បទយកការណ៍ / បទសម្ភាសន៍
ស្ដេច​ចាប៉ីដងវែង​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន ស្លាប់​កាយ​តែ​សំឡេង​រស់​
01, Dec 2018 , 3:42 pm        
រូបភាព
​ភ្នំពេញ​៖ លោក​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន បានទទួល​មរណភាព​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ព្រឹក ឈានចូល​ថ្ងៃទី​១៧​ខែវិច្ឆិកា​។ មរណៈភាព​របស់​ស្ដេច​ចាប៉ីដងវែង​រូបនេះ បានធ្វើឱ្យ​ប្រជាជន​កម្ពុជា​ស្ទើរ​ទូទាំងប្រទេស​មានកា​រ​សោកស្ដាយ​ជា​ពន់ពេក​។ មនុស្ស​មកពី​គ្រប់​មជ្ឈដ្ឋាន ទាំង​មន្ត្រីរាជការ អ្នកជំនួញ សិល្បៈករ តន្ត្រីករ និង​សាមញ្ញ​ជន បាន​ស្កាត់​មក​ចូលរួម​ពិធី​បុណ្យសព​របស់លោក​តា ប្រាជ្ញ ឈួន ដែល​ពូកគេ​ថា រូបលោក​បាត់​មែន តែ​សំឡេង​នៅតែ​ស្ថិតក្នុង​អារម្មណ៍​កូន​ខ្មែរ​ជានិច្ច​។​


​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖




​សព​របស់លោក​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន បាន​តម្កល់​ធ្វើបុណ្យ នៅក្នុង​វត្ត​បទុម​វ​ត្តី នា​កណ្ដាល​ក្រុងភ្នំពេញ ហើយក៏​ត្រូវ​រំលាយ​នៅ​ថ្ងៃ​ចន្ទ​ទី​១៩​ខែវិច្ឆិកា នៅវេលា​ម៉ោង​៥​ល្ងាច​នៅ​វត្ត​ដដែល​នេះដែរ​។​
 
​ថ្ងៃទី​២​នៃ​ការ​តម្កល់សព ម៉ោង​ប្រមាណ​៤​ល្ងាច​ជា​ពេលដែល​ព្រះសង្ឃ​សូត្រមន្ត បញ្ជូន​កុស​ល្យ​ដល់​លោកតា ប្រាជ្ញ ឈួន មុន​ការសម្ដែង​ព្រះធម៌​ទេសនា​។ ភ្ញៀវ​ដែល​មក​ចូលរួម​ពិធី​បុណ្យសព​នេះ​មកពី​គ្រប់​ក្រសួង​និង​ស្ថាន​ប័ន មាន​ទាំង​ព្រះសង្ឃ មន្ត្រីរាជការ សិល្បករ តន្ត្រីករ សិស្ស​និស្សិត និង​មនុស្ស​ទូទៅ​ធម្មតា​។​
 
