ONE Championship បានប្រកាសជាផ្លូវការថានឹងរៀបចំការប្រកួត ONE eSports សម្រាប់ឆ្នាំ២០១៩ ដែលធ្វើឲ្យប្រទេសនៅទូទាំងតំបន់អាស៊ីកាន់តែអស្ចារ្យខ្លាំងថែមទៀត។ ONE បានបោះទុនចំនួន ៥០លានដុល្លារ ដើម្បីដាក់បញ្ចូលកីឡាពីរគឺ កីឡាក្បាច់គុនប្រដាល់ និងកីឡា eSport ចូលក្នុងដំបូលរួមគ្នា ហើយស្ថាប័នក៏បានផ្សព្វផ្សាយរួចហើយពីគំរោងនេះទៅដល់ទូទាំងទ្វីបអាស៊ីឲ្យបានដឹងលឺផងដែរ។
លោក Chatri Sityodtong នាយកប្រតិបត្តិ និង CEO របស់ ONE Championship បានលើកឡើងថា៖ «យើងឃើញថាខាងក្បាច់គុន និងខាងហ្គេមនៅអាស៊ីគឺស៊ីគ្នា ហើយយើងយកឱកាសនេះច្របាច់កីឡារពីរនេះចូលគ្នាតែម្តងទៅ»។
សម្រាប់ឆ្នាំ ២០១៩ខាងមុខ អ្នកសេ្នហាវិស័យកីឡារទាំងអស់នឹងអាចទស្សនាទាំងប្រដាល់គុនខ្មែរ គុនចម្រុះ និង ការប្រកួត eSport ដ៏ល្បីល្បាយជាងគេនៅក្នុងសប្តាហ៍តែមួយតែម្តង។
កម្ពុជាបានចូលរួមបង្ហាញខ្លួន និងមានចំណងមិត្តភាពល្អជាមួយស្ថាប័នកីឡាដ៏ធំនៅអាស៊ី ហើយក៏មានកីឡាករឆ្នើមៗជាច្រើនរូបបានចុះកិច្ចសន្យាជាបន្តបន្ទាប់ជាមួយ ONE ហើយស្រាប់ នោះការដាក់បញ្ចូល eSport បន្ថែមរឹតតែឲ្យព្រះរាជាណាចក្រកម្ពុជានឹងមានមុខមាត់ល្បីល្បាញកាន់តែឆាប់។
លោកលន់ សាមឌី អគ្គលេខាធិកាសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (EFC) និយាយពេលបានលឺ ពីការបោះទុនរបស់ ONE៖ «បានលឺអ៊ីចឹង ខ្ញុំរីកថ្លើមស្លាប់ហើយ»។
លោកបន្ថែមថា៖ «ហេតុផលដែលមានក្រុមហ៊ុនធំៗមកដាក់ទុនវិស័យនេះច្រើន អាចនិយាយបានថាទីមួយមកពី GDP យើងឡើង ហើយទីពីរស្រុកទេសយើងមានសន្តិភាព អត់សង្គ្រាម កំពុងតែលូតលាស់»។
លោក សាមឌី សំឡឹងឃើញការដុះដាលខ្លាំងទៅលើផ្នែកកីឡាដែលគាត់តែងតែស្រលាញ់ ហើយគាត់បានដើរតួយ៉ាងសំខាន់ក្នុងការជួយជំរុញកីឡា eSport ឲ្យបានទូលំទូលាយនៅប្រទេសកម្ពុជាផងដែរ។ ដោយសារលោកនៅគណៈកម្មាធិការជាតិអូឡាំពិក មានបទពិសោធន៍ច្រើនស្រាប់ លោកក៏ឆ្លៀតឱកាសប្រើប្រាស់បទពិសោធន៍ផ្ទាល់ដើម្បីកសាងសហព័ន្ធកីឡានេះឡើង។
ចាប់តាំងពីសហព័ន្ធ eSport បានចាប់សម្ភោធជាផ្លូវការនាចុងឆ្នាំ ២០១៤ មក យើងខិតខំព្យាយាមខ្លាំងណាស់ដើម្បីផ្សព្វផ្សាយឲ្យគេស្គាល់អ្វីទៅដែលហៅថាកីឡាឲ្យបានច្បាស់»។
សព្វថ្ងៃ កម្ពុជាមានក្រុមកីឡាករលេង eSport ដែលនឹងត្រៀមខ្លួនតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រឹត្តិការណ៍ Southeast Asian Games ប្រព្រឹត្តិទៅនៅប្រទេសហ្វីលីពីន ឆ្នាំក្រោយ។ លោក សាមឌី ក៏មានជំនឿយ៉ាងមុតមាំថាចំនួនអ្នកលេង eSport នឹងកើនឡើងជាលំដាប់នាពេលអនាគត។
គាត់បន្ត៖ «eSport នៅស្រុកខ្មែរល្បីខ្លាំង។ ក្មេងៗជំនាន់នេះ មិនដូចក្មេងៗជំនាន់មុនទេ ក្មេងឥឡូវភ្ញាក់ឡើងមានទូរសព្ទ័ស្មាតហ្វូន ហើយក៏មានកុំព្យូទ័រប្រើដែរ បើគេទំនេរគេលេងបានគ្រប់ពេល អីចឹងវាស្រួលមែនទែស»។
លោក សាមឌី ទទួលស្គាល់ពីភាពប្រហាក់ប្រហែលរវាងកីឡាក្បាច់គុនទូទៅ និង eSport លោកមានទស្សនៈយល់ឃើញដូចគ្នាផងដែរជាមួយលោក Sityodtong ដែលពួកគាត់សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃក្រមសីលធម៌របស់កីឡា ការព្យាយាមនិងការតស៊ូហ្វឹកហាត់ឲ្យបានដល់កំរិតកំពូល។
លោក សាមឌី បញ្ជាក់៖ «សម្រាប់កីឡាករដែលយើងត្រៀមទៅប្រកួតនៅបរទេស យើងត្រូវឲ្យគាត់ហ្វឹកហាត់មានពេលវេលាច្បាស់លាស់ ហើយនឹងតាមដានគាត់ត្រឹមត្រូវ»។
«ឈ្នះចាញ់ជារឿងធម្មតាតាមសមត្ថភាព តែបន្ទាប់ពីលេងកីឡាចប់ទៅ គឺសាមគ្គីភាពមិត្តភាពមានដដែល រាប់អានគ្នាធម្មតា នោះហើយជាក្រមសីលធម៌កីឡា»។
លោកក៏មានប្រសាសន៍ថា EFC និង សហព័ន្ធយុទ្ធគុនចម្រុះ បានធ្វើការយ៉ាងជិតស្និតជាមួយគ្នាដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍វិស័យកីឡាទាំងនេះឲ្យបានទូលំទូលាយទូទាំងផ្ទៃប្រទេស និងអាចយកពានរង្វាន់ឲ្យប្រទេសវិញក្នុងការប្រកួត Southeast Asian Games ព្រមទាំង ONE eSports ផងដែរ៕
អត្ថបទ៖ Matias Andres