ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហេង សំរិន​៖ ចលនា​២​ធ្នូ មិន​ត្រឹម​បង្ហាញ​ពី​ការលះបង់ និង​ស្នេហា​ជាតិ​ទេ ប៉ុន្តែ​ជា​កញ្ចក់ សម្រាប់​កម្ពុជា​កុំ​ឲ្យ​ធ្លាក់​ក្នុង​សង្គ្រាម​ទៀត​
02, Dec 2018 , 11:10 am        
រូបភាព
រូបភាពពីហ្វេសប៊ុក សម្តេច ហេង សំរិន
រូបភាពពីហ្វេសប៊ុក សម្តេច ហេង សំរិន
​ក្រចេះ​៖ រដ្ឋាភិបាល បាន​ប្រារព្ធខួប​លើក​ទី​៤០​ឆ្នាំ នៃ​ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ២ ធ្នូ (១៩៧៨ -២០១៨) នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ នា​ព្រឹក​នេះ​។ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដែលជា​ឥស្សរជន​ម្នាក់ ក្នុងចំណោម​ឥស្សរជន​សំខាន់​ផ្សេងៗ​ទៀត បាន​ថ្លែងថា ចលនា​២​ធ្នូ មិន​ត្រឹម​បង្ហាញ​ពី​ការលះបង់ ពលី​កម្ម តស៊ូ និង​ស្នេហា​ជាតិ​ទេ ប៉ុន្តែ​ជា​កញ្ចក់ សម្រាប់​កម្ពុជា​កុំ​ឲ្យ​ធ្លាក់​ក្នុង​សង្គ្រាម​ទៀត​។​




​ពី​កន្លែង​ស្ដូប​ប្រារព្ធ​ខួប​ចលនា​រណសិរ្ស ២​ធ្នូ នេះ សម្ដេច ហេង សំរិន បាន​និយាយថា ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​នេះ គឺជា​ស្មារតី​រំឭក​ការចងចាំ​នូវ​គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម​របស់​វីរ​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​វីរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​លះបង់​ជីវិត ក្នុង​បុព្វហេតុ​ប្រយុទ្ធ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត នៅ​ថ្ងៃទី​៧ មករា ១៩៧៩​។​
 
​សម្តេច ហេង សំរិន បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​បាន​កសាង​អភិវឌ្ឍន៍​កម្ពុជា​ពី​បាតដៃ​ទទេ​។ ដៃ​ម្ខាង​កសាង​ជាតិ ដៃ​ម្ខាង​ការពារ​កុំ​ឲ្យ​របប​ប្រល័យពូជសាសន៍​វិលត្រឡប់​មកវិញ​។ កម្ពុជា​ដ៏​ក្រីក្រ​បំផុត ថែមទាំង​ត្រូវ​ទទួលរង​នូវ​ការហ៊ុមព័ទ្ធ ទាំង​ខាង​នយោបាយ និង សេដ្ឋកិច្ច​យ៉ាង​អយុត្តិធម៌​ថែមទៀត​ពី​សំណាក់​ប្រទេសមួយ​ចំនួន​ដែល​ប៉ុនប៉ង​កម្ចាត់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ទៀត »​។​
  
 
​ថ្លែង​បែបនេះហើយ ប្រធានរដ្ឋសភា ក៏​មិន​ភ្លេច​ពី​ការ​រំឭក​ដល់​គុណសម្បត្តិ​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែរ​។ សម្រាប់​ទស្សនៈ​របស់​ស​ម្ដេច ហេង សំរិន យល់ឃើញថា ស្មារតី​២​ធ្នូ និង​ស្មារតី​៧​មករា គឺ​ចារិក​ជាប់​ក្នុង​មនសិការ​របស់​ប្រជាជន​ខ្មែរ ហើយ​បានប្រែក្លាយ​ទៅជា​កម្លាំង​មួយ ក្នុងការ​បង្កើតឡើង​នូវ​សម​ទ្ធិ​ផល​ធំៗ​នៃ​សង្គមជាតិ​។​
 
«​ទម្រាំ​មាន​ថ្ងៃនេះ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​បុព្វហេតុ​ជាតិ​និង​ប្រជាជន​។ យើង​បាន​យកអាយុ​ជីវិត​ប្តូរ​នឹង​សេចក្តីសុខ​របស់​ប្រជាជន​និង​ការរីកចម្រើន​ប្រទេសជាតិ​។​កម្ពុជា​កំពុង​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច គឺ​ពី​ប្រទេស​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​តាមបែប​យថាផល ទៅជា​កសិឧស្សាហកម្ម ឧស្សាហកម្ម និង​សេវាកម្ម​។ កម្ពុជា បានប្រែក្លាយ​ពី​ប្រទេស​មាន​ចំណូល​ទាប ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម កម្រិត​ទាប ហើយ​កំពុង​បន្តធ្វើ​ដំណើរ​ឆ្ពោះ​ទៅជា ប្រទេស​មាន​ចំណូល​មធ្យម កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ »​។ នេះ​ជាការ​លើកឡើង​របស់​ប្រធានរដ្ឋសភា​។​
 
​នៅ​ឆ្នាំ​១៩៧៨ នៅ​ភូមិភាគ​បូព៌ា​សម​មិត្ត ហេង សំរិន ជា​មេបញ្ជាការ​កងពលធំ​លេខ​៤ បាន​ដឹកនាំ​កុបកម្ម​មួយ​ប្រឆាំងនឹង​ខ្មែរក្រហម​។ ពួក​កុបករ​ទាំងអស់​បាច​ខិតប័ណ្ណ​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​ទាំងអស់គ្នា​ក្រោក​ឡើង​រួម​សាមគ្គី​ជា​កម្លាំង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ប្រល័យពូជសាសន៍​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ 
  
 
​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ មហាសន្និបាត​របស់​អ្នកស្នេហាជាតិ​គ្រប់​តំបន់​បានធ្វើ​ឡើង​នៅ​មូលដ្ឋាន​រំដោះ​។ មហាសន្និបាត​បានសម្រេច​ជា​ឯកច្ឆន្ទ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​បោះឆ្នោត​ជ្រើសតាំង​គណកម្មាធិកា​រម​ជ្ឈិ​ម​រណសិរ្ស​ដែលមាន​សមាជិក ១៤​រូប ក្នុងនោះ​សម​មិត្ត ហេង សំរិន ជា​ប្រធាន​។​
 
​ចលនា​រណសិរ្ស​២​ធ្នូ​នេះ បាន​រំដោះ ប្រជាជន​និង​ប្រទេស​កម្ពុជា ចេញពី​រណ្តៅ​មរណៈ​នៃ​របប​ប៉ុលពត ដោយ​ជោគជ័យ​នា​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ ។ ពិធី​ប្រារព្ធ​ខូ​ប​៤០​ឆ្នាំ​ថ្ងៃ​បង្កើត​រណសិរ្ស បានរៀបចំ​ធ្វើឡើង​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ជាទី​កន្លែង​នៃ​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ២ ធ្នូ ១៩៧៨៕
 


Tag:
 ហេង សំរិន​
  រណ​សិ​រ្យ ២ ធ្នូ​
  ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com