រដ្ឋធានីបារីសបានប្រកាសថា ខ្លួននឹងសម្រេចដក «ពានរង្វាន់សេរីភាពប៉ារីស»ដែលបានប្រគល់ជូនទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី ដើម្បីឆ្លើយតបនឹងភាពស្ងៀមស្ងាត់ និងមិនឈឺឆ្អាលចំពោះការរំលោភបំពានសិទ្ធិមនុស្សនៅរដ្ឋរ៉ាក់ខានប្រឆាំងប្រជាជនឥស្លាមរ៉ូហ៊ីងយ៉ា។
ការិយាល័យអភិបាលក្រុងប៉ារីស បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រទី ៣០ ខែវិច្ឆិកាថា អភិបាលក្រុងប៉ារីសលោកស្រី Anne Hidalgo នឹងលុបចោលពានរង្វាន់កិត្តិយសដែលផ្តល់ជូនលោកស្រី អ៊ុងសាន ស៊ូជី។ ការសម្រេចចិត្តនេះផ្អែកលើហេតុផលរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅមីយ៉ាន់ម៉ា។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យអភិបាលក្រុងបាននិយាយដូច្នេះ៖ «ការលុបចោលពានរង្វាន់នេះគឺដោយសារការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរមួយចំនួននៅមីយ៉ាន់ម៉ា និងអំពើហិង្សា រួមទាំងការធ្វើទុក្ខបុកម្នេញដោយបណ្តាក្រុមកងសន្តិសុខមីយ៉ាន់ម៉ាប្រឆាំងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា»។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា លោកស្រី Hidalgo បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោកស្រី អ៊ុងសាន ស៊ូជី កាលពីចុងឆ្នាំមុនដែរដើម្បីបង្ហាញពីក្តីកង្វល់របស់ខ្លួន និងអំពាវនាវឲ្យមីយ៉ាន់ម៉ាគោរពសិទ្ធិជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ប៉ុន្តែគួរឲ្យសោកស្តាយលិខិតនោះមិនត្រូវបានឆ្លើយតបវិញឡើយ។
យ៉ាងណាក៏ដោយចុះ ការសម្រេចជាផ្លូវការជុំវិញពានរង្វាន់សេរីភាពរបស់លោកស្រី ស៊ូជី នឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាក្រុងប៉ារីសនៅពាក់កណ្តាលខែធ្នូឯណោះ។
ការប្រកាសពីការឈានទៅសម្រេចដកហូតពានរង្វាន់សេរីភាពនេះធ្វើឡើងបន្ទាប់ពីស្ថាប័នអន្តរជាតិបីដូចជា Glasgow, Edinburgh និង Oxford សម្រេចដកហូតពានរបស់ខ្លួនដែលបានផ្តល់ជូនលោកស្រី ស៊ូជីដែរ។ បើសិនជាក្រុប្រឹក្សាក្រុងប៉ារីសសម្រេចដកហូតពាននេះមែន លោកស្រី ស៊ូជី ក្លាយជាមេដឹកនាំដំបូងបំផុតដែលបាត់បង់ពានរង្វាន់ដែលផ្តល់ឲ្យរដ្ឋធានីបារាំងនេះដែរ។
តាមពិតទៅលោក ស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេចាត់ទុកជានិមិត្តរូបនៃប្រជាធិបតេយ្យដែលដឹកនាំបក្សប្រឆាំងសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់ខ្លួនក្នុងជំនាន់ឆ្នាំ ១៩៩០ ប្រឆាំងនឹងរបបដឹកនាំយោធា និងត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋជាផ្លូវការក្រោយបក្សលោកស្រីឈ្នះឆ្នោតភ្លូកទឹកភ្លូកដីក្នុងឆ្នាំ ២០១៥នោះ។ ប៉ុន្តែលោកស្រីរងការថ្កោលទោសពីសំណាក់លោកខាងលិចដោយសារភាពស្ងៀមស្ងាត់ និងគ្មានសកម្មភាពចំពោះការបំពារបំពានសិទ្ធិមនុស្សប្រឆាំងជនជាតិរ៉ូហ៊ីងយ៉ានៅរដ្ឋរ៉ាក់ខានកន្លងមកនេះ។
មកដល់បច្ចុប្បន្នប្រជាជនរ៉ូហ៊ីងយ៉ាច្រើនជាង ប្រាំពីរសែននាក់បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសដោយសារជម្លោះនិងការបង្ក្រាបក្រុមយោធាមីយ៉ាន់ម៉ានៅទីនោះ។
ចំណែកខាងក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានរកឃើញភស្តុតាងថា វាមានការសម្លាបរង្គាល រំលោភសេពសន្ថវៈ ធ្វើទារុណកម្ម និងដុតបំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋនៅរដ្ឋរ៉ាក់ខាន ដែលអាចចាត់ចូលជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិនិងប្រល័យពូជសាសន៍។ ស្ថាប័ននេះក៏បានទាមទារឲ្យមានការនាំក្រុមឧត្តមសេនីយ៍យោធាមីយ៉ាន់ម៉ាទៅកាត់ទោស ដើម្បីឆ្លើយតបនឹងការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនេះដែរ។ ប៉ុន្តែរដ្ឋាភិបាលមីយ៉ាន់ម៉ាបានទាត់ចោលរបាយការណ៍នោះដោយចាត់ទុកថា វាមានភាពលម្អៀងខ្លាំង៕