អន្តរជាតិ
មុន​កិច្ចប្រជុំ G20 មកដល់ លោក ស៊ី ប្រកាសថា ចិន​ប្តេជ្ញា​ការពារ​«​កម្មសិទ្ធិបញ្ញា​»​ឲ្យ​បាន​ម៉ត់ចត់
30, Nov 2018 , 7:39 pm        
រូបភាព
​នៅ​អេ​ស្ប៉ា​ញ​សប្តាហ៍​នេះ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បានប្រកាស​ជា​ឱឡារិក​ថា ប្រទេស​របស់លោក​ប្តេជ្ញា​ជំរុញ​ការការពារ​«​កម្មសិទ្ធិបញ្ញា​»​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ ការប្រកាស​ប្តេជ្ញាចិត្ត​របស់​ប្រមុខរដ្ឋ​ចិន​នេះ​កើតឡើង​មុនពេល​កិច្ចប្រជុំ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន ២០ (G20) និង​ស្រប​ពេលដែល​ចិន​បន្តធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ដែរ​។​


 
«​របស់​ចម្លង​»​និង​«​ពូកែ​លួច​ចម្លង​គំនិត​គេ​»​ជា​អ្វីដែល​គេ​តែង​និយាយ​ពី​ផលិតផល​ចិន និង ប្រទេស​ចិន​រាប់​ទសវត្សរ៍​មកហើយ​។ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ មន្ត្រី​ចិន និង​ក្រុមហ៊ុន​ចិន​តែងតែ​ព្យាយាម​បកស្រាយ​ថា វប្បធម៌​ចម្លង​លែងមានទៀតហើយ​នៅ​ចិន​។ ប៉ុន្តែ​ការធានា​ឲ្យ​មាន​ការគោរព​កម្មសិទ្ធិ​តឹងរ៉ឹង​នោះ​នៅតែ​ជា​បញ្ហា​នៅឡើយ​នៅ​ចិន​។ 
 
​មកដល់​ថ្ងៃ​ពុធ​ទី ២៨ ខែវិច្ឆិកា​សប្តាហ៍​នេះ ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង បានប្រកាស​ប្រាប់​សមាជិក​សភា​អេ​ស្ប៉ា​ញ​ពេញៗ​មាត់​ថា ប្រទេស​ចិន​នឹង​ជំរុញ​ការបើកចំហ​ទ្វារ​ទៅកាន់​ពិភពលោក​ឲ្យ​កាន់តែ​ទូលំទូលាយ និង​ប្តេជ្ញា​ធានា​ការការពារ​កម្មសិទ្ធិបញ្ញា​ក្នុងប្រទេស​ផង​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខរដ្ឋ​ចិន​រូបនេះ​បាន​ថ្លែង​ដូច្នេះ​៖«​ចិន​នឹង​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​បើកទ្វារ​ទៅកាន់​ពិភពលោក​។ យើង​នឹង​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត​ដើម្បី​ជំរុញ​ការតភ្ជាប់​ទៅកាន់​ទីផ្សារ​ពិភពលោក ធ្វើ​ឲ្យ​បរិយាកាស​នៃ​ការវិនិយោគ​កាន់តែ​ប្រសើរ និង​លើកស្ទួយ​ការការពារ​កម្មសិទ្ធិបញ្ញា​ផងដែរ​»​។  
 
​និយាយបានថា ការលួចចម្លង​គំនិត​ឬ​កម្មសិទ្ធិបញ្ញា​នៅតែ​ត្រូវគេ​បំពាន​ច្រើន​នៅ​ចិន​ក៏ដោយ ក្រុម​អ្នកបង្កើត​គោលនយោបាយ​ចិន​យល់ច្បាស់​ពី​សារសំខាន់​នៃ​ការការពារ​កម្មសិទ្ធិ​ប​ញ្ញ និង​ផ្តោត​ការយកចិត្តទុកដាក់​លើ​បញ្ហា​នេះដែរ​។ នេះ​ក៏ដោយ​សារ វា​ជា​គន្លឹះ​សំខាន់​មួយ​នៃ​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​យូរអង្វែង​របស់​ចិន​ដែលជា​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​ផងដែរ​។ 
 
