កីឡាអន្តរជាតិ
អន្តរជាតិ
Copa Libertadores វគ្គ​ផ្តាច់ព្រ័ត្រ​ដូរ​ទៅលេង​នៅ​កីឡដ្ឋាន Bernabeu របស់ Real Madrid
30, Nov 2018 , 9:19 pm        
រូបភាព
​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី ២ នៃ​ពានរង្វាន់ Copa Libertadores រវាង​គូប្រជែង​ស៊ីសាច់ហុតឈាម​ក្នុងស្រុក River Plate និង Boca Juniors ត្រូវ​ប្តូរ​ទៅលេង​នៅ​កីឡដ្ឋាន Santiago Bernabeu របស់​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Real Madrid នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៨ បន្ទាប់ពី​មិន​អនុ​ញ្ជា​តិ​ឲ្យ​មានការ​ប្រកួត​ក្នុងប្រទេស​អា​ហ្ស​ង់​ទីន​ព្រោះ​ខ្លាច​មាន​អំពើហិង្សា​។​


 
​ជំនួប​រវាង​ក្រុម​យក្ស​អា​ហ្ស​ង់​ទីន ឬ Buenos Aires derby ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អាមេរិក​ឡាទីន (Conmebol) លើក​ពេល​ប្រកួត​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​មាន​អំពើហិង្សា​ធ្ងន់ធ្ងរ​កើតឡើង​។ ក្រុម​កីឡាករ​របស់ Boca Juniors បាន​រងរបួស​យ៉ាងដំណំ​ក្នុងការ​វាយប្រហារ​ទៅលើ​ឡានក្រុង​របស់​ពួកគេ​ពី​សំណាក់​អ្នកគាំទ្រ​របស់ River Plate ដោយ​កប់​ដុំថ្ម និង​វាយ​នឹង​ដំបង​ជាដើម​។​


 
​ក្រោយ​ហេតុការណ៍​នេះ ប្រធាន Conmebol លោក Alejandro Dominguez បានប្រកាសថា ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី​២​មិនអាច​លេង​បាន​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​ទេ ព្រោះ​អ្នកគាំទ្រ River Plate នឹង​បង្កចលាចល​បន្តទៀត​នៅ​ទឹកដី​របស់​ពួកគេ​។​
 
​ពានរង្វាន់ Copa Libertadores គឺជា​ការប្រកួតប្រជែង​រវាង​ក្លិប​នៅ​ទ្វីបអាមេរិក​ខាងត្បូង​ដែល​ស្មើនឹង​ការប្រកួត​ក្នុង​ក្របខណ្ឌ UEFA Champions League នៅ​ទ្វីបអឺរ៉ុប​ដែរ​។​


 
​ក្រុម​អ្នកគាំទ្រ​ទាំងពីរ​នឹងត្រូវ​បានផ្តល់​ឲ្យ​ស្មើៗ​គ្នា​សម្រាប់​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅក្នុង​រដ្ឋធានី​ម៉ា​ដ្រី​ឌ​របស់​អេ​ស្ប៉ា​ញ​។ កីឡដ្ឋាន Bernabeu របស់​ក្លិប​យក្ស Real Madrid នេះ​អាច​ផ្ទុក​ទស្សនិកជន​បាន​រហូតដល់ ៨១០៤៤​នាក់​។​
 
​សូមបញ្ជាក់ថា ការប្រកួត​ជើង​ទី​១​រវាង​ក្រុម​ទាំងពីរ​បញ្ចប់​ទៅក្នុង​លទ្ធផល ២-២ ដែល​ធ្វើឡើង​ក្នុង​កីឡដ្ឋាន Bombonera របស់ Boca កាលពី​២​សប្តាហ៍​មុន​៕

Tag:
 បាល់ទាត់​
  Copa Libertadores
  River Plate
  Boca Juniors
© រក្សាសិទ្ធិដោយ thmeythmey.com