យុទ្ធនាការទ្រង់ទ្រាយធំទូទាំងពិភពលោកដើម្បីជំរុញការកាត់បន្ថយបរិមាណឧស្ម័នកាបូនឌីអុកស៊ីតមិនបានអនុវត្តទៅដោយរលូនតាមការគ្រោងទុកឡើយ។ ផ្ទុយទៅវិញបរិមាណឧស្ម័នពុលនេះបន្តកើនឡើងថែមទៀត។ នេះគឺជាការបញ្ជាក់របស់អង្គការសហប្រជាជាតិ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស BBC កាលពីថ្ងែទី២៨ខែវិច្ឆិកា ទិន្នន័យអង្គការសហប្រជាជាតិបញ្ជាក់ថា កំណើននៃបរិមាណឧស្ម័នផ្ទះកញ្ចក់នេះកើតឡើងចំពេលដែលតម្រូវការរបស់មនុស្សក្នុងវិស័យសំណង់ យានយន្ត ការកាប់បំផ្លាញព្រៃឈើ និងថាមពលអគ្គីសនីផលិតមកពីផូស៊ីលឥន្ធនៈមានការកើនឡើង។
ក្នុងរយៈពេលប្រាំបួនឆ្នាំចុងក្រោយ អង្គការសហប្រជាជាតិបានចេញវិធានការក្នុងការទប់ស្កាត់ការកើនឡើងនៃបរិមាណឧស្ម័នផ្ទះកញ្ចក់ដើម្បីទប់ស្កាត់ការកើនឡើងនៃសីតុណ្ហភាពភពផែនដី ដើម្បីធានាឲ្យមានភាពសមស្របសម្រាប់ការរស់នៅរបស់មនុស្ស សត្វ និងរុក្ខជាតិ។
វិធានការនេះបានតម្រូវឲ្យប្រទេសធំៗមួយចំនួនរកវិធីសាស្ត្រក្នុងការទប់ស្កាត់ការបំភាយឧស្ម័នកាបូនឌីអុកស៊ីតរៀងៗខ្លួន។ បើទោះបីជាការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ដែលបានរៀបរាប់ខាងលើមានត្រឹមតែ១.២% ក៏ដោយ វាក៏នៅតែបង្ហាញពីភាពយឺតយ៉ាវរបស់ប្រទេសទាំងនោះក្នុងការអនុវត្តវិធានការទប់ស្កាត់កំណើនឧស្ម័នពុលនេះ។
យោងតាមទស្សនវិស័យដែលបានកំណត់ដោយអង្គការសហប្រជាជាតិ គេសង្ឃឹមថាក្នុងឆ្នាំ២០៣០ បរិមាណកាបូនឌីអុកស៊ីតក្នុងបរិយាកាយទាក់ចុះរហូតដល់ ៥៥% ធៀបនឹងកម្រិតបច្ចុប្បន្ន។
លោក Gunner Luderer ដែលជាអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានបរិស្ថានទីក្រុង Potsdam ប្រទេសអាល្លឺម៉ង់បាននិយាយថា៖ «វានៅតែមានគម្លាតរវាងការសន្យា និងការអនុវត្តវិធានការទប់ស្កាត់ប្រទេសនីមួយៗក្នុងការសម្រេចគោលដៅដ៏សំខាន់មួយនេះឲ្យបានទាន់ពេលវេលា»។
អ្នកវិទ្យាសាស្ត្របានសន្មត់ថា កំដៅភពផែនដីនឹងអាចកើនឡើងដល់ ៣,២ អង្សាទៀតឯណោះត្រឹមឆ្នាំ ២១០០ បើសិនជាការអនុវត្ត វិធានការដែលមានចែងទាំងអស់ជុំវិញការបន្ថយបរិមាណឧស្ម័នកាបូនឌីអុកស៊ីតមិនសម្រេចបានតាមការគ្រោងទុក។ ប្រទេសដែលមិនបានអនុវត្តតាមការគ្រោងទុកនោះមានដូចជាអាហ្សង់ទីន អូស្ត្រាសី កូរ៉េខាងត្បូង អាមេរិក អារ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង និងបណ្តាប្រទេសមួយចំនួនទៀតនៅតំបន់អឺរ៉ុប។
ទោះបីជាយ៉ាងនេះក្តី អង្គការសហប្រជាជាតិនៅតែមានសុទិដ្ឋិនិយមចំពោះសហគមន៍ និងទីក្រុងតូចៗ រួមទាំងវិទ្យាសា្ថនអប់រំមួយចំនួនដែលបានបន្តជួយជំរុញការទប់ស្កាត់ការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់នេះ ដ្បិតថាស្ថាប័នទាំងនោះក៏មានតួនាទីសំខាន់៕