សង្គមអន្តរជាតិ​
អន្តរជាតិ
ព្រៃ​អា​ម៉ា​ហ្សូ​ន​រង​ការកាប់បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​
01, Dec 2018 , 4:30 pm        
រូបភាព
​ព្រៃ​នៅ​តំបន់​អា​ម៉ា​ហ្សូ​ន​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ដែលជា​ព្រៃ​ត្រូពិច​មាន​ទំហំ​ធំជាងគេ​នៅក្នុង​ពិភពលោក​បាន​ជួបប្រទះ​ការកាប់បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ​។

 
​ព្រៃ​ស្ថិតនៅលើ​ផ្ទៃដី​ប្រមាណ ៧៩០០​គីឡូម៉ែត្រ​ការ៉េ​ត្រូវបាន​ឈ្មួញ​ខុសច្បាប់​លួច​កាប់បំផ្លាញ​ក្នុង​រយៈពេល​ចន្លោះ​ពី​ខែសីហា​ឆ្នាំ​២០១៧​ដល់​ខែមិថុនា​២០១៨​។ នេះ​បើតាម​របាយការណ៍​ផ្លូវការ​របស់​ប្រទេស​ប្រេ​ស៊ី​ល ចុះផ្សាយ​ដោយសារ​ព័ត៌មាន​អង់គ្លេស BBC ចុងខែ​វិច្ឆិកា​កន្លងទៅ​។​
 
​ទិន្នន័យ​ចុងក្រោយ​របស់​រដ្ឋាភិបាល​ប្រេ​ស៊ី​ល​ដែលមាន​ក្នុង​របាយការណ៍​ខាងលើ​នោះបាន​ឲ្យ​ដឹងថា ការកាប់​ទន្ទ្រាន​ព្រៃឈើ​ខុសច្បាប់​ទាំងអស់នេះ​ភាគច្រើន​កើតឡើង​នៅតាម​តំបន់​នានា​ដូចជា​តំបន់ Mato Grosso និង Para ដែល​សុទ្ធ​តែមាន​ភាពល្បីល្បាញ​ទាក់ទិន​នឹង​ការដាំ​ដំណាំ​ធញ្ញជាតិ​ផង​។ ការទន្ទ្រាន​ដីព្រៃ​អា​ម៉ា​ហ្សូ​ន​នេះ​ក៏​ធ្វើឡើង​ក្នុង​គោលដៅ​បង្កើន​ដី​កសិកម្ម​ដែរ​។ 
 
​លោក Edson Duarte រដ្ឋមន្ត្រី​បរិ​ស្ថា​ប្រេ​ស៊ី​ល​មាន​ប្រសា​ស៍​ថា​៖ «​ឧក្រិដ្ឋកម្ម​កាប់បំផ្លាញ​ព្រៃឈើ​ដែល​ត្រូវបានធ្វើ​ឡើងជា​ប្រព័ន្ធ​នេះ ត្រូវតែមាន​ការទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​ការពារ​សម្បត្តិ​ធម្មជាតិ​ដ៏​ធំធេង​មួយ​នេះ​ផង​»​។​
 
​ព្រៃ​អា​ម៉ា​ហ្សូ​ន​គឺជា​តំបន់​មួយ​ដែលមាន​ភាពចម្រូងចម្រាស​ខ្លាំង​ទាក់ទិន​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ​អស់​រយៈ​ជាច្រើន​ឆ្នាំ​មកហើយ​។ គេ​ឃើញ​មានការ​អន្តរាគមន៍ និង​ជួយ​ជ្រោមជ្រែង​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ពី​ទីភ្នាក់ងារ​ពាក់ព័ន្ធ​នានា​នៅ​ទូ​ទាំ​ពិភពលោក​ដែរ​។ 
 
​តំបន់​អា​ម៉ា​ហ្សូ​ន​ដ៏​ធំធេង​ដែលមាន​ទីតាំង​គ្របដណ្តប់​លើ​ប្រទេស​មួយចំនួន នៅ​ទ្វីបអាមេរិក​ខាងត្បូង​នេះ គឺជា​ជម្រក​សត្វព្រៃ​រាប់លាន​ក្បាល​និង​រុក្ខជាតិ​ប្លែកៗ​ជាច្រើន​សរុប​រាប់ម៉ឺន​ប្រភេទ​ដែល​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​អ្នក​កំពុង​សិក្សា​ជាប្រចាំ​ដែរ​។ 

Tag:
 អា​ម៉ា​ហ្សូ​ន​
  បរិស្ថាន​)
© រក្សាសិទ្ធិដោយ thmeythmey.com