អន្តរជាតិ
អតីតប្រធានាធិបតី ចច ប៊ុស ទទួលមរណភាពក្នុងវ័យ ៩៤ឆ្នាំ
× ប្រធានាធិបតីទី ៤១ របស់សហរដ្ឋអាមេរិកលោក ចច អេច ដាប៊ិលយូ ប៊ុស (George H.W Bush) ដែលជាឪពុករបស់ប្រធានាធិបតីទី ៤៣ លោក ចច ដាប៊ិលយូ ប៊ុស បានទទួលមរណភាពនៅថ្ងៃ ៣០ ខែវិច្ឆិកានៅក្នុងវ័យ ៩៤ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីកូនប្រុសរបស់លោក ចច ដាប៊ិលយូ ប៊ុស។
លោក ចច ដាប៊ិលយូ ប៊ុស បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដូច្នេះ៖ «ខ្ញុំនិងក្រុមគ្រួសារមានទុក្ខក្រៀមក្រំដោយត្រូវប្រកាសថា ឪពុកជាទីស្រឡាញ់របស់ខ្ញុំបានស្លាប់ក្នុងវ័យ ៩៤ឆ្នាំ។ ឪពុករបស់ខ្ញុំ ចច អេច ដាប៊ិលយូ ប៊ុស ជាបុរសម្នាក់ដែលមានអត្តចរិកខ្ពង់ខ្ពស់ និងជាឪពុកដ៏ល្អបំផុត។ ក្រុមគ្រួសារ ប៊ុស ទាំងមូលពិតជាដឹងគុណយ៉ាងជ្រាលជ្រៅសម្រាប់ក្តីស្រលាញ់ និងក្តីមេត្តានៃអ្នកដែលតែងតែបារម្ភ និងបួសសួងដល់ឱពុករបស់ខ្ញុំ និងសម្រាប់ការចូលរួមរម្លែកទុក្ខពីមិត្ត និងប្រជាជនទូទៅផង»។
មូលហេតុនៃការទទួលមរណភាពនេះគឺ បណ្តាលមកពីវ័យជរា ហើយម្យ៉ាងទៀតលោកក៏មានជំងឺប្រព័ន្ធខួរក្បាលដែលបណ្តាលឲ្យលោកដើរមិនរួចរាប់ឆ្នាំមកហើយ។ លោកប្រកាសពីជំងឺនេះលើកដំបូងកាលពីឆ្នាំ ២០១២។ ការទទួលមរណភាពរបស់់លោក ប៊ុស កើតឡើងប្រហែល ៨ខែក្រោយការទទួលមរណភាពរបស់ភរិយាលោក អតីតស្ត្រីទីមួយលោកស្រី បាបារ៉ា ប៊ុស។ លោកស្រីទទួលមរណភាពក្នុងវ័យ ៩២ឆ្នាំ។
តាមពិតទៅលោក ចច ប៊ុស បានកាន់តំណែងជាប្រធានាធិបតីអាមេរិកមកពីបក្សសាធារណរដ្ឋចាប់ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៣។ លោកធ្លាប់ដឹកនាំស្ថាប័នចារកម្មកណ្តាល ឬ CIA និងធ្វើជាអនុប្រធានាធិបតីក្រោមអាណត្តិលោក រ៉ូណាល់ រីហ្កែន ផងមុននឹងឈានទៅឈ្នះឆ្នោតជាប្រធានាធិបតីនេះ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ លោកជាអតីតយុទ្ធជនសម័យសង្គ្រាមលោកលើកទីពីរចុងក្រោយដែលកាន់តំណែងជាប្រមុខរដ្ឋអាមេរិក ហើយលោកត្រូវបានគេចាត់ទយកជារដ្ឋបុរសដែលរួមចំណែកដឹកនាំសហរដ្ឋអាមេរិក និងពិភពលោកឲ្យរួចផុតពីសង្គ្រាមត្រជាក់ផង។ ចំណែកសំខាន់របស់លោក ចច ប៊ុស ក្រោយសង្គ្រាមត្រជាក់ គឺប្រកាសសណ្តាប់ធ្នាប់ពិភពលោកថ្មីតាមរយៈការអន្តរាគមន៍បណ្តេញទ័ពអ៊ីរ៉ាក់ចេញពីកូវ៉ែតឆ្នាំ ១៩៩០ ផងដែរ៕ © រក្សាសិទ្ធិដោយ thmeythmey.com