​ភរិយា​ទី​ពីរ​របស់​លោកតា ប្រាជ្ញ ឈួន អ្នកស្រី អ៊ុក ព្រីង ដែលមាន​អាយុ​៧០​ឆ្នាំ​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អ្នកស្រី​ពិត​ជាមាន​ភាពកក់ក្ដៅ​ឥតឧបមា ព្រោះ​មាន​ការជួយជ្រោមជ្រែង​និង​ទំនុកបម្រុង​ពី​ក្រសួង​ពាក់ព័ន្ធ​នានា ជួយ​រៀបចំ​ពិធីបុណ្យ​របស់​លោកតា ប្រាជ្ញ ឈួន​។ អ្នកស្រី​ថា មូលហេតុ​ដែល​គ្រួសារ​ទាំងមូល មូលមតិ​គ្នា​រៀបចំ​ពិធី​បុណ្យសព​របស់លោក​តា ប្រាជ្ញ ឈួន នៅ​វ​ត្តិ​ប​ទុ​វ​ត្តី ក៏​ព្រោះតែ​ក្នុង​បំណង​ឱ្យ​អ្នក​ដែល​ស្រឡាញ់​រាប់អាន ស្ដេច​ចាប៉ីដងវែង​រូបនេះ បានមក​គោរព​វិញ្ញាណ​ខណ្ឌ​ជា​លើកចុងក្រោយ​។ «​កក់ក្ដៅ​រក​អ្វី​ប្រៀប​មិនបាន​ឡើយ​វា​អស្ចារ្យ​ណាស់​។ សម្រាប់​ខ្ញុំ​ជា​អ្នក​នៅ​ស្រែ ធ្វើ​មិនបាន​ដូចនេះ​ទេ​។ ព្រះសង្ឃ និង​គ្រប់​រដ្ឋមន្ត្រី​ទាំងអស់ ហើយ​អ្នក​ច្រើន​ទៀត បានមក​ចូលរួម គាត់​ឧដុង្គ​ឧត្ដម​ណាស់​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី អ៊ុក ព្រីង​។
​អ្នកស្រី​បាន​អរគុណ​ដល់​ក្រសួង​នានា ជាពិសេស​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ព្រមទាំង​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ភ្ញៀវ​ទាំងអស់​ដែល​បាន​ជួយ​ជ្រោមជ្រែង​ពិធីបុណ្យ​សព​នេះ យ៉ាង​យកចិត្តទុកដាក់​។ អ្នកស្រី ព្រីង បន្ថែម​៖«​ខ្ញុំ​សូម​អរគុណ​រដ្ឋាភិបាល​ទាំងអស់ ដែល​បាន​ជួយ​ឧ​ត្ថ​ម្ភ​ដល់​ខ្ញុំ​»​។ 
 
​ជា​អ្នក​ស្ដាប់​ចម្រៀង​ចាប៉ី​របស់​លោកតា ប្រាជ្ញ ឈួន តាំងពី​នៅ​ក្មេង និង​ជា​គ្រូបង្រៀន​ផង​នោះ លោក អេង សា​រ៉ោ មក​ចូលរួម​ពិធី​បុណ្យសព​នេះ បាន​សម្ដែង​នូវ​ការសោកស្ដាយ​ថា មរណៈភាព​របស់​ស្ដេច​ចាប៉ី​រូបនេះ ជាការ​បាត់បង់​កវី​ផ្នែក​សិល្បៈ​បុរាណ និង​ធនធានមនុស្ស​ដែលមាន​ទេ​ព្យ​កោសល្យ​ដ៏​កម្រ​។ ឆ្លៀតពេល​ក្រោយពី​ចូលរួម​ពិធី​បុណ្យកឋិន​នៅ​បែក​ចាន ជាមួយ​អ្នកភូមិ​ប្រមាណ​ជាង​១០​នាក់​ទៀត ឈៀង​មក​គោរព​វិ​ញ្ញាខ​ណ្ឌ របស់​លោកតា ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន លោក សា​រ៉ោ ថា​ខ្លួន​ធ្លាប់​ស្ដាប់​ចាប៉ី​របស់​លោកតា ប្រាជ្ញ ឈួន​តាំងពីក្មេង​។ 
 