​អ្នកជំនាញ​ផ្តល់យោបល់​ដែរ​កន្លងមកនេះ​ថា រដ្ឋាភិបាល​ចិន​ក្រោម​ការដឹកនាំ​របស់លោក ស៊ី យកចិត្ត​ពី​កម្មសិទ្ធិ​បញ្ហា​ដោយសារ​ហេតុផល​បីយ៉ាង​។ ទីមួយ ចិន​ចង់​ធានា​ឲ្យ​បាន​នូវ​ការទាក់ទាញ​ទុនវិនិយោគ​បរទេស​ដើម្បី​ធានា​កំណើនសេដ្ឋកិច្ច​។ ទី​ពីរ ដោយសារ​ខ្លួន​មិនមែនជា​ប្រទេស​ក្រីក្រ ចិន​ត្រូវ​ព្យាយាម​បង្កើន​ទំនុកចិត្ត​ពាណិជ្ជកម្ម​ជាមួយ​ដៃគូរ​រកស៊ី​បរទេស​។ បើ​គ្មាន​ការគោរព​កម្មសិទ្ធិ​បញ្ហា​ទេ វា​ប្រាកដ​ណាស់​ថា គ្មាន​អ្នកណា​ចង់​បន្ត​រកស៊ី​ជាមួយ​ចិន​ឡើយ​។ ទី​បី ចិន​ចង់​ធ្វើ​កែប្រែ​សង្គម​ចិន​ពី​រោងចក្រ​លួច​ចម្លង​ទៅជា​ប្រភព​នៃ​«​ចំណេះដឹង គំនិត និង​ការច្នៃប្រឌិត​ថ្មី​»​វិញ​។ 
 
​ដោយឡែក ការប្រកាស​ជា​ឱឡារិក​របស់​ប្រធានាធិបតី​ចិន​ពី​ការការពារ​កម្មសិទ្ធិបញ្ញា​នេះ ធ្វើឡើង​មុនពេល​កិច្ចប្រជុំ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន ២០ ចាប់ផ្តើម​ប្រជុំ​នៅ​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែរ ប្រទេស​អា​ហ្ស​ង់​ទីន​នៅ​ថ្ងៃ​សុក្រ​ទី ៣០​ខែវិច្ឆិកា​នេះ​។ គេ​រំពឹងថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ដែល​បន្ត​ឆាបឆេះ​, ចរន្ត​គាំពារ​និយម​ពាណិជ្ជកម្ម និង​បញ្ហា​សន្តិសុខ​តំបន់​ផ្សេងទៀត​នឹង​គ្របដណ្តប់​វេទិកា​នៃ​កិច្ចប្រជុំ​នេះ​ផង​។​
 
​តាមពិតទៅ ដើមហេតុ​នៃ​ការប្រឈមមុខគ្នា​រវាង​ចិន​និង​អាមេរិក វា​ផ្តើមចេញពី​បញ្ហា​ច្រើន​ក្នុងនោះ​មានកម្ម​សិទ្ធិ​បញ្ហា​នេះដែរ​។ ចាប់ពី​ពេល​លោក ដូ​ណា​ល់ ត្រាំ​ឡើងកាន់តំណែង អាមេរិក​ចាប់ផ្តើម​រករឿង​ចិន​ដែល​បន្ត​លួច​កម្មសិទ្ធិ​បញ្ហា​ក្រុមហ៊ុន​អាមេរិក និង​បង្ខំ​ឲ្យ​ក្រុមហ៊ុន​បរទេស​ផ្ទេរ​បច្ចេកវិទ្យា​របស់ខ្លួន​ជាដើម​។ អាមេរិក និង​អឺរ៉ុប​និយាយ​ស្រដៀង​គ្នា​ថា ក្រុមហ៊ុន​ខ្លួន​ពិបាកធ្វើ​ជំនួញ​នៅ​ប្រទេស​ចិន​ណាស់​ដោយសារ​បញ្ហា​កម្មសិទ្ធិបញ្ញា​ផង និង​ការអនុវត្ត​គោលនយោបាយ​ពាណិជ្ជកម្ម​មិន​ស្មោះត្រង់​ផង​។ 
 
