ជាតិ
ជប៉ុន​ផ្តល់​ថវិកា​ជាង​៣០​ម៉ឺន​ដុល្លារ សម្រាប់​អភិវឌ្ឍ​វិស័យ​សុខាភិបាល និង​អប់រំ នៅ​កម្ពុជា​
30, Nov 2018 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖  រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​សរុប ៣៥៣,២៧៦ ដុល្លារ​អាមេរិក ដល់​កម្ពុជា​។ ថវិកា​នេះ​ជា​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង «​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​» ក្នុង​ខេត្ត​ចំនួន​៤​។  នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ថ្ងៃទី​៣០​វិច្ឆិកា​។​

 
​ចំនួន​ថវិកា​ខាងលើនេះ ត្រូវបាន​ផ្តល់ និង​បែងចែក​យ៉ាងច្បាស់​លាស់ ទៅតាម​មន្ទីរ​ខេត្ត​នៃ​ក្រសួង​នីមួយៗ​។ ក្នុងនោះ​ជប៉ុន បានផ្តល់​ថវិកា ៨៨,៩៩៥ ដុល្លារ ដល់​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ខេត្តកំពង់ស្ពឺ​។ ថវិកា​៨៧,៣០៤ ដុល្លារ ផ្តល់​ដល់​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​។ 
 
​ចំណែក​ថវិកា ៨៩,១៦២ ដុល្លារ​ទៀត ជប៉ុន​ផ្តល់​ឲ្យ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តកណ្តាល ខណៈ​ថវិកា​៨៧,៨១០ ដុល្លារ ផ្តល់​ឲ្យ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រាប់​អភិវឌ្ឍ​វិស័យ​កសិកម្ម ។​
 
​យោងតាម​របាយការណ៍​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន បង្ហាញថា ចាប់ពី​ឆ្នាំ​២០១២ ដល់ ២០១៦ ប្រទេស​ជប៉ុន​បានផ្ដល់​ជំនួយឥតសំណង​ចំនួន ១,៩៧២​រយ​លាន​យ៉េន (​ប្រហែល​១,៧​ពាន់​លាន​ដុល្លារ​អាមេរិក​) ប្រាក់កម្ចី ១,១៦៨​រយ​លាន​យ៉េន (​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​) និង​ជំនួយ​បច្ចេកទេស​ចំនួន ៨៧០​រយ​លាន​យ៉េន (​ជាង​៧៦៤​លាន​ដុល្លារ​) ដល់​ប្រទេស​កម្ពុជា​៕

Tag:
 អប់រំ​
  សុខាភិបាល​
 ​ជំនួយ​
 ​តាកែវ​
 ​កំពង់ស្ពឺ​
  កណ្តាល​
 ​កំពង់ចាម​
© រក្សាសិទ្ធិដោយ thmeythmey.com