​ដោយសារតែ​ម្ដាយ​តែងតែ​បើក​វិទ្យុ​ឱ្យស្ដាប់​ជា​រៀងរាល់ថ្ងៃ គ្រូបង្រៀន​រូបនេះ​ទទួលបាន​ចំណេះដឹង និង​ចេះ​ពិចារណា ពី​សិល្បៈ​ចាប៉ីដងវែង​តាំងពី​ខ្លួន​នៅ​ក្មេង​ម្ល៉េះ​។ លោ​កថា​ការអប់រំ​ដែលមាន​ក្នុង​ចាប៉ី របស់​ស្ដេច​ចាប៉ី​រូបនេះ បាន​ទូន្មាន​ពី​ការ​សេពគប់​មិត្ត ពី​ជីវិត​ក្នុង​គ្រួសារ  និង​ក្នុងសង្គម​ទាំងមូល​ផង​។  ក្នុងនាម​ជា​ខ្មែរ​មួយរូប​លោក សា​រ៉ោ យល់ឃើញថា​ទម្រង់​សិល្បៈ​ចម្រៀង​ចាប៉ី នៅតែ​បម្រើ​ក្នុងសង្គម​ខ្មែរ​ផ្នែក​បញ្ញា​ស្មារតី​គ្រប់​សម័យកាល​។ «​ថ្មី​ដ្បិត​សម័យ​ឥឡូវ​ជឿនលឿន តែ​ក៏​មិនគួរ​ចោល​ចាប៉ី​ដែរ​។ «​ទោះ​សម័យ​ណាក៏ដោយ យើង​គួរតែ​ស្ដាប់​ពាក្យពេចន៍ អប់រំ​ដែលមាន​នៅក្នុង​ចាប៉ី​។ មកដល់​សម័យនេះ​មាន​ក្មេងជំនាន់ក្រោយ​ច្រើន​ហើយ ដែល​បាន​ព្យាយាម​រៀន​ចាប៉ី​។ ខ្ញុំ​មកនេះ​មក​ជូន​ដំណើរ​គាត់​ជា​លើកចុងក្រោយ​ហើយ​»​។ នេះ​ជាការ​បន្ថែម​របស់លោក សា​រ៉ោ​។

 
​ជា​សិល្បករ​ចាប៉ីដងវែង​វ័យក្មេង​មួយរូប​លោក នូ សំណាង បាន​សម្ដែង​នូវ​ការសោកស្ដាយ​ចំពោះ​ការបាត់បង់​នេះ​។ រំលឹក​អនុស្សាវរីយ៍​ដែល​ធ្លាប់​ទៅ​ច្រៀង​ចាប៉ី​នៅផ្ទះ​ស្ដេច​ចាប៉ី កាលពី​ឆ្នាំ​២០១៤ លោក សំណាង បាន​រៀបរាប់ថា លោកតា ប្រាជ្ញ ឈួន ពិតជា​សប្បាយ​ចិត្តខ្លាំង​ពេលដែល​ឃើញ​ក្មេងជំនាន់ក្រោយ​ព្យាយាម​រៀន​ចាប៉ី​បន្ត​។​
 
​អ្នក​ចាប៉ី​រូបនេះ​បាន​រៀនសូត្រ​ច្រើន​ពី​ការ​ច្រៀង ការ​កេះ​ចាប៉ី និង​ការរៀប​ឃ្លាឃ្លោង​កំណាព្យ ពី​លោកតា ប្រាជ្ញ ឈួន តាមរយៈ​ការជួប​ផ្ទាល់​ផង និង​តាម​ការផ្សព្វផ្សាយ​ផ្សេងៗ​ផងដែរ​។ ក្នុងនាម​ជា​សិល្បករ​ចាប៉ីដងវែង​មួយ​រួប លោក​សំណាង​បានស្នើ​ដល់​កូន​ខ្មែរ​គ្រប់រូប សូម​លើកទឹកចិត្ត​ដល់​សិល្បករ​ចាប៉ី ទោះ​មិនបាន​រៀន​ក្ដី​។ លោក នូ សំណាង បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​គ្មានអ្វី​ក្រៅពី​ការសោកស្ដាយ នូវ​ការបាត់បង់​វីរ​សិល្បករ​ចាប៉ីដងវែង​លោកតា ប្រាជ្ញ ឈួន ទេ​។ ក្មេងជំនាន់ក្រោយ ទោះ​មិនបាន​រៀន​ក៏​សុំ​ឱ្យជួយ​គាំទ្រ​»​។

