អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រា​យុទ្ធ ប្រតិកម្ម​ខ្លាំង ក្រោយ​មានការ​ចោទប្រកាន់ថា​លោក​ពាក់ព័ន្ធ​ការបែងចែក​មណ្ឌលបោះឆ្នោត​
02, Dec 2018 , 2:15 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រមុខ​របប​សឹក​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​សម្តែង​ការខឹង​សម្បារ​ខ្លាំង​ទៅនឹង​សារព័ត៌មាន និង​បក្សនយោបាយ​មួយចំនួន ដែលមាន​ចេតនា​ចោទប្រកាន់ថា លោក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការងារ​បែងចែក​មណ្ឌល​បោះឆ្នោត​មុន​ការបោះឆ្នោត​មកដល់​នៅ​ឆ្នាំ ២០១៩ ខាងមុខ​។​


​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃ​៣០ ខែវិច្ឆិកា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​យុទ្ធសាស្ត្រ​ជាតិ នៅ​ទី​ស្តី​គណៈរដ្ឋមន្ត្រី ដោយ​ផ្តោតលើ​ការងារ​សម្រាប់​ការបោះឆ្នោត ជាពិសេស​នោះ​លើ​វិធានការ​សម្រាប់​ឆ្លើយតប​នឹង​បណ្តឹង​នានា​នៃ​ការបែងចែក​មណ្ឌលបោះឆ្នោត​។ នេះ​បើ​យោងតាម​ផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក The Nation ។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ អំឡុងពេល​នៃ​កិច្ចប្រជុំ លោកនាយក​រដ្ឋមន្ត្រី​ខឹងច្រឡោត​តោតតូង ប្រើពាក្យ​មិន​គប្បី ដោយ​ប្រតិកម្ម​ទៅនឹង​ការ​ចោទសួរ​ដដែលៗ​របស់​សារព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការបែងចែក​មណ្ឌលបោះឆ្នោត ជាពិសេស​ការចោទប្រកាន់​របស់​អ្នកនយោបាយ ដែលថា លោក នៅ​ពីក្រោយ​នៃ​ការបែងចែក​មណ្ឌលបោះឆ្នោត​។​
 
​លោក ប្រា​យុទ្ធ បាន​អះអាងថា នាយករដ្ឋមន្ត្រី គ្មាន​ការងារ​អ្វី​ទៅ​ចេះដឹង​រឿង​បែងចែក​មណ្ឌល​អ្វី​នោះទេ​។ លោក ថ្លែង​បែបនេះ​រួចហើយ ក៏​បន្ត​ប្រតិកម្ម​ទៅនឹង​អ្នកនយោបាយ ដែល​បាន​ចោទថា អ្នក​កំពុងតែ​កាន់អំណាច បាន​នៅ​ពីក្រោយ​ក្នុង​ការរៀបចំ​មណ្ឌលបោះឆ្នោត​តាម​សំឡេង​របស់​បក្ស​ដែលមាន​និន្នាការ​មករក​របប​សឹក​។ 
 
​លោកនាយក​រដ្ឋមន្ត្រី បាន​បកស្រាយ​ថា ការបែងចែក​មណ្ឌលបោះឆ្នោត​អាស្រ័យទៅលើ​អ្នកបោះឆ្នោត​នោះទេ ពោលគឺ​ទោះបី​មណ្ឌល​ត្រូវបាន​បែងចែក​របៀប​ណាក៏ដោយ ប្រសិន​ពួកគេ មិន​បោះ​ឲ្យ​អ្នកណា នោះ​អ្នកនោះ ក៏​មិន​ទទួលបាន​ការជ្រើសរើស​ឡើយ​។ លោក ក៏​សង្កត់ធ្ងន់​ផងដែរ លោក មិន​កាន់ជើង​ខាង​ណា​ឡើយ ហើយ​រឹតតែ​មិនបាន​បញ្ជា​ឲ្យ​អ្នកណា​ធ្វើ​អ្វី​ឡើយ​។​
 
​គួរ​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃ​៣០ វិច្ឆិកា​ដដែល​នោះ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ បានបញ្ចប់​ការបែងចែក​មណ្ឌល​សម្រាប់​ការបោះឆ្នោត ដែល​នឹង​ប្រព្រឹត្ត​នៅ​ដើមឆ្នាំ​២០១៩​ខាងមុខនេះ​។ រឿង​ចំនួន​នៃ​ការបែងចែក​មណ្ឌល​ប៉ុន្មាន​នោះ នឹងត្រូវ​ចុះផ្សាយ​តាម​រាជការ​កិច្ច​តាម​ក្រោយ​។ ក៏ប៉ុន្តែ​ខណៈដែល​រាជកិច្ច​មិនទាន់​ចុះផ្សាយ​ផង​នោះ បក្សនយោបាយ​ថៃ បានចាប់ផ្តើម​ជជែក និង​ចោទប្រកាន់​របប​សឹក​ជា​បណ្តើ​រថា ជា​អ្នក​នៅ​ពីក្រោយ​នៃ​បែងចែក​នេះ ដ្បិត​ក្នុងការ​បោះឆ្នោត​ខាង​នេះ ក៏មាន​បក្ស​មាន​ទំនោរ​ទៅរក​របប​សឹក ចូលរួម​ផងដែរ​៕ 
 

Tag:
 ​ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com