កីឡាជាតិ
ជាតិ
អត្ត​ព​លិ​កជាង​១​ម៉ឺន​នាក់​មកពី​៧៨​ប្រទេស ចូលរួម​រត់​ដើម្បី​មនុស្សធម៌​នៅ​អង្គរវត្ត​
02, Dec 2018 , 10:21 am        
រូបភាព
ដោយ:
​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​ជាង​១​ម៉ឺន​នាក់​បាន​ចូលរួម​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ ដើម្បី​មនុស្សធម៌ នៅ​បរិវេណ​រមណីយដ្ឋាន​អង្គរ​ក្នុង​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។ លោក វ៉ា​ត់ ចំរើន ចាត់ទុក​ឆ្នាំនេះ ជា​ឆ្នាំ​ជោគជ័យ​ក្នុងការ​បំបែក​កំណត់ត្រា​ឆ្នាំ​ចាស់​ជាមួយ​កំណើត​២០​ភាគរយ​។ អត្ត​ពលិកម​ក​ពី​ចក្រភព​អង់គ្លេស ស្ថិតនៅ​លំដាប់​ទី​១​ក្នុង​តារាង​មាន​អ្នកចូលរួម​ច្រើនជាងគេ ដែល​តាម​ពីក្រោយ​ជា​បន្តបន្ទាប់​ដោយ​អាមេរិក និង​បារាំង​។ 

 
​ព្រលឹម​ស្រាងៗ​កីឡាករ​ជាតិ​និង​អន្តរជាតិ​អមដោយ​ស្លាក​លេខ​សំគាល់​យ៉ាងច្រើន​កុះករ​បានមក​ជួបជុំគ្នា​នៅមុខ​បរិវេណ​អង្គរតូច ដើម្បី​ត្រៀមខ្លួន​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ លើ​វិញ្ញាសា​រៀងៗ​ខ្លួន​។ អត្ត​ព​លិ​ក​ខ្លះ​ធ្វើដំណើរ​ដោយ​រថយន្ត ម៉ូតូ និង​រ៉ឺម៉ក​កង់​បី តែ​ភាគច្រើន​តាមរយៈ​ថ្មើរជើង ដើម្បី​ជាការ​កម្តៅ​សាច់ដុំ​មុន​ការប្រកួត​។​
 
 
​ស្នូរ​កាំភ្លើង​បញ្ជា​ចេញដំណើរ​បាន​បន្លឺឡើង​ជា​បន្តបន្ទាប់ ក្នុងនោះ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ លោក ថោង ខុន បញ្ជា​ចេញដំណើរ​លើ​ចម្ងាយ​២១​គីឡូម៉ែត្រ ខណៈ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​បញ្ជា​លើ​១០​គីឡូម៉ែត្រ និង​លោក ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​លើ​ចម្ងាយ​៣​គីឡូម៉ែត្រ​។    
 
​សម្រាប់​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ឆ្នាំនេះ បាន​ទាក់ទាញ​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​ជាង​១០,៥០០​នាក់​ចូលរួម មានការ​កើនឡើង​ប្រមាណ​១៥​ភាគ​បើ​ធៀប​នឹង​ឆ្នាំមុន​មាន​ចំនួន​ប្រមាណ​ជាង​១​ម៉ឺន​នាក់​តិចតួច​។ ចំណែក​អត្ត​ព​លិ​ក​បរទេស​មាន​ប្រមាណ​ជាង​៥​ពាន់​នាក់ ដែល​កើនឡើង​ប្រមាណ​២០​ភាគរយ​។ អត្ត​ព​លិ​ក​ទាំងនេះ​មកពី​៧៨​ប្រទេស ខណៈ​អត្ត​ព​លិ​ក​អង់គ្លេស​ចូលរួម​ច្រើនជាងគេ ដែល​ឈរ​ពីក្រោយ​ជា​បន្តបន្ទាប់​ដោយ​អាមេរិក បារាំង អូស្ត្រាលី ជប៉ុន និង​ចិន​ជាដើម​។ 
 
​កំណើត​២០​ភាគរយ​នេះ ត្រូវបាន​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ចាត់ទុកជា​ឆ្នាំ​ជោគជ័យ សម្រាប់​ព្រឹត្តិការណ៍​ដែល​បាន​ដំណើរការ​អស់​រយៈពេល​២៣​ឆ្នាំ​មួយ​នេះ​។ «​ជា​យុទ្ធសាស្ត្រ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​នេះ ទាំង​ក្រសួងទេសចរណ៍ ក៏ដូចជា NOCC ក្រោម​ការចង្អុលបង្ហាញ​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន ធ្វើ​ឲ្យ​ការប្រកួត​នេះ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​។ ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ​យើង​ទទួលបាន​កំណើត​ពី​១៥​ភាគរយ​ទៅ​២០​ភាគរយ ហើយ​កើនឡើង​ពី​៣០០​នាក់​ពេល​រៀបចំ​លើកដំបូង​នៅ​ឆ្នាំ​១៩៩៦ រហូតដល់​រាប់ម៉ឺន​នាក់​»​។ ការលើកឡើង​របស់លោក វ៉ា​ត់ ចំរើន​។​
 
 
​ដើម្បី​រក្សា​សុវត្ថិភាព ជួយ​សម្រួល​ដល់​ការរត់​របស់​អត្ត​ព​លិ​ក និង​បង្កើន​គុណភាព​នៃ​ការរៀបចំ​គណៈកម្មការ​រៀបចំ​បាន​បិទផ្លូវ​ទាំងស្រុង​មិន​ឲ្យ​ធ្វើដំណើរ​មួយចំនួន​នៅ​បរិវេណ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​ផងដែរ​។ ហើយ​ផ្លូវ​ទាំងនេះ ត្រូវបាន​បើក​ឲ្យ​ដំណើរការ​វិញ​បន្ទាប់ពី​ចប់​នៃ​ការរត់​ចម្ងាយ​២១​គីឡូម៉ែត្រ​។  
 
​ពាក់ព័ន្ធ​នឹង​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ គឺធ្វើឡើង​ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​ដល់​ជនពិការ​ដោយសារ​គ្រាប់មីន មន្ទីរពេទ្យ​គន្ធបុប្ផា និង​អង្គការ​សប្បុរសធម៌​នានា​នៅ​កម្ពុជា​។ លើសពីនេះ ដើម្បី​ការពារ​បរិស្ថាន​នៅ​បរិវេណ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​នានា​នៅ​ខេត្តសៀមរាប​។ ព្រឹត្តិការណ៍​នេះ ក៏បាន​រួមចំណែក​ជួយ​រក​ចំណូល​ជូន​រដ្ឋ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ផងដែរ​៕  
 

Tag:
 ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com