 
​មនុស្ស​ស្ទើរ​ពេញ​នគរ​បាន​កោដសរសើ​រ​ទេពកោសល្យ លោកតា​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន ដែល​ពួកគេ​ជឿថា​មាន​ទឹកដៃ​និង​ទឹកដម​សំ​នឿ​ង​គ្មាន​ពីរ ផ្នែក​ចាប៉ី​។ តែ​កូន​ទាំង​ប្រាំ​នាក់​របស់​លោកតា បែរជា​មិនចេះ​ចាប៉ីដងវែង​សូម្បីតែ​ម្នាក់​។ ជា​កូនច្បង​ក្នុង​គ្រួសារ​លោក ប្រាជ្ញ ឆាត តែងតែមាន​អារម្មណ៍​ស្ដាយក្រោយ​ផង ខ្មាស​គេ​ផង និង​មាន​មោទកភាព​នឹង​ខ្លួនឯង​ផង ព្រោះតែ​មិនអាច​ស្នង​មរតក​ដ៏​អស្ចារ្យ​របស់​ឪពុក​។​
 
​មាន​អារម្មណ៍​ស្ដាយក្រោយ ព្រោះ​មិនបាន​ចេះ​ចាប៉ី​ត​ពី​ឪពុក ដែលជា​មនុស្ស​គេ​ទទួលស្គាល់​ស្នាដៃ​ស្ទើរ​ទូទាំងប្រទេស​។ ដោយ​សេចក្ដី​អៀនខ្មាស ពេលខ្លះ​លោក​បាន​ព្យាយាម​ប្រាប់​មនុស្ស​ដែល​មិន​ស្គាល់​លោក ថា​ខ្លួន​មិនមែនជា​កូន​របស់​លោកតា ប្រាជ្ញ ឈួន ឡើយ​។ លោក ប្រាជ្ញ ឆាត បញ្ជាក់​៖«​ទៅ​កន្លែង​ខ្លះ​មាន​គេ​ថា​ខ្ញុំ​កូន ប្រាជ្ញ ឈួន ខ្ញុំ​ថា​មិនមែន​ទេ​។ ខ្ញុំ​មិន​ប្រាប់​គេ​ព្រោះ​ខ្ញុំ​ខ្មាស​ដែល​មិនបាន​ចេះ​ដូច​គាត់​។ បងប្អូន​ខ្ញុំ​ទាំងអស់​ខ្មាស​គេ​ទាំងអស់​»​។ 
 
​ទោះបីជា​មានការ​ស្ដាយក្រោយ​និង​ខ្មាស​គេ​ក៏ដោយចុះ តែ​កូនប្រុស​ដែល​តែងតែ​ជូន​ឪពុក​ទៅ​ច្រៀង​ចាប៉ី​គ្រប់ទិសទី ស្ទើរ​ទូទាំងប្រទេស​ដឹក​ដោយ​កង់​ផង ម៉ូតូ​កង់​បី​ផង និង​មធ្យោបាយ​ផ្សេងៗ​ទៀតផង​នោះ លោក ប្រាជ្ញ ឆាត ក៏មាន​មោទកភាព​ចំពោះ​ខ្លួនឯង​ខ្លះ​ដែរ ដោយសារ​ការមិន​ចេះ​លេង​ចាប៉ី​នេះ​។ ដឹង​ខ្លួនឯង​ច្បាស់​ថា មិនអាច​ឆក់​ចិត្ត​អ្នក​ស្ដាប់​បាន​ដូច​ឪពុក​របស់ខ្លួន ដែល​អាច​នាំឱ្យ​ទម្រង់​សិល្បៈ​មួយ​នេះ កាន់តែ​ខ្យោ​យ​អ្នកគាំទ្រ លោក​ចាប់ផ្ដើម​គិតថា​មិនចេះ​ក៏​ល្អ​។ «​មោទកភាព​ត្រង់​ឪពុក​ខ្លួនឯង​ចេះ ហើយ​កូនប្រុស​៥​នាក់​មិនចេះ​ទាំងអស់​។ ឪពុក​ខ្ញុំ​បាន​ប្រដៅ​តាំងពីក្មេង​មក ថា​គាត់​មិន​បង្រៀន​ទេ ព្រោះ​គាត់​ដឹងថា​មិនអាច​ចេះ​ដូច​គាត់​»​។ នេះ​ជាការ​បន្ថែម​របស់​កូនប្រុស​ច្បង របស់​លោកតា ប្រាជ្ញ ឈួន​។​

