សង្គមអន្តរជាតិ​
អន្តរជាតិ
វិទ្យុ VOA បណ្តេញ​អ្នកគ្រប់គ្រង​ផ្នែក​សេវា​ភាសា​ចិន​កុក​ងឺ​ចេញពី​ការងារ​ជុំវិញ​ការធ្វើ​សម្ភាសន៍​ជាមួយ​ជនជាតិ​ចិន​ដែល​និរទេស​ខ្លួន​
01, Dec 2018 , 4:59 pm        
រូបភាព
រូបឯកសារ៖ លោក Guo Wengui អ្នក​រិះ​គន់​រដ្ឋាភិបាល​ចិន ថ្លែង​នៅ​បន្ទប់​ផ្សាយ​របស់​វិទ្យុ VOA ភាសា​ចិន។
រូបឯកសារ៖ លោក Guo Wengui អ្នក​រិះ​គន់​រដ្ឋាភិបាល​ចិន ថ្លែង​នៅ​បន្ទប់​ផ្សាយ​របស់​វិទ្យុ VOA ភាសា​ចិន។
ដោយ: VOA
 
​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក VOA បាន​បណ្តេញ​អតីត​អ្នកគ្រប់គ្រង​សេវា​ភាសា​ចិន​កុក​ងឺ​ពី​ការងារ និង​បាន​ព្យួរការងារ​អ្នកគ្រប់គ្រង​ម្នាក់ទៀត​នៅ​សេវា​ចិន​កុក​ងឺ បន្ទាប់ពី​ការស៊ើបអង្កេត​រយៈពេល​ជាង​មួយឆ្នាំ​អំពី​ការបញ្ឈប់​ការផ្សាយ​ផ្ទាល់​នៃ​បទសម្ភាសន៍​ជាមួយ​អ្នក​រិះគន់​រដ្ឋាភិបាល​ចិន​ដ៏​លេចធ្លោ​ម្នាក់​។​

 
​ទីភ្នាក់ងារ​នេះ​ក៏បាន​ប្រកាសថា ក្រុម​អ្នកស៊ើប​អង្កេត​ឯករាជ្យ​មិនបាន​រកឃើញ​ភ័ស្តុតាង​ណា​ដែល​បញ្ជាក់ថា ទីភ្នាក់ងារ​របស់​រដ្ឋា​ភិ​បាល​អាមេរិក​មួយ​នេះ​ទទួលរង​សម្ពាធ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ការ​ជ្រៀតចូល​របស់​ចារកម្ម​ចិន​នោះទេ​។​
 
​នាយិការ​របស់ VOA លោកស្រី Amanda Bennett បានប្រកាស​អំពី​ការបណ្តេញ​ចេញពី​ការងារ និង​ការព្យួរ​ការងារ​ជា​សារ​អេ​ឡិច​ត្រូ​និ​ច​ទៅគ្រប់​បុគ្គលិក​ទាំងអស់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយបាន​និយាយថា​៖ «​នៅថ្ងៃនេះ VOA បាន​បណ្តេញ​បុគ្គលិក​ម្នាក់​ផ្នែក​សេវា​ភាសា​ចិន​កុក​ងឺ​ពី​ការងារ និង​បាន​ព្យួរការងារ​បុគ្គលិក​ម្នា​ក់ទៀត​»​។​
 
​បុគ្គលិក​ផ្នែក​សេវា​ភាសា​ចិន​កុក​ងឺ​ពីរ​នាក់​ផ្សេងទៀត​កំពុង​រង់ចាំ​ការសម្រេច​ពី​ខា​សហជីព​តំណាង​ឲ្យ​បុគ្គលិក​រដ្ឋាភិបាល ថា​តើ​ត្រូវដាក់​ពិន័យ​ក្នុង​កម្រិតណា​។ ចំណែកឯ​បុគ្គលិក​ទី​៥​បាន​ត្រឡប់​ចូលធ្វើការ​វិញ​ភ្លាមៗ​បន្ទាប់ពី​ហេតុការណ៍​នោះបាន​កើតឡើង​។ VOA សេវា​ភាសា​ចិន​កុក​ងឺ​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ប្រទេស​ចិន​៤០​លាន​នាក់​ជា​រៀងរាល់​សប្តាហ៍​។​
 
​លោកស្រី Bennett បដិសេធ​មិន​បង្ហាញ​អត្តសញ្ញាណ​របស់​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ ដោយ​លោកស្រី​បាន​ថ្លែងថា នេះ​គឺជា​បញ្ហា​បុគ្គលិក​។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ប្រធាន​គ្រប់គ្រង​សេវា​ភាសា​ចិន​កុក​ងឺ អ្នកស្រី Sasha Gong ដែល​ត្រូវបាន​ព្យួរការងារ​យូរ​មកហើយ​នោះបាន​បញ្ជាក់ថា អ្នកស្រី​ត្រូវបាន​បណ្តេញ​ចេញពី​ការងារ ហើយ​ប្រធាន​គ្រប់គ្រង​ម្នាក់ទៀត​គឺ​លោក Huchen Zhang បាន​បញ្ជាក់ថា ត្រូវបាន​ព្យួរការងារ​។​
 
​តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច​ដែល​លោកស្រី Amanda Bennett ផ្ញើរ​ទៅ​បុគ្គលិក VOA លោកស្រី​បានសរសេរថា ការសម្រេច​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ការស៊ើបអង្កេត​ទាំង​៤​ដាច់ដោយឡែក​ពីគ្នា​បាន​និង​សន្និដ្ឋានថា ការបញ្ឈប់​ការផ្សាយ​ផ្ទាល់​នៃ​បទសម្ភាសន៍​ខាងលើ​គឺជា​កិច្ចខិតខំ​របស់ VOA ដើម្បី​ពង្រឹង​ស្តង់ដារ​ព័ត៌មាន​ដែលមាន​ពីមុនមក​៕​

© រក្សាសិទ្ធិដោយ thmeythmey.com