ជាតិ
គ្រប់​ក្រសួង -​ស្ថាប័ន​ត្រូវ​វាយគង ទូងស្គ នៅ​ម៉ោង​១០​យប់​នេះ ដើម្បី​សាទរ​ដល់​ល្ខោនខោល ដែល​បាន​ចុះបញ្ជី​យូណេស្កូ
30, Nov 2018 , 7:19 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គ្រប់​ក្រសួង និង​ស្ថាប័ន​នានា ត្រូវ​វាយគង ទូងស្គ នៅ​ម៉ោង​១០​យប់ ថ្ងៃទី​៣០ វិច្ឆិកា​នេះ ដើម្បី​សាទរ​ដល់​ល្ខោនខោល ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ កាលពីពេល​ថ្មី​នេះ​។​

 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុក​ការដាក់បញ្ចូល «​ល្ខោនខោល​» ទៅក្នុង​បញ្ជី​អរូបី​យ​នៃ​មនុស្សជាតិ​នាពេលនេះ នឹងធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​កម្ពុជា កាន់តែ​ល្បី​សុះសាយ​ទូទាំង​ពិភពលោក ហើយក៏​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​តួអង្គ​កាន់តែ​លេចធ្លោរ​ថែមទៀត នៅលើ​វេទិកា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ផងដែរ​។ សម្រាប់​សម្ដេច ហ៊ុន សែន សមិទ្ធផល​នេះ គឺជា​មោទនភាព​ថ្មី​មួយទៀត សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា ដែល​ល្ខោនខោល​ត្រូវបាន​ទទួលស្គាល់​ជា​ស្នាដៃ​សិល្បៈ​បុរាណ​ដ៏​វិសេសវិសាល​អស្ចារ្យ និង​មានតម្លៃ​ជាស​កល​។​
 
​ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ សម្ដេច ហ៊ុន សែន អំពាវនាវ​ឲ្យ​ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ រួមទាំង​ប្រជាពលរដ្ឋ ចូលរួម​វាយគង ទូងស្គ ទះ​ប៉ោត គោះ​ត្រដោក និង​ប្រើ​មធ្យោបាយ​ផ្សេងៗ នៅតាម​សាធារណៈ និង​តាម​វត្ត​អារាម នៅ​ម៉ោង ១០​នាទី​យប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ។​
 
 
​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត (Lkhon Khol Wat Svay Andet) របស់​កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ផ្លូវការ នា​អំឡុង​នៃ​សម័យប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​មជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេស​ម៉ូ​រី​ស នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​នេះ​។​
 
​សូមបញ្ជាក់ថា ល្ខោនខោល គឺជា​បេតិកភណ្ឌ​ខ្មែរ​ទី​៥ ដែល​បានទទួល​ឋានៈ​ឧ​ត្តុ​ង​ឧ​ត្ត​ម ក្នុងការ​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​អរូបី​យ​នៃ​មនុស្សជាតិ បន្ទាប់ពី​ប្រាសាទសំបូរព្រៃគុក ដែល​បានដាក់​ប​ញ្ជូ​ល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧​។ ចំណែក​បេតិកភណ្ឌ​ផ្សេងៗ​ទៀត ដែល​ត្រូវ​បានដាក់​ប​ញ្ជូ​ល​ទៅក្នុង​បញ្ជី​សម្បត្តិ​វប្បធម៌​ពិភពលោក រួមមាន ប្រាសាទអង្គរវត្ត នៅ​ឆ្នាំ​១៩៩២ , របាំ​បុរាណ​ខ្មែរ (​របាំ​ព្រះរាជ​ទ្រព្យ​) នៅ​ឆ្នាំ​២០០៣ និង​ប្រាសាទព្រះវិហារ នៅ​ឆ្នាំ​២០០៨​។ នេះ​បើតាម​លិខិត​សម្ដេច ហ៊ុន សែន​៕

Tag:
 ហ៊ុន សែន​
  ល្ខោនខោល
© រក្សាសិទ្ធិដោយ thmeythmey.com