អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុងប៉ារីស​ត្រៀម​ដក​«​ពានរង្វាន់​សេរីភាព​»​លោកស្រី ស៊ូ​ជី ដែល​បន្ត​មិន​ឈឺឆ្អាល​រឿង​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​
01, Dec 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
 ​រដ្ឋធានី​បារី​ស​បានប្រកាសថា ខ្លួន​នឹង​សម្រេច​ដក «​ពានរង្វាន់​សេរីភាព​ប៉ារីស​»​ដែល​បាន​ប្រគល់ជូន​ទីប្រឹក្សារ​ដ្ឋ​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដើម្បី​ឆ្លើយតប​នឹង​ភាព​ស្ងៀមស្ងាត់ និង​មិន​ឈឺឆ្អាល​ចំពោះ​ការរំលោភបំពាន​សិទ្ធិមនុស្ស​នៅ​រដ្ឋ​រ៉ា​ក់​ខាន​ប្រឆាំង​ប្រជាជន​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​។​


​ការិយាល័យ​អភិបាលក្រុង​ប៉ារីស បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​ទី ៣០ ខែវិច្ឆិកា​ថា អភិបាលក្រុង​ប៉ារីស​លោ​ក​ស្រី Anne Hidalgo នឹង​លុបចោល​ពានរង្វាន់​កិត្តិយស​ដែល​ផ្តល់ជូន​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។ ការសម្រេចចិត្ត​នេះ​ផ្អែកលើ​ហេតុផល​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​មី​យ៉ាន់​ម៉ា​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​អភិបាលក្រុង​បាន​និយាយ​ដូច្នេះ​៖ «​ការលុបចោល​ពានរង្វាន់​នេះ​គឺ​ដោយសារ​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​មួយចំនួន​នៅ​មី​យ៉ាន់​ម៉ា និង​អំពើហិង្សា រួមទាំង​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​បណ្តា​ក្រុម​កងសន្តិសុខ​មី​យ៉ាន់​ម៉ា​ប្រឆាំង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​»​។​
 
​អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​បន្ថែមថា លោកស្រី Hidalgo បាន​ផ្ញើលិខិត​មួយច្បាប់​ទៅកាន់​លោកស្រី អ៊ុង​សាន ស៊ូ​ជី កាលពី​ចុង​ឆ្នាំមុន​ដែរ​ដើម្បី​បង្ហាញ​ពី​ក្តីកង្វល់​របស់ខ្លួន និង​អំពាវនាវ​ឲ្យ​មី​យ៉ាន់​ម៉ា​គោរព​សិទ្ធិ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​លិខិត​នោះ​មិន​ត្រូវបាន​ឆ្លើយតប​វិញ​ឡើយ​។​
 
​យ៉ាងណា​ក៏ដោយចុះ ការសម្រេច​ជា​ផ្លូវការ​ជុំវិញ​ពានរង្វាន់​សេរីភាព​របស់លោក​ស្រី ស៊ូ​ជី នឹងត្រូវ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ក្រុងប៉ារីស​នៅ​ពាក់កណ្តាល​ខែធ្នូ​ឯណោះ​។  
 
​ការប្រកាស​ពី​ការ​ឈានទៅ​សម្រេច​ដកហូត​ពានរង្វាន់​សេរីភាព​នេះ​ធ្វើឡើង​បន្ទាប់ពី​ស្ថាប័ន​អន្តរជាតិ​បីដូច​ជា Glasgow, Edinburgh និង Oxford សម្រេច​ដកហូត​ពានរ​បស់​ខ្លួន​ដែល​បាន​ផ្តល់ជូន​លោកស្រី ស៊ូ​ជី​ដែរ​។ បើសិនជា​ក្រុ​ប្រឹក្សា​ក្រុងប៉ារីស​សម្រេច​ដកហូត​ពាន​នេះ​មែន លោកស្រី ស៊ូ​ជី ក្លាយជា​មេដឹកនាំ​ដំបូង​បំផុត​ដែល​បាត់បង់​ពានរង្វាន់​ដែល​ផ្តល់​ឲ្យ​រដ្ឋធានី​បារាំង​នេះដែរ​។​
 
​តាមពិតទៅ​លោក ស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​គេ​ចាត់ទុកជា​និមិត្តរូប​នៃ​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​បក្សប្រឆាំង​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់ខ្លួន​ក្នុង​ជំនាន់​ឆ្នាំ ១៩៩០ ប្រឆាំងនឹង​របប​ដឹកនាំ​យោធា និង​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​រដ្ឋ​ជា​ផ្លូវការ​ក្រោយ​បក្ស​លោកស្រី​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​ក្នុង​ឆ្នាំ ២០១៥​នោះ​។ ប៉ុន្តែ​លោកស្រី​រង​ការ​ថ្កោលទោស​ពី​សំណាក់​លោកខាងលិច​ដោយ​សារភាព​ស្ងៀមស្ងាត់ និង​គ្មាន​សកម្មភាព​ចំពោះ​ការ​បំពារបំពាន​សិទ្ធិមនុស្ស​ប្រឆាំង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ​រ៉ា​ក់​ខាន​កន្លងមកនេះ​។ 
​មកដល់​បច្ចុប្បន្ន​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ច្រើនជាង  ប្រាំពីរ​សែន​នាក់​បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​ដោយសារ​ជម្លោះ​និង​ការបង្ក្រាប​ក្រុម​យោធា​មី​យ៉ាន់​ម៉ា​នៅ​ទីនោះ​។ 
 
​ចំណែក​ខាង​ក្រុម​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​រកឃើញ​ភស្តុតាង​ថា វា​មានការ​សម្លាប​រង្គាល រំលោភ​សេពសន្ថវៈ ធ្វើ​ទារុណកម្ម និង​ដុតបំផ្លាញ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នៅ​រដ្ឋ​រ៉ា​ក់​ខាន ដែល​អាច​ចាត់​ចូល​ជា​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​និង​ប្រល័យពូជសាសន៍​។ ស្ថាប័ន​នេះ​ក៏បាន​ទាមទារ​ឲ្យ​មាន​ការនាំ​ក្រុម​ឧ​ត្ត​ម​សេនីយ៍​យោធា​មី​យ៉ាន់​ម៉ា​ទៅ​កាត់ទោស ដើម្បី​ឆ្លើយតប​នឹង​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នេះដែរ​។ ប៉ុន្តែ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បាន​ទាត់ចោល​របាយការណ៍​នោះ​ដោយ​ចាត់ទុកថា វា​មាន​ភាពលម្អៀង​ខ្លាំង​៕ 

Tag:
 អ៊ុង​សាន ស៊ូ​ជី​
  ប៉ារីស​
  សិទ្ធិមនុស្ស​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com