ONE Championship
កីឡាជាតិ
ជាតិ
កីឡាការិនី​ខ្មែរ​-​អាមេរិក សុ​វណ្ណា​រី ត្រៀម​ប៉ះ​អ៊ុយ​ក្រែ​ន​នៅ​សង្វៀន ONE Championship
01, Dec 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 កីឡាការិនី​វាយ​ក្នុង​ទ្រុង ឯម សុ​វណ្ណា​រី បាន​ទន្ទឹងរង់ចាំ​ពេលវេលា​ឡើង​សង្វៀន ONE Championship ដើម្បី​តំណាង​កម្ពុជា​ជា​យូរ​មកហើយ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សុក្រ ទី​៧ ខែធ្នូ ខាងមុខនេះ​។ នាង​ត្រូវបាន​ផ្គូផ្គង​ឲ្យ​ជួប​ជើង​ខ្លាំង​អ៊ុយ​ក្រែ​ន Iryna Kyselova ក្នុងការ​ប្រកួត​គុន​ចម្រុះ (MMA) ប្រភេទ flyweight នា​ព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។

 
​អ្នក​ប្រដាល់​ខ្មែរ​-​អាមេរិក វ័យ ២៦ ឆ្នាំ​ម្នាក់នេះ​បានបញ្ចប់​ការហ្វឹកហាត់​ត្រៀម​រួចរាល់ ហើយដោយ​មាន​ម​ហិ​ច្ច​តា​បង្ហាញ​ឲ្យ​ជនរួមជាតិ​បានឃើញ​ពី​សមត្ថភាព​របស់ខ្លួន​លើ​ឆាក ONE ឲ្យ​ភ្ញាក់​ផ្អែ​ល​តែម្តង​។ 
 
​នាង បង្ហើប​ថា​៖ «​ចិត្ត​និង​កាយ ខ្ញុំ​ត្រៀម​រួចរាល់​ហើយ ខ្ញុំ​ទន្ទឹង​ចាំតែ​ទៅដល់​នោះទេ​»​។ 
 
​សុ​វណ្ណា​រី បាន​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ផ្ទាល់ខ្លួន​យ៉ាងសកម្ម​ទាក់ទង​នឹង​ស្នៀត​យកឈ្នះ​គូរ​ប្រកួត​អ៊ុយ​ក្រែ​ន​របស់​នាង និង​មាន​គោលបំណង​រក្សា​កំណត់ត្រា​របស់ខ្លួន​ផងដែរ​។ នាង​មាន​កំណត់ត្រា​ឈ្នះ ២​ដង​រួចមកហើយ ក្នុង​នោះបាន​ផ្តួល​ដៃគូរ​ឲ្យ​សន្លប់​តែ​ក្នុង ១៨​វិនាទី  និង​ម្តងទៀត​គឺ​អាជ្ញាកណ្តាល​ឲ្យ​ឈ្នះ​ក្នុង​នាទី​ទី ៧៩ តែម្តង​។ 
 
 
​នាង​ជឿជាក់​លើ​ខ្លួនឯង​ខ្លាំង​ដោយ​សារបាន​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​លោក Justen Hamilton ដែលជា​គ្រូ​កីឡា​ជឺ​ជី​តស៊ូ ប្រេ​ស៊ី​ល ជើងឯក​ខ្សែក្រវាត់​ត្នោត ក្នុងការ​ប្រកួត Fight Science MMA នៅ​ក្រុង​ឡូ​ស​អេ​ន​ជ័រ​លេស សហរដ្ឋអាមេរិក​។ 
 
«​យើង​ហាត់​ជាមួយគ្នា​បានល្អ​ណាស់ ដោយសារ​គាត់​មិនត្រូវ​បង្ហាត់​កីឡាករ​ស្រី​ដ៏​ទៃ​ទេ អ៊ីចឹង​គាត់​អាច​យកចិត្តទុកដាក់​ច្រើន​លើ​ការហាត់​ក្បាច់គុន​របស់ខ្ញុំ​»​។ 
 
«​ក្នុងអំឡុងពេល​មួយខែ ទៅ​ពីរ​ខែ​នេះ ខ្ញុំ​រីកចម្រើន​បាន​ច្រើនណាស់​។ ការប្រកួត​មួយ​នេះ គឺជា​ឱកាស​ធំ​មែនទែន មិនមែន​តែ​សំរាប់​ខ្ញុំ​ម្នាក់​ទេ តែ​ក៏​សំរាប់​គាត់​ដែរ​។ ពីរ​នាក់​យើង​រំភើប​ខ្លាំងណាស់​»​។ 
 
​សុ​វណ្ណា​រី មានជំនឿថា​ចំនុចខ្លាំង​របស់ខ្លួន​គឺ​ខ្លួន​ពូកែ​ខាង​ដាល់​ចំៗ តែ​យ៉ាងណាមិញ​នាង​ព្យាយាម​ហ្វឹកហាត់​បន្ថែម​ឲ្យ​ស្ទាត់​ស្នៀត​ទាំងអស់​ទាំង​ការ​វៃ​ឈរ​និង​ខាង​ចំបាប់​ផងដែរ ដើម្បី​តស៊ូ​យកឈ្នះ​ជើង​ខ្លាំង​អ៊ុយ​ក្រែ​ន​។​
 
