទេសវៀតណាម។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖«កម្ពុជា-វៀតណាម បានអះអាងពីឆន្ទៈនយោបាយ ដោយមិនអនុញ្ញាតឲ្យមានកម្លាំងអមិត្រណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងឬជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយទៀតឡើយ»។
សេចក្តីប្រកាសព័ត៌មាន បានសរសេរទៀតថា ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការបង្កើនការផ្លាស់ប្តូរព័ត៌មានឲ្យគ្នាទៅវិញទៅមក និង ឲ្យទាន់ពេលវេលា ដើម្បីសង្គ្រោះជនរងគ្រោះ ហើយបង្ការនិងទប់ស្កាត់រាល់បញ្ហានានាដូចជា គ្រោះធម្មជាតិ ការរត់ពន្ធ ការជួញដូរខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន និងការកាប់ឈើ។
ការប្តេជ្ញារបស់កម្ពុជា-វៀតណាម គឺធ្វើឡើយក្រោយពីមានការសែតបរទេស ចុះផ្សាយកាលពីពេលថ្មីៗនេះថា កងទ័ពជើងទឹករបស់ចិន បានមកតាំងមូលដ្ឋាននៅកម្ពុជា។ យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលកម្ពុជា បានបដិសេធរួចហើយថា វា ជាព័ត៌មានក្លែងក្លាយ។
ក្រៅពីរឿងដែនដីនិងអធិបតេយ្យ បញ្ហាព្រំដែន ក៏ត្រូវបានយកទៅជជែកក្នុងជំនួបរវាងលោក ប្រាក់ សុខុន និង លោក ផាម ប៊ិញមិញ ផងដែរ។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល រដ្ឋមន្ត្រីការបរទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការបោះបង្គោលព្រំដែន ដែលទទួលបានជោគជ័យប្រមាណ៨៤ភាគរយកន្លងមក។ ភាគីទាំងពីរ ប្តេជ្ញាថា នឹងខិតខំបោះបង្គោលព្រំដែនឲ្យបាន១០០ភាគរយ នាពេលខាងមុខ៕
Tag:
កម្ពុជា-វៀតណាម
អធិបតេយ្យ
សន្តិសុខ
ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com