​បច្ចុប្បន្ន រដ្ឋបាល​អាមេរិក​ក៏បាន​គំរាម​ចាក់​សាំង​បន្ថែម​លើ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុងមាន​ជាមួយ​ចិន​ដែរ បើសិនជា​ចិន​មិន​ព្រម​ប្តូរ​ឥរិយាបថ​របស់ខ្លួន​ក្នុង​ការការពារ​កម្មសិទ្ធិ​បញ្ញា និង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ទេនោះ​។
 
​យ៉ាងណាក៏ដោយ លោក ត្រាំ នឹង​ជួប​ជាមួយ​សម​ភាគី​ចិន ស៊ី ជិន​ភីង​នៅក្រៅ​កិច្ចប្រជុំ​ក្រុង​ប៊ុ​យ​ណូ​ស៊ែរ​នេះដែរ​ដើម្បី​ពិភាក្សាគ្នា​ពី​បញ្ហា​ប្រឈម​ផ្នែក​ពាណិជ្ជកម្ម​។ គេ​រំពឹងថា កិច្ចព្រមព្រៀង​មួយ​អាច​នឹងត្រូវ​បង្កើតឡើង​រួមគ្នា​តាមរយៈ​ការចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វល់​ភាគី និង​រំលត់ភ្លើង​សង្គ្រាម​ដែល​កំពុង​បន្ត​ឆាបឆេះ​នេះដែរ​។ 
 
​បច្ចុប្បន្ននេះ អាមេរិក​បានសម្រេច​ដាក់​ព័ន្ធ​លើ​ផលិតផល​ចិន​មានតម្លៃ​លើស ២៥០​ពាន់​លាន​ដុល្លារ​រួច​ទ​ភ​ហើយ​ដើម្បី​ដាក់​សម្ពាធ​លើ​ចិន​ឲ្យ​កែប្រែ​គោលនយោបាយ​ពាណិជ្ជកម្ម​ដែល​អាមេរិក​ជឿជាក់ថា មាន​ភាពមិនស្មោះត្រង់​។ សប្តាហ៍​នេះ​វ៉ាស៊ីនតោន​ក៏បាន​គំរាម​ជាថ្មី​ទៀតថា ខ្លួន​នឹងដាក់​ពន្ធ​លើ​ផលិតផល​នាំចូល​ពី​ចិន​ដែល​នៅសល់​មាន​ទំហំ ២៦៧​ពាន់​លាន​ដុល្លារ​បន្ថែមទៀត​រួមទាំង​ទូរ​សព្ទ iPhone ដែល​ផលិត​នៅ​ចិន​ផងដែរ​។​
 
​ខាង​ភាគី​ចិន​វិញ ហាក់​បង្ហាញ​ការបន្ទន់​ឥរិយាបថ​ប​ន្តិ​ច​ដែរ​។ ប៉ុន្តែ​ប្រមុខរដ្ឋ ស៊ី ជិន​ភីង នៅ​បន្ត​ហៅ​ខ្លួនឯង​ជា​អ្នកការពារ​សាកលភាវូបនីយកម្ម និង​សេរីភាព​វូប​នីយកម្ម​សេដ្ឋកិច្ច​។ លោក បន្ត​ព្រមាន​ពី​ភាពមិនច្បាស់លាស់​ជាពិសេស​អ​ស្ថិ​ភាព​សេដ្ឋកិច្ចពិភពលោក​ដែល​កើតឡើង​ដោយសារ​ការកើនឡើង​នៃ​ចរន្ត​គាំពារ​និយម និង​ឯកតោភាគី​និយម​តាម​ការបង្កើន​ពន្ធ​ប្រឆាំង​គ្នា​នេះ​៕
 

Tag:
 ស៊ី ជិន​ភីង​
  អេ​ស្ប៉ា​ញ​
  កម្មសិទ្ធិ​បញ្ហា​
  G20
© រក្សាសិទ្ធិដោយ thmeythmey.com