​ថ្វីបើ​កីឡាការិនី​ខ្មែរ​-​អាមេរិក ចង់​ផ្តួល​ដៃគូរ​ម្នាក់នេះ​ឲ្យ​ដួល​ឆាប់ៗ​ដូច​មុន ប៉ុន្តែ​នាង​ក៏បាន​ស្ទង់​ឃើញថា​កំពុង​ប្រឈមមុខ​ជាមួយ​កីឡាការិនី​អ៊ុយ​ក្រែ​ន​ដែលជា​ជើងឯក Europe West Fight Champion ផង និង​មិន​ងាយ​នឹង​ផ្តួល​ស្រួលៗ​នោះទេ ព្រោះ​គេ​សុទ្ធតែ​ធ្លាប់​ឈ្នះ​ដោយ​គោះ​សុំ​ចាញ់​ទេ ក៏​វាយ​គេ​ឲ្យ​សន្លប់​តែម្តង​។ 
 
​នាង​ថា​បើសិនជា​ចាំបាច់ នាង​និង​វាយ​ឲ្យ​ដល់​ទឹក​ទី​៣​តែម្តង​។ 
 
​សុ​វណ្ណា​រី និយាយថា​៖ «​គ្រូបង្វឹក​ខ្ញុំ​គាត់​ពូកែ​សិក្សា​វីដេអូ​របស់​គូ​ដែល​ខ្ញុំ​ត្រូវ​វាយ​ណាស់ គាត់​មើល​តាំងពី​ទំលាប់​វាយ និង​ស្នៀត​គេ​ចូលចិត្ត​ប្រើ​ជាងគេ​»​។​
 
«​ពេល​យើង​ជួបគ្នា​ចុង​សប្តាហ៍​ម្តងៗ គឺ​យើង​ផ្តោត​ផ្ចឹ​ត​ផ្ចង់​ទៅលើ​ស្នៀត​ត្រូវ​ប្រើ​ដើម្បី​តទល់​ជាមួយ Iryna»​។ 
 
​សុ​វណ្ណា​រី កំពុង​ឈាន​ជើង​ចូលក្នុង​វិថី​ក្បាច់គុន​ចម្រុះ​មួយ​នេះ ដែល​នឹងធ្វើ​ឲ្យ​អាជីព​ជា​អ្នក​ប្រដាល់​កាន់តែ​ខ្ពស់​ឡើង ហើយ​សប្តាហ៍​ក្រោយ នៅ​កូ​ឡា​ឡាំ​ពួរ ជាការ​ចាប់ផ្តើម​មួយ​។ 
 
​ថ្ងៃ​សៅរ៍ អាទិត្យ​នេះ នាង​នឹង​ឡើង​យន្តហោះ​ទៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ទុកពេល​ពីរ បី ថ្ងៃ​សំរាប់​ហាត់​បន្ថែម​នៅ​ទីនោះ ក៏ដូចជា​សំរាក​យក​កម្លាំង​មុន​ត្រូវ​បង្ហាញខ្លួន​ក្នុង​សង្វៀន​ដ៏​ធំ​នៅ​អាស៊ី ដែលមាន​ជើង​ខ្លាំង​ជាង ១៣​គូ​ចាំ​បង្ហាញ​រិ​ទ្ធ​រាងៗ​ខ្លួន​។ 
 
​រីឯ​ថ្ងៃទី ៧ ខែធ្នូ គាត់​នឹង​បំពេញ​កំណត់ត្រា​មួយ​ក្នុង​អាជីព​ប្រដាល់​របស់ខ្លួន ពេល​ឈាន​ជើង​ចូល​សង្វៀន​របស់ ONE​។ សំរាប់ សុ​វណ្ណា​រី ផ្ទាល់​នាង​យល់ឃើញថា​ក្បាច់គុន​មិនមែន​គិត​ត្រឹមតែ​ដើម្បី​ប្រកួត ឬ​នៅក្នុង​ទ្រុង​នោះទេ វា​ជា​របៀបរបប​រស់នៅ​តាម​ទស្សនៈ​ត្រឹមត្រូវ  និង​មាន​រឹសគល់​ជា​យូរ​មកហើយ​។ 
 
​គាត់ ប្រាប់​បន្ថែមទៀតថា​៖ «​នេះ​ជា​ចំនុច​ពិសេស​របស់ ONE ពួកគេ​ផ្តោតទៅលើ​កីឡាករ​កីឡាការិនី​រប​ស់​គេ​នីមួយៗ​ថា​ជាម​នុស្ស​ល្អ​ឬទេ តើ​ធ្វើ​ម៉េច​អាចជួយ​គ្នា​ទៅវិញទៅមក​បាន ហើយ​ធ្វើ​ម៉េច​ឲ្យ​ក្លាយជា​គំរូ​ល្អ​ខ្លាំង​មួយ​សំរាប់​ខ្លួនឯង​»​។ 
 
​នេះហើយ​ជា​អ្វីដែល​អ្នក​ប្រដាល់​ស្រី​ខ្មែរ​-​អាមេរិក​រូបនេះ គ្រោង​បង្ហាញ​ជនរួមជាតិ និង​ទស្សនិកជន​ទាំងអស់​ឲ្យ​បានឃើញ​ពីអ្វី​ដែល​ខ្លួន​ព្យាយាម​ដល់​កំរិត​កំពូល​កន្លងមក​នៅ​ព្រឹត្តិការណ៍ DESTINY OF CHAMPIONS នេះឯង​៕ 
 
​អត្ថបទ​៖ Matias Andres
 
 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com