 
​ពេលដែល​រម្លឹក​ដល់​ការជូន​ឪពុក​ទៅ​សម្ដែង​នៅតាម​ខេត្ត​លោក ប្រាជ្ញ ឆាត ចាប់ផ្ដើម​រលីងរលោង​ទឹកភ្នែក ដោយ​ឈប់​មិន​បន្លឺសំឡេង ខំ​សម្រួល​អារម្មណ៍​ទប់ទឹក​ភ្នែក​មិនឱ្យ​ស្រក់​ចុះ​ទាន់​។ លោ​កថា​រឿង​កម្សត់កម្រ​ច្រើនណាស់ ដែល​លោក​ធ្លាប់មាន​ជាមួយ​ឪពុក​ពេលដែល​ធ្វើដំណើរ​ទៅលេង​ចាប៉ីដងវែង​នៅតាម​ខេត្ត​ឆ្ងាយៗ​។​
 
​លោក ឆាត បាន​រម្លឹកថា ក្នុង​គ្រាមួយ​នោះ លោក​បាន​ឌុប​ឪពុក​តាម​កង់​ទៅលេង​ចាប៉ី​នៅ​ខេត្តព្រៃវែង ផ្លូវ​ក៏​ពិបាក កង់​ក៏​បែក ជាង​ក៏​គ្មាន លោកតា ប្រាជ្ញ ឈួន ត្រូវ​ដើរ​តាម​ពីក្រោយ​កូន​ទាំង​ភ្នែក​មើលមិនឃើញ ដោយ​ដៃ​កាន់​កង់​ធ្វើដំណើរ​ថ្មើរជើង​រហូតដល់​ផ្ទះ​ជាង ឬ​ផ្ទះ​បុណ្យ ដែល​នៅមាន​ចម្ងាយ​ឆ្ងាយ​។ លោក ឆាត បន្ថែម​៖«​ខ្ញុំ​មាន​ពេល​កម្សត់​ច្រើនណាស់​ជាមួយ​ឪពុក ពេលដែល​កង់​ឬ​ម៉ូតូ​បែក​កង់ គាត់​ត្រូវ​ដើរ​តាម​ពីក្រោយ​យើង រហូតដល់​ផ្ទះ​ជាង ចឹ​ង​ហើយ​អាណិត​។ តែ​ឪពុក​ខ្ញុំ​ដាច់ចិត្ត​ច្រើនណាស់ បើ​គាត់​ចង់​ធ្វើ​អ្វី​ហើយ គាត់​ធ្វើ​ដល់​កើត​»​។​
 
​មកដល់​បច្ចុប្បន្ននេះ លោក ប្រាជ្ញ ឆាត ដែល​មិនចេះ​លេង​ចាប៉ី​សោះ​នោះ បាន​មើលឃើញ​ពី​ហានិភ័យ​ដែល​អាច​ធ្លាក់ចុះ​អ្នកថែរក្សា លោក​បានស្នើ​ដល់​កូន​ខ្មែរ​គ្រប់រូប ទោះបី​មិនអាច​ចេះ​ដូច​ឪពុក​របស់ខ្លួន​ក្ដី តែ​សូម​ព្យាយាម​រៀន ដើម្បី​ជាការ​ថែរក្សា​ទម្រង់​សិល្បៈ​មួយ​នេះ​ឱ្យបាន​យូរអង្វែង​ទៅ​។  លោក ឆាប បញ្ជាក់បន្ថែម​៖«​បើតាម​ការ​ខ្ញុំ​ដឹង ពេល​បងប្អូន​ខ្ញុំ​មិនចេះហើយ​មាន​គេ​ចេះ​ហើយ ទោះ​មិនបាន​ចេះ​ដូច​ក៏ដោយ កុំ​ចោល​ឱ្យសោះ​ព្យាយាម នេះ​ជា​បិ​តិក​ភ័​ណ្ឌ​មួយ​»៕ 

  

Tag:
 ប្រាជ្ញ ឈួន​
  ចាប៉ីដងវែង​
  សិល្បៈ​
